ជាតិ
បទសម្ភាសន៍
ពលរដ្ឋប្រមាណ២ពាន់នាក់គ្រោងចូលរួមរើសសំរាមអបអរទិវាបុណ្យទន្លេសាបរដូវទឹកសម្រក លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី
× សៀមរាប៖ អង្គការមូលនិធិទំពាំងស្នងឫស្សី ក្រោមកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប គ្រោងរៀបចំពិធីអបអរទិវាបុណ្យទន្លេសាបរដូវទឹកសម្រកឆ្នាំទី៣ នៅតាមសហគមន៍បឹងទន្លេសាប ដែលទិវានេះគ្រោងមានអ្នកចូលរួមប្រមាណ២ពាន់នាក់។ ទិវានេះ ធ្វើឡើងដើម្បីបំផុសឱ្យសហគមន៍យល់ដឹងកាន់តែខ្លាំងលើបញ្ហាអនាម័យ ពិសេសចេះគ្រប់គ្រងសំរាម និងផលប៉ះពាល់ដល់ការរស់នៅ ក៏ដូចជាការបំផ្លាញប្រព័ន្ធជីវចម្រុះ ដែលបណ្ដាលមកពីការចោលសំរាមក្នុងទឹកបឹងទន្លេសាប។
ព័ត៌មានពិស្ដារ សូមទស្សនាបទសម្ភាសជាវីដេអូ រវាងអ្នកសារព័ត៌មានថ្មីៗជាមួយលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី នឹងលម្អិតពីកម្មវិធីទាំងមូលនៃការប្រារព្ធទិវាខាងលើដូចតទៅ
ទិវាបុណ្យទន្លេសាបរដូវទឹកសម្រកនៅឆ្នាំនេះ គឺធ្វើដំណាលគ្នាជាមួយទិវាអនាម័យជាតិ ២៣ វិច្ឆិកា ដែលផ្តោតជាសំខាន់លើបញ្ហាអនាម័យ ក្រោមប្រធានបទ «យើងស្អាត សហគមន៍យើងស្អាត ទន្លសាបស្អាត ដោយគ្មានប្លាស្ទិក»។ កម្មវិធីនៅឆ្នាំនេះ នឹងធ្វើនៅតាមសហគមន៍ជាប់បឹងទន្លេសាប គឺចាប់ពីកំពង់ឃ្លាំង (ស្រុកសូទ្រនិគម) កំពង់ភ្លុក (ស្រុកប្រាសាទបាគង) ចុងឃ្នៀស ស្ទឹងសៀមរាប (ក្រុងសៀមរាប) និងតំបន់មេជ្រៃ (ស្រុកពួក)។ សហគមន៍នីមួយៗ នឹងរៀបចំអបអរពិធីដោយឡែកពីគ្នា និងមានប្រជាពលរដ្ឋ អាជ្ញាធរចូលរួមរើសសំរាម ដោយអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនាអំឡុងជំងឺកូវីដ១៩នេះ។
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល ឱ្យដឹងថា កម្មវិធីធំនៅឆ្នាំនេះធ្វើឡើងនៅឃុំកំពង់ឃ្លាំង ដោយសារទីនោះមានសហគមន៍ធំជាងគេ បន្ទាប់មកនឹងធ្វើជាបន្តបន្ទាប់រហូតដល់តំបន់មេជ្រៃ។ លោកបន្តថា នេះជាកម្មវិធីប្រចាំឆ្នាំរបស់អង្គការលោកដែលសហការជាមួយអាជ្ញាធរខេត្ត បំណងអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីបញ្ហាសំរាម ក៏ដូចជាស្វែងរកដំណោះស្រាយនានាក្នុងការគ្រប់គ្រងសំរាម។
លើសពីនេះ បើតាមការបញ្ជាក់ពីលោក ស៊ា សុផល ក្នុងបំណងដូចគ្នានេះដែរ អង្គការរបស់លោកបានបង្កើតគម្រោងដាច់ដោយឡែកមួយទៀតឈ្មោះថា Rice for Plastic។ គឺជាគម្រោងលើកកម្ពស់ជីវភាពសហគមន៍នៅតំបន់បឹងទន្លេសាប។ ក្រុមយុវជនស្ម័គ្រចិត្តនឹងចុះអប់រំប្រជាពលរដ្ឋស្ថិតនៅតំបន់គោលដៅ ណែនាំពួកគេឱ្យទុកដាក់សំរាមក្នុងការ៉ុងប្លាស្ទិកដែលអង្គការរៀបចំ ប្រសិនណាពិនិត្យឃើញថា គ្រួសារណាប្រមូលសំរាមប្លាស្ទិកដាក់ក្នុងការ៉ុងបានត្រឹមត្រូវ ពួកគេនឹងទទួលបានការលើកទឹកចិត្តជាអង្ករ ៥គីឡូក្រាម។ តាមការបញ្ជាក់ពីលោក ស៊ា សុផល គ្រួសារនីមួយៗ នឹងទទួលបានអង្ករ ៥គីឡូក្រាមទៀតជារៀងរាល់ខែបន្ថែមទៀត ប្រសិនបើពួកគេប្រមូលសំរាមបរិស្ថាន (សំរាមក្រៅពីការប្រើប្រាស់ក្នុងផ្ទះ ដែលអណ្ដែតលើទឹក) និងទទួលបានថវិកា ១ម៉ឺនរៀល ប្រសិនបើគ្រួសារណាចេះកែច្នៃសម្ភារវេចខ្ជប់ប្លាស្ទិក ដូចជាស្បៃមោងជាដើម៕
Tag:
ទិវាបុណ្យទន្លេសាប
ទន្លេសាប
អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com