COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ឡាវ ប្រកាស​កាត់បន្ថយ​គម្រោង​មិនចាំបាច់​ដើម្បី​បញ្ចៀស​ការធ្លាក់​ចូល​បំណុល​មិនអាច​គ្រប់គ្រង​បាន​
08, Nov 2020 , 10:59 pm        
រូបភាព
រូបភាព៖The star
រូបភាព៖The star
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បានប្រកាស​កាត់បន្ថយ​ការចំណាយ​ថវិការដ្ឋ​ទៅលើ​គម្រោង​វិនិយោគ​ទាំងឡាយណា ដែល​មិន​បន្ទាន់ និង​មិនចាំបាច់​។ សេចក្តីសម្រេចចិត្ត​ក្នុងការ​កាត់បន្ថយ​គម្រោង​វិនិយោគ​នេះ គឺជា​ផ្នែក​មួយ​នៃ​ផលប៉ះពាល់​បណ្តាលមកពី​វិបត្តិ Covid-19 ហើយក៏​ជា​វិធានការ​ឆ្លើយតប​ជា​បណ្តោះអាសន្ន​របស់​រដ្ឋា​ភិ​បាល ដើម្បី​បញ្ចៀស​ការធ្លាក់​ចូលក្នុង​បំណុល​កាន់តែ​ធ្ងន់​ផងដែរ​។​

 
​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ផែនការ និង​វិនិយោគ​ឡាវ លោក សូ​នី​សាយ ស៊ី​ផាន​ដន (Sonexay Siphandone) នាពេល​ថ្មីៗ​នេះ បានការ​ពារ​ផែនការ​របស់​រដ្ឋាភិបាល​ឡាវ​ចំពោះមុខ​សភាជាតិ​របស់ខ្លួន​ស្តីពី​គម្រោង​អាទិភាព​របស់​រដ្ឋាភិបាល​ក្នុងដំណាក់កាល​នៃ​វិបត្តិ Covid-19 ក៏ដូចជា​ដំណាក់កាល​នៃ​ឱនភាព​សេដ្ឋកិច្ចជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vientiane Times នៅ​ថ្ងៃ​៦ វិច្ឆិកា​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០២១ រដ្ឋាភិបាល​ឡាវ នឹង​កាត់​តម្រឹម​គម្រោង​ថ្មី និង​មិនចាំបាច់​ជាច្រើន ដើម្បី​ជា​ផ្នែក​មួយ​ក្នុងការ​ការពារ​ការជាប់​បំណុល​មិនអាច​គ្រប់គ្រង​បាន និង​ដើម្បី​ជួយ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ហិរញ្ញវត្ថុ ដែល​រដ្ឋាភិបាល​កំពុង​តែ​ជួប​ដូចគ្នា​ផងដែរ ។ 
 
​តំណាង​ជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ​រូបនេះ បាន​អះអាងថា គម្រោង​វិនិយោគ​ថ្មី​ដែល​រដ្ឋាភិបាល យកមកអនុវត្ត​ត្រូវតែ​ជា​ប្រភេទ​គម្រោង​ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍន៍​បច្ចេក​វិទ្យា ការអភិវឌ្ឍន៍​ជំនាញ​កម្មករ ការលើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការអភិវឌ្ឍន៍​ការនាំចេញ​ផលិតផល​កសិកម្ម​ថ្មី​ប៉ុណ្ណោះ​។​
 
​ដើម្បី​ធានា​ឲ្យ​ពី​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​គម្រោង​វិនិយោគ​ថ្មីៗ​របស់​រដ្ឋាភិបាល លោក​ឧបនាយករដ្ឋមន្ត្រី​រូបនេះ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល បាន​ណែនាំ​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋាភិបាល​ទាំងអស់​ត្រូវតែ​អនុវត្ត​តាមច្បាប់ ហើយ​រាល់​គម្រោង​អភិវឌ្ឍន៍​ដែល​ទ្រទ្រង់​ដោយ​មូលនិធិ​រដ្ឋ​ទាំងអស់ ត្រូវតែ​ឆ្លងកាត់​នីតិវិធី​ដេញថ្លៃ​ទាំងអស់​មុនពេល ចុះកិច្ចសន្យា​។ នេះ​តាម​ប្រភពព័ត៌មាន​ដដែល​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឡាវ បាន​មាន​ពិសោធន៍​ឱនភាព​សារពើពន្ធ ដែល​បណ្តាលមកពី​ការកើនឡើង​នៃ​បន្ទុក​បំណុល ដែល​ស្ថាន​ភាពអន់ថយ​ថវិកា​នេះ បង្ខំ​ឲ្យ​រដ្ឋាភិបាល​ឡាវ ត្រូវ​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​ជាច្រើន​មុខសញ្ញា ដើម្បី​បញ្ចៀស​ប្រទេស​ពី​ការ​ធ្លាក់ចូល​ស្ថានភាព​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​។​
 
​ថ្មីៗ​នេះ រដ្ឋាភិបាល​ឡាវ ក៏បាន​ប្រកាស​ពី​ការផ្អាក​ធ្វើក​ម្ចី​ពី​បរទេស​បន្ថែមទៀត ខណៈ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៕ 

Tag:
 ឡាវ​
  បំណុល​
 Covid19
© រក្សាសិទ្ធិដោយ thmeythmey.com