កីឡាជាតិ
ជាតិ
អង្គរក្ស​ដែល​ឆ្លង​កូ​វីដ​-១៩ បាន​ទាក់​ទងផ្ទាល់ និង​ប្រយោល​ជាមួយ​មនុស្ស​៧​រូប​ក្នុង​វិស័យ​កីឡា​
08, Nov 2020 , 8:55 pm        
រូបភាព
ដោយ:
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​អះអាងថា អង្គរក្ស​កម្ពុជា​១​រូប ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បាន​ទាក់ទង​ការងារ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​មនុស្ស​៧​រូប​ក្នុង​វិស័យ​កីឡា​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រសួង សម្រេច​ផ្អាក​ការលេង​កីឡា និង​ហាត់ប្រាណ​លក្ខណៈ​ជួបជុំ និង​បិទ​ការចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​ជា​បណ្តោះអាសន្ន​។   

 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ផ្អាក​គ្រប់​សកម្មភាព​នៃ​ការលេង​កីឡា និង​ហាត់ប្រាណ​នៅតាម​ទីសាធារណៈ និង​បិទ​មិន​ឲ្យ​មានការ​ចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​បណ្តោះអាសន្ន​។ ការផ្អាក​នេះ ធ្វើឡើង​ក្រោយ​ក្រសួង​រកឃើញថា អង្គរក្ស​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បាន​ទាក់ទង​ការងារ​ផ្ទាល់ និង​ប្រយោល​ជាមួយ​មនុស្ស​៧​រូប ដែល​ធ្វើការ​ក្នុង​វិស័យ​កីឡា​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ចាក់​យ៉ាង​ដូច្នេះ​ថា​៖«​អង្គរក្ស​១​រូប​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ជា​គ្រូបង្វឹក បានមក​បង្ហាត់កីឡា​ក​រ​២​នាក់​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​បាន​ទាក់ទង​ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុគ្គលិក​៥​រូប នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​»​។ 


 
​បច្ចុប្បន្ន​អង្គរក្ស​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ចំណែក​បុគ្គលិក​៥ និង​កីឡាករ​២ ត្រូវបាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ក្រសួង​កំពុង​បន្ត​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គលិក និង​កីឡា​ករទាំង​៧​រូប​។ 
 
​គួររំលឹកថា អង្គរក្ស​ខាងលើ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពេល​លោក​ធ្វើជា​អង្គរក្ស​របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ រដ្ឋមន្ត្រីការបរទេស​រូបនេះ ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ប្រទេស​ថៃ​។ 


 
​ភ្លាមៗ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ដោយ​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី និង​មន្ត្រី​ទាំងអស់ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។ សម្តេច ហ៊ុន សែន ក៏​ស្ថិត​ក្នុងចំណោម​បុគ្គល​ទាំង​នោះដែរ​៕ 
 

   
 

Tag:
 ​កូ​វីដ​-១៩
  អង្គរក្ស​
  ហង់​ជួន ណា​រ៉ុ​ន​
  ពហុ​កីឡដ្ឋាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com