COVID-19
ជាតិ
បុរសជនជាតិខ្មែរ២នាក់មកពីជប៉ុន បានឆ្លងជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី២
09, Nov 2020 , 7:41 am        
រូបភាព
ភ្នំពេញ៖ បុរសជនជាតិខ្មែរ២នាក់ ដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន ត្រូវបានក្រសួងសុខាភិបាលរកឃើញមានផ្ទុកនូវជំងឺកូវីដ-១៩(COVID-19)ក្រោយលទ្ធផលធ្វើតេស្តលើកទី២ បង្ហាញវិជ្ជមាន។ ករណីឆ្លងថ្មីនៃជំងឺCOVID-19លើបុរសខ្មែរទាំង២ គឺបានធ្វើឱ្យកម្ពុជាកើននូវចំនួនអ្នកឆ្លងជំងឺនេះរហូតដល់ ២៩៧នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៩វិច្ឆិកានេះ។



បើអ្នកស្រីឱ វណ្ណឌីន បុរសជនជាតិខ្មែរ២នាក់ដែលឆ្លងជំងឺកូវីដ-១៩នោះ ដោយមានម្នាក់វ័យ២៩ឆ្នាំ មានអាស្រយដ្ឋាននៅភូមិរាំដេក  ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ រីឯ បុរសម្នាក់ទៀត មានវ័យ៣៨ឆ្នាំ  មានអាស្រយដ្ឋាន នៅឃុំរកាក្រៅ ក្រុងដូនពេញ ខេត្តតាកែវ។ អ្នកជំងឺកូវីដ-១៩ទាំងពីរនាក់នេះ គឺបានធ្វើដំណើរមកពីប្រទេសជប៉ុន ដោយបន្តជើងហោះហើរនៅសាធារណៈរដ្ឋកូរ៉េ ហើយមកដល់កម្ពុជា កាលពីថ្ងៃទី២៦តុលា ឆ្នាំ២០២០។  បច្ចុប្បន្ន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
 
ជាមួយនឹងគ្នានេះ អ្នកស្រីឱ វណ្ណឌីន បានបញ្ជាក់ថា តាមជើងហោះហើររបស់អ្នកជំងឺកូវីដ-១៩ទាំង២នាក់ខាងលើនេះ គឺក្រសួងសុខាភិបាលធ្លាប់រកឃើញបុរសជនជាតិខ្មែរ២នាក់ មានផ្ទុកនូវជំងឺកូវីដ-១៩នេះ ក្នុងដំណាក់កាលធ្វើតេស្តលើកទី១កន្លងមក ដោយមានម្នាក់បានជាសះស្បើយពីជំងឺនេះ និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
 
ដោយឡែក មនុស្ស៣៥នាក់ទៀតដែលធ្វើដំណើរជាមួយអ្នកមានអ្នកជំងឺកូវីដ-១៩ទាំង៤នាក់ខាងលើនោះ គឺបានធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយលទ្ធផលអវិជ្ជមានទាំងអស់គ្នា។ ប៉ុន្តែអ្នកស្រី ឱ វណ្ណឌីន បានអះអាងថាក្នុងចំណោមអ្នកទាំង៣៥នាក់នេះ មាន៧នាក់ដែលមានហានិភ័យក្នុងការឆ្លងការពីអ្នកជំងឺកូវីដ-១៩ ទាំង២នាក់ខាងលើ  ដោយតម្រូវឱ្យបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពោធិ៍តុង ដើម្បីតាមដានសុខភាព។ 
 
 គិតត្រឹមថ្ងៃទី៩វិច្ឆិកា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩៧នាក់។ ក្នុងនោះ មាន២៨៨ បានជាសះស្បើយ និង៩នាក់ទៀតកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕

© រក្សាសិទ្ធិដោយ thmeythmey.com