ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ យាង​ប្រារព្ធ​ខួប​៦៧​ឆ្នាំ នៃ​ការទទួលបាន​ឯករាជ្យ​ពី​បារាំង​
09, Nov 2020 , 10:04 am        
រូបភាព
​ភ្នំពេញ​៖ ព្រះ​កុរ​ណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ យាង​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ រួមទាំង​ពលរដ្ឋ នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា​នេះ​។​





​ក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី​៦៧​ឆ្នាំនេះ មានការ​ចូល​ពី​ថ្នាក់ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន និង​បណ្ដា​អង្គទូត​នានា​ប្រចាំ​កម្ពុជា ។ ប៉ុន្តែ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អវត្តមាន​ក្នុង​កម្មវិធី​ប្រារព្ធ​ខួប​នេះ ដោយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​ពិនិត្យ​សុខភាព ដើម្បី​ធ្វើតេស្តរ​កកូ​វីដ​-១៩ ក្រោយ​ជួប​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​លោក Peter Szijjarto ដែលមាន​ផ្ទុក​ជំងឺ​នេះ​។​
  





​ក្រៅពី​ប្រមុខ​រដ្ឋាភិបាល​អវត្តមាន ក្នុង​កម្មវិធី​នេះ ក៏មាន​រដ្ឋមន្ត្រី​តាម​ក្រសួង​មួយចំនួន​មិនបាន​ចូលរួម​ដែរ ដូចជា​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ,  លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ជាដើម​។​
 
​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ និង​ខួប​លើក​ទី​៦៧ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​សម្តេច​ព្រះវររាជ​បិតា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​អាណាព្យាបាល​បារាំង​។​
 
​តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​នោះ​គ្រាន់តែ​ជាគោលការណ៍​ច្បាប់​ប៉ុណ្ណោះ ដោយ​កម្ពុជា​នៅ​ខ្វះ​ឯករាជ្យ​ជាច្រើន​វិស័យ​ដូចជា អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការប្តូរ និង​ការ​ឲ្យ​ចាយ​ធនប័ត្រ ជាដើម​។​


 
​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា «​ព្រះអង្គ​នឹង​ដណ្តើមយក​ឯករាជ្យ​ទាំងស្រុង​នេះ​ដើម្បី​មាតុភូមិ​ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាងយូរបំផុត​»​។​
 
​នៅ​ថ្ងៃទី​៩ កុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​សម្រាប់​កម្ពុជា ជាមួយ​ប្រមុខរដ្ឋ​បារាំង ។​

 
​ក្រោយ​ជំនួប​ជា​បន្តបន្ទាប់ ដោយមាន​ការចូលរួម​ពី​សំណាក់​ឥស្សរជន​កំពូល​នា​សម័យ​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហនុ បាន​សន្យា​យ៉ាង​មហោឡារិក​នៅក្នុង​ព្រះ​សុន្ទរកថា​មួយនា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ថា «​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន​១០០​ភាគរយ​» ។​
 
​ឈានដល់​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ មាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង ដែល​ឧទ្ទិស​ចំពោះ​ការដកថយ​នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។​
 
​កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង​បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯករាជ្យ​របស់​ខ្មែរ​បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង​។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវបាន​បញ្ចប់​៕



Tag:
 បារាំង​
  ឯករាជ្យ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com