អន្តរជាតិ
ទោះ​លោក ត្រាំ មិនទាន់​ព្រម​ចុះចាញ់ លោក បៃ​ឌិន ដាក់ចេញ​ផែនការ​ក្រោយ​ចូលកាន់​តំណែង​
09, Nov 2020 , 11:58 am        
រូបភាព
ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត_ចូ_បៃឌិន_ថ្លែងសុន្ទរកថាកាលពីថ្ងៃទី៧
ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត_ចូ_បៃឌិន_ថ្លែងសុន្ទរកថាកាលពីថ្ងៃទី៧
ដោយ:
​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត ចូ បៃ​ឌិន បាន​បោះជំហាន​ឆ្ពោះទៅរក​ការកាន់កាប់​សេត​វិមាន ខណៈ​សល់ ៧៣​ថ្ងៃ​ទៀត មុន​ដល់ពេល​ស្បថ​ចូលកាន់​តំណែង​ផ្លូវការ​។ លោក ដូ​ណា​ល់ ត្រាំ នៅ​មិនទាន់​បង្ហាញ​ជំហរ​ដកថយ​ចុះចាញ់​ក៏ដោយ​ក្តី ហើយ​បន្ត​ដាក់​ការសង្ស័យ​លើ​លទ្ធផល​ឆ្នោត​។​

 
​ក្រោយ​ទទួលបាន​សារ​អបអរ​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​ជា​បន្តបន្ទាប់ មួយថ្ងៃ​បន្ទាប់​ការប្រកាស​ជោគជ័យ​ក្នុងការ​បោះឆ្នោត លោក បៃ​ឌិន និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត កា​ម៉ា​ឡា ហារី​ស បាន​បង្កើត​វេ​ប​សាយ​សម្រាប់​ដំណើរការ​ផ្ទេរអំណាច​មួយ ហៅថា BuildBackBetter.com ។ 
 
​វេ​ប​សាយ​ដែលមាន​អក្សរ​មួយ​ផ្ទាំង​សរសេរថា «​ស្តារ​ភាពជា​អ្នកដឹកនាំ​អាមេរិក​» នេះ ដាក់ចេញ​គោលដៅ​អាទិភាព​៤​យ៉ាង​សម្រាប់​អនាគត​រដ្ឋបាល​លោក បៃ​ឌិន ដោះស្រាយ មានដូចជា បញ្ហា​ជំងឺ​កូ​វីដ​-១៩ ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ សមធម៌​ពូជសាសន៍​និង​ពណ៌​សម្បុរ ព្រមទាំង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ 
 
«​ក្រុម​ដែល​ផ្ដុំ​ឡើង​នេះ នឹង​ទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ នៅ​ថ្ងៃ​ទីមួយ​»​។ វេ​ប​សាយ​នេះ សរសេរ​បែបនេះ ដោយ​សំដៅលើ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ នៅពេល​លោក បៃ​ឌិន នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ឡើងជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៦​។ លោក បៃ​ឌិន មាន​ផែនការ​បង្កើត​ក្រុមការងារ​មួយ​មាន​សមាជិក​១២​នាក់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ដើម្បី​ដោះស្រាយ​ជំងឺ​កូ​វីដ​-១៩ ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាង​២៣៧ ០០០​នាក់ ហើយ​ករណី​ឆ្លង​បន្ត​ហក់​ឡើង​។  
 
​ដើម្បី​ស្ដារ​ភាពជា​អ្នកដឹកនាំ​អាមេរិក​ឡើងវិញ​លើ​ឆាក​សកល អនាគត​ប្រធានាធិបតី​រូបនេះ ក៏បាន​ប្រកាស​ពី​គម្រោង​ចូល​ជា​សមាជិក​ឡើងវិញ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ដែល​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញ​ជា​ផ្លូវការ​កាល​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។ 
 
​ដូច​តាម​ការសន្យា​អំឡុងពេល​ឃោសនាបោះឆ្នោត ក្នុង​ថ្ងៃ​ទីមួយ​នៃ​ការចូល​ក្ដាប់​សេត​វិមាន​ដដែល លោក បៃ​ឌិន ក៏​នឹង​ដាក់ចេញ​បញ្ជា​ប្រតិបត្តិ​លុបចោល​បម្រាម​គោចរ​ដែល​លោក ត្រាំ ដាក់​លើ​បណ្ដា​ប្រទេស​កាន់សាសនា​ឥស្លាម​មួយចំនួនធំ ក៏ដូចជា​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត​ដែល​ដក​អាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក (WHO) ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក បៃ​ឌិន ដែល​ឈានចូល​វ័យ ៧៨​ឆ្នាំ នា​ថ្ងៃទី ២០ ខែវិច្ឆិកា​ខាងមុខ ក្លាយជា​មនុស្ស​មាន​អាយុ​ចាស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ ចំណែក អ្នកស្រី ហារី​ស បច្ចុប្បន្ន​អាយុ ៥៦​ឆ្នាំ ហើយ​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​កាលីហ្វ័រ​នី​ញា ក្លាយជា​ស្ត្រី​ដំបូង និង​ជាម​នុស្ស​ស្បែក​ខ្មៅ​កាត់​អាស៊ី​ខាងត្បូង​ទីមួយ​ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​។ 
 
​ខណៈ​លោក ត្រាំ បន្ត​បង្ហាញ​ជំហរ​មិន​ព្រម​ចុះចាញ់ ហើយ​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​ភាគច្រើន សុទ្ធតែ​នៅ​ស្ងៀម អតីត​ប្រធានាធិបតី George W Bush បាន​សាទ​លោក បៃ​ឌិន​។ លោក Bush វ័យ ៧៤​ឆ្នាំ ដែលជា​អតីត​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ នៅមាន​ជីវិត​តែមួយគត់ បានបញ្ជាក់​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ថា លោក​បាន​ហៅ​ទូរ​សព្ទ​ទៅ​លោក បៃ​ឌិន និង​អ្នកស្រី ហារី​ស ដើម្បី​បង្ហាញ​ការ​សាទរ​។ 
 
​ខណៈ​ត្រាំ មាន​សិទ្ធិ​ស្នើ​រាប់​សន្លឹកឆ្នោត​ឡើងវិញ និង​ដំណើរការ​នីតិវិធី​ច្បាប់​ប្រឆាំង​លទ្ធផល​ឆ្នោត​នេះ លោក Bush លើកឡើងថា ពលរដ្ឋ​អាមេរិក អាចមាន​ទំនុកចិត្ត​ថា ការបោះឆ្នោត​នេះ គឺ​យុត្តិធម៌​ដោយ​អនុលោម​តាម​គោលការណ៍​ត្រឹមត្រូវ ហើយ​លទ្ធផល​គឺ​ច្បាស់លាស់​ហើយ ។ 
 
«​ទោះជា​យើង​មាន​និន្នាការ​នយោបាយ​ខុសគ្នា​មែន ខ្ញុំ​ទទួលស្គាល់ថា ចូ បៃ​ឌិន ជា​បុរស​ល្អ ដែល​ឈ្នះ​ឱកាស​ដឹកនាំ​និង​បង្រួបបង្រួម​ប្រទេស​យើង​»​។ លោក Bush បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ មុននឹង​សង្កត់ធ្ងន់ថា ពលរដ្ឋ​អាមេរិក​ត្រូវ​រួបរួមគ្នា​សម្រាប់​ក្តី​សុខ​ប្រជាជាតិ និង​អនាគត​អាមេរិក​។ 
 
​ក្រៅពី​លោក Bush មានតែ​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ ២​នាក់​ប៉ុណ្ណោះ​មាន​លោក Mitt Romney និង​អ្នកស្រី Lisa Murkowski ដែល​ចេញ​សារ​អបអរ​លោក បៃ​ឌិន​។ លោក Romney ថែមទាំង​និយាយថា លោក​ត្រាំ នឹង​ព្រម​ទទួលស្គាល់​លទ្ធផល​ឆ្នោត​នៅ​ទីបំផុត​។ 
 
​លោក Lindesy Graham សម្ព័ន្ធមិត្ត​លោក ត្រាំ និង​ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ South Carolina ស្នើ​លោក ត្រាំ ប្រយុទ្ធ​បន្តទៀត​។ ប្រាប់​ទូរទស្សន៍ Fox News នៅ​ថ្ងៃអាទិត្យ លោក Gramham និយាយ​ដូច្នេះ​ថា​៖«​យើង​នឹង​ធ្វើការ​ជាមួយ​លោក បៃ​ឌិន បើ​គាត់​ឈ្នះ តែ​លោក ត្រាំ មិនទាន់​ចាញ់​ឡើយ​។ កុំ​ទាន់​ព្រម​ចុះចាញ់ លោក​ប្រធានាធិបតី​។ ប្រយុទ្ធ​ឲ្យ​ខ្លាំង​»​។​
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ លោក បៃ​ឌិន ទទួល​សំឡេងឆ្នោត​គាំទ្រ ៧៤,៦​លាន​សន្លឹក​ទល់នឹងរ​បស់​លោក​ត្រាំ ៧០,៥​លាន​សន្លឹក​។ លោក​ឈ្នះ​សំឡេង​ប្រតិភូ​រហូតដល់ ២៩០ ក្នុង​អង្គ​បោះឆ្នោត គ្រប់គ្រាន់​ធ្វើជា​ប្រធានាធិបតី​៕
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com