សង្គមអន្តរជាតិ​
អន្តរជាតិ
បោះឆ្នោត​មី​យ៉ាន់​ម៉ា​៖ លោកស្រី ស៊ូ​ជី រក្សា​តំណែង​សមាជិកសភា ខណៈ​បក្ស NLD កំពុង​នាំមុខ​
09, Nov 2020 , 2:26 pm        
រូបភាព
​មេដឹកនាំ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី រក្សា​តំណែង​សមាជិកសភា​របស់ខ្លួន​ដដែល​ក្នុងការ​បោះឆ្នោត​ទូទៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​។ នេះ​បើតាម​លទ្ធផល​ដែល​ចេញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មី​យ៉ាន់​ម៉ា​។ សន្លឹកឆ្នោត កំពុង​ត្រូវបាន​រាប់​ដោយ​គណៈកម្មការ​រៀបចំ​ការ​ឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា ហើយ​លទ្ធផល​បឋម​បង្ហាញថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) កំពុង​នាំមុខ​។​

 
 
​ការបោះឆ្នោត​ថ្នាក់ជាតិ​មី​យ៉ាន់​ម៉ា ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បានបញ្ចប់​ហើយ​។ កិច្ចការ​បន្ទាប់ គឺ​ការរាប់​សន្លឹកឆ្នោត​។ ពេលនេះ បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ កំពុងមាន​សំឡេងឆ្នោត​គាំទ្រ​នាំមុខ​បក្ស​ដទៃ និង​កាន់កាប់​កៅអី​សភា​ជា​បណ្តើរៗ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy បក្ស​កាន់អំណាច​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​កាន់កាប់​កៅអី​សភា​ជាន់​ទាប​២៥ លើ​៣១៥​កៅអី​, សភា​ជាន់ខ្ពស់​បាន​ចំនួន ១ ក្នុងចំណោម ១៦១​កៅអី​, សភា​រដ្ឋ និង​តំបន់​បាន​៤៥ ក្នុងចំណោម ៦១៥​កៅអី ខណៈពេល​កៅអី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជាន់​ជាតិ​ភាគតិច មិនទាន់មាន​ទិន្នន័យ​។ ទិន្នន័យ​នេះ គិត​ត្រឹម​ម៉ោង​១​រសៀល នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ 
 
​ជាមួយគ្នានេះ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​អង្គុយ​នៅ​សភា​ជាន់​ទាប​រួចហើយ បន្ទាប់ពី​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​មណ្ឌល​ក្រុង Kawhmu នៃ​ទីក្រុង​យ៉ាំង​ហ្គោ​ន ដែល​លោកស្រី ស៊ូ​ជី ធ្វើជា​តំណាងរាស្ត្រ​នៅ​ទីនោះ​។ ក្រុង​នេះ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ក៏​ធ្លាប់​ឈ្នះ​នៅក្នុង​ឆ្នាំ​២០១២ និង​២០១៥​ផងដែរ​។ ចំណែក​ក្រុង​ផ្សេងទៀត ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ក៏ត្រូវ​បាន​នាំមុខ​ដោយ​បក្ស​កាន់អំណាច​របស់លោក​ស្រី​ស៊ូ​ជី​ផងដែរ​។ 
 
​ក្រៅពី​លោកស្រី ស៊ូ​ជី សមាជិក​បក្ស NLD ផ្សេងទៀត​ក៏បាន​ជាប់ឆ្នោត​សារជាថ្មី​ផងដែរ ក្នុងនោះ​មានដូចជា លោក Hkyet Aung ប្រធាន​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ Kachin និង​អនុ​ប្រធានសភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា លោក Mahn Win Khine Than ជាដើម​។ 
 
​ដោយឡែក​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​វិញ បក្ស​ជាតិ Arakan បាន​យកជ័យ​ជម្នះ​លើ​កៅអី​សភា​ក្នុង​ក្រុង Gwa ។ បក្ស​ជាតិ Arakan ជា​បក្សនយោបាយ​ដ៏​សំខាន់​មួយ​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ព្រោះ​នៅក្នុង​ឆ្នាំ​២០១៥ បក្ស​នេះ បាន​គ្រប់គ្រង​កៅអី​សភា​ជាន់​ទាប និង​ជាន់ខ្ពស់​ភាគច្រើន​របស់​រដ្ឋ​រ៉ា​ក់​ឃី​ន​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា បាន​លុបចោល​មណ្ឌលបោះឆ្នោត​ចំនួន ៩ ក្នុងចំណោម ១៧ មិន​ឲ្យ​រៀបចំ​ការបោះឆ្នោត ដោយ​ផ្អែកលើ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​។ 
​សូមបញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០​នេះ ប្រជាជន​មី​យ៉ាន់​ម៉ា បាន​ចេញមក​បោះឆ្នោត​ជាច្រើន ស្របពេល COVID-19 កំពុង​អុកឡុក​នៅក្នុង​ប្រទេស​។ ការ​ចេញមក​បោះឆ្នោត​ដ៏​ច្រើន​បែបនេះ បានធ្វើ​ឲ្យ​មាន​បញ្ហា​មួយចំនួន ដូចជា​ប្រជាជន​មិន​គោរព​វិធាន​រក្សា​គម្លាត ឬ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ មណ្ឌលបោះឆ្នោត​ខ្លះ​បើកទ្វារ​យឺត​ពេល ដែល​ធ្វើ​ឲ្យ​មាន​ប្រជាជន​ឈរ​ចាំ​ច្រើន និង​បញ្ហា​មួយចំនួនទៀត​៕

Tag:
 ​មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com