កីឡាជាតិ
ជាតិ
សម្តេច ស ខេង​៖ ពាន​«​គរុ​គុណ​» រួមចំណែក​អភិវឌ្ឍន៍​កីឡា​ប៉េតង់ ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
09, Nov 2020 , 3:03 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នងពិធីបិទការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់គរុគុណ និងសកម្មភាពប្រកួតរបស់កីឡាករ(រូបក្នុងរង្វង់)
សម្តេច ស ខេង ថ្លែងក្នងពិធីបិទការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់គរុគុណ និងសកម្មភាពប្រកួតរបស់កីឡាករ(រូបក្នុងរង្វង់)
ដោយ:
​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់​«​គរុ​គុណ​»​ធ្វើឡើង​មិន​ត្រឹមតែ​ដើម្បី​រំលឹក​និង​តបស្នង​សងគុណ​អ្នក​ផ្តួចផ្តើម ឬ​ស្ថាបនិក​នោះទេ តែ​វា​ជាការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ ដើម្បី​ត្រៀម​ប្រជែង​ក្នុងការ​ប្រកួត​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

 
​ជាការ​ប្រកួត​ដើម្បី​រំលឹក​គុណ​ដល់​អ្នក​ផ្តួចផ្តើម​បង្កើត​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​បានបង្ហាញ​សមត្ថភាព​ក៏ពិតមែន តែ​ពាន​«​គរុ​គុណ​»​ក៏​ជា​កត្តារួម​ចំណែក​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ប៉េតង់​នៅ​កម្ពុជា​ផងដែរ​។ បន្ថែម​លើ​នេះ វា​ជា​ចលករ​មួយ​ក្នុង​ការវាស់ស្ទង់ និង​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​។  
 
«​នេះ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់ មិន​ត្រឹមតែ​ដើម្បី​រំលឹក​ដល់​អ្នក ដែល​បាន​ផ្តួចផ្តើម​នោះទេ តែ​ជាការ​ហ្វឹកហាត់​ដើម្បី​ពង្រឹងសមត្ថភាព​របស់​យើង សម្រាប់​ត្រៀម​ការប្រកួត​នានា​នៅពេល​ខាងមុខ ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​»​។ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​ដូចនេះ ពេល​សម្តេច​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់​«​គរុ​គុណ​»​នៅ​ថ្ងៃទី​៨ វិច្ឆិកា នាទី​លាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ 




 
​ក្នុងឱកាស​នោះ សម្តេច ក៏បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ការកកើត​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ផងដែរ​។ សម្តេច អះអាងថា អ្នក​ផ្តួចផ្តើម​បង្កើត​សហព័ន្ធ មិនមែន​មានតែ​សម្តេច និង​សម្តេច សុខ អាន នោះទេ ពោល​គឺមាន​សម្តេច ហេង សំរិន លោក ព្រហ្ម ឌិន​, លោក សោម ចិន និង​ឥស្សរជន​ជាច្រើនរូប​ទៀត​។​
 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​ពី​គុណសម្បត្តិ​របស់​កីឡា​ប៉េតង់​យ៉ាង​ដូច្នេះ​ថា​៖«​ពិតមែន​ថា ប៉េតង់​ជា​កីឡា​មួយ ដែល​ស្រាល មិន​ធ្ងន់​ដូច​បាល់ទាត់ ឬ​កីឡា​ដទៃៗ​ទៀត​។ ប៉ុន្តែ​វា​ក៏​ជា​ប្រភេទ​កីឡា​មួយ ដែលមាន​លក្ខណ ដែល​អាចជួយ​ក្នុងការ​ថែទាំ​សុខភាព ហើយ​ជួយ​ដល់​ការ​រំងាប់​អារម្មណ៍​របស់​យើង​។ ទោះបី​ទីលាន​វា​តូច​ហើយ​ខ្លី​ក៏ពិតមែន តែ​ដើរ​ឲ្យ​ច្រើន​ទៅ វា​ក៏​ជួយ​ហាត់ប្រាណ​ដែរ​»​។ 
 
​លោក សុខ សប្បាយ​ណា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ឲ្យ​និយមន័យ​នៃ​ពាក្យ​«​គរុ​គុណ​»​ថា ជា​គុណ​ដ៏​ធំធេង ដែល​យើង​គួរ​តបស្នង​ខាន​ពុំបាន​។ ជាមួយគ្នានេះ លោក បានបង្ហាញ​ពី​គោលបំណង​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់​«​គរុ​គុណ​»​ថា គឺ​ដើម្បី​រំលឹក និង​តបស្នង​គុណូបការរ​បស់​សម្តេច ស ខេង និង​សម្តេច សុខ អាន និង​ថ្នាក់ដឹកនាំ​ដទៃទៀត ដែល​បាន​ផ្តួចផ្តើម និង​បង្កើត​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​នៅ​ឆ្នាំ​១៩៩២​។​


 
​អគ្គលេខាធិការ​រូបនេះ បន្ថែមថា តាំងពី​កកើត​មកដល់​បច្ចុប្បន្ន​សហព័ន្ធ​ដណ្តើមបាន​មេដាយ​លើ​ឆាក​អន្តរជាតិ​សរុប​ចំនួន​៣០៦​មេដាយ ក្នុងនោះ​មាស​៨៨ ប្រាក់​១០៨ និង​សំរឹទ្ធ​១១០​។ តាមរយៈ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ រួមជាមួយ​ការ​គ្រង​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់​គ្នា​របស់​លោកស្រី កែ ឡេង ជួយ​ឲ្យ​ពិភពលោក​ឲ្យ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​មហាអំណាច​លើ​ប្រភេទ​កីឡា​ប៉េតង់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សុខ សប្បាយ​ណា​។​
 
​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើមពាន​គរុ​គុណ​លើក​ទី​១​មាន​ក្លិប​សមាគម​ចំនួន​៥៨​មកពី​១៦​រាជធានី​ខេត្ត​ចូលរួម និង​មាន​កីឡាករ​កីឡាការិនី​ចូលរួម​សរុប​ចំនួន​៤៩៤ ដោយ​ពួកគេ​ប្រកួតប្រជែង​គ្នា​លើ​៨​វិញ្ញាសា​។ ការប្រកួត​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៦-៨ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីលាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​៕ 


 
 
 
 

Tag:
 ប៉េតង់​
  ស ខេង​
  គរុ​គុណ
© រក្សាសិទ្ធិដោយ thmeythmey.com