ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖ ដើម្បី​ការពារ​ឯករាជ្យ​ជាតិ លុះត្រាតែ​សាមគ្គី​ភាពរឹងមាំ និង​កាត់បន្ថយ​មហិច្ឆតា​ផ្ទាល់ខ្លួន​
09, Nov 2020 , 4:37 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ ដើម្បី​ការពារ​ឯករាជ្យ​ជាតិ លុះត្រា​តែមាន​សាមគ្គី​ភាពរឹងមាំ និង​កាត់បន្ថយ​មហិច្ឆតា​ផ្ទាល់ខ្លួន​។ នេះ​ជាការ​សារ​របស់លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អបអរសាទរ ទិវា​បុណ្យខួប​លើក​ទី​៦៧ នៃ​ឯករាជ្យ​ជាតិខ្មែរ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២០)​។​


 
«​ប្រទេសជាតិ​ណា​ក៏​ចង់បាន​ឯករាជ្យ មិន​ចង់​ស្ថិតនៅក្រោម​អាណានិគម ឬ​ខ្ញុំកញ្ជះ​គេ​ទេ​»​។ លោក កឹម សុខា លើកឡើង​បែបនេះ មុននឹង​បញ្ជាក់​បន្ថែមថា សាមគ្គីភាព​ជាតិ នាំមក​នូវ​ឯករាជ្យ​ជាតិ​រឹងមាំ ប៉ុន្តែ​បើ​បែកបាក់​សាមគ្គី​ជាតិ នាំ​ឲ្យ​ប្រទេសជាតិ​ទន់ខ្សោយ ហើយនឹង​នាំ​ឲ្យ​បាត់បង់​ឯករាជ្យ​ជាតិ​។​
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​មានតែ​វត្ថុ​អត់​វិញ្ញាណ​ទេ ដែល​ប្រេះស្រាំ ឬ​បែកបាក់ ហើយ​អាច​នាំ​ឲ្យ​អ្វី​ផ្សេង​ពី​ខាងក្រៅ ដូចជា​ទឹកជា​ដើម អាច​បញ្ជ្រាប​ចូល​បាន ហើយ​សូម្បីតែ​ក្រុមគ្រួសារ ឬ​សង្គមមនុស្ស ឬ​ប្រទេសជាតិ ដែល​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង ក៏​ផ្តល់ឱកាស​ឲ្យ​អ្នក​ខាងក្រៅ​ងាយ​ចូលមក​ទាញយក​ផលប្រយោជន៍ ត្រួតត្រា និង​បំផ្លិចបំផ្លាញ​យើង ។ ជាពិសេស​អាចធ្វើ​ឲ្យ​យើង​អាប់ឱន​កិត្តិយស កេរ្តិ៍ឈ្មោះ​ទៀតផង​»​។​
 
​លោក កឹម សុខា ដែល​កំពុង​ប្រឈមមុខ​រឿង​ក្តីក្តាំ​នៅ​តុលាការ ពីបទ​«​គប់គិត​ជាមួយ​បរទេស​»​នេះ បាន​សង្កត់ធ្ងន់ថា ក្រៅពីសាមគ្គីភាព ការ​កាត់បន្ថយ​ភាព​លោភលន់​របស់មនុស្សម្នាក់ៗ ក៏ជាផ្នែកមួយ នៃការ​ការពារ​ទឹកដី និង​ឯករាជ្យ​ជាតិ​ផងដែរ។ «​ដូច្នេះ ខ្ញុំ​យល់ឃើញថា ដើម្បី​ការពារ​ឯករាជ្យ​ជាតិ លុះត្រាតែ​រក្សា​សាមគ្គីភាព​ជាតិ​ឲ្យ​បាន​រឹងមាំ​។ រក្សា​សាមគ្គី​ភាពរឹងមាំ​បាន លុះត្រាតែ កាត់បន្ថយ​មហិច្ឆតា​ផ្ទាល់ខ្លួន មិន​គុំកួន​សងសឹក ងាក​មករក​ការអត់ឱន​ឲ្យ​គ្នា​(tolerance ) ចាប់យក​ការសន្ទនា បោះបង់ចោល​ការប្រមាថ ឈប់​បង្កជម្លោះ​មិន​លស់​ពេល​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា​។​
 
​ត្រង់ចំណុច​លោក កឹម សុខា ទំនង​ចង់​បញ្ជាក់ថា ការឈប់​បង្កជម្លោះ​គ្នា​នោះ លុះត្រាតែ​ភាគី​នីមួយៗ​ចេះ​រួមគ្នា ដោះស្រាយ​បញ្ហា​ចំពោះមុខ និង​បញ្ឈប់​ការរិះគន់​គ្នា​។ មេដឹកនាំ​អតីត​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​រូបនេះ បាន​បន្ថែម​ដូច្នេះ​ថា​៖«​ប៉ុន្តែ​បើ​សូម្បីតែ​រក្សា​ភាព​អត់ធ្មត់​ស្ងប់ស្ងាត់ មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ក៏​ដាក់​កំហុស ។ ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ដូចជា​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​រាលដាល​ពេញ​ពិភពលោក និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ក៏​នៅតែ​ដាក់​កំហុស នោះ​មិនអាច​កើតមាន​សាមគ្គីភាព​ជាតិ​បានទេ ហើយក៏​មិន​អាចមាន​ឈ្មោះថា​ជា​អ្នក​ទាមទារ រក្សា ការពារ​ឯករាជ្យ​ជាតិ ពិត​ឡើយ​»​។​
 
​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ និង​ខួប​លើក​ទី​៦៧ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​សម្តេច​ព្រះវររាជ​បិតា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​អាណាព្យាបាល​បារាំង​។​
 
​តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​នោះ​គ្រាន់តែ​ជាគោលការណ៍​ច្បាប់​ប៉ុណ្ណោះ ដោយ​កម្ពុជា​នៅ​ខ្វះ​ឯករាជ្យ​ជាច្រើន​វិស័យ​ដូចជា អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការប្តូរ និង​ការ​ឲ្យ​ចាយ​ធនប័ត្រ ជាដើម​។ ព្រះវររាជបិតា​ជាតិខ្មែរ នៅតែ​បន្ត​ទាមទារ​យក​ឯករាជ្យ​ពេញលេញ​ពី​បារាំង​។ សម្តេចព្រះ នរោត្តម​សីហនុ បាន​សន្យា​យ៉ាង​មហោឡារិក​នៅក្នុង​ព្រះ​សុន្ទរកថា​មួយនា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ថា «​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន​១០០​ភាគរយ​» ។​
 
​ឈានដល់​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ មាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង ដែល​ឧទ្ទិស​ចំពោះ​ការដកថយ​នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។ កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង​បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯករាជ្យ​របស់​ខ្មែរ​បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង​។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវបាន​បញ្ចប់​៕

Tag:
 ​កឹម សុខា
  ឯករាជ្យ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com