រថយន្ត
អន្តរជាតិ
លោក បៃឌិន បានសន្យាជាច្រើនលើគម្រោងពង្រីករថយន្តអគ្គិសនីនៅអាមេរិក
× លោក Joe Biden កន្លងមកធ្លាប់បានលើកឡើងពីគម្រោងថវិកា២ទ្រីលានដុល្លារអាមេរិកក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះ ក៏មានផ្តល់អាទិភាពលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ។ ក្រុមអ្នកជំនាញវិទ្យាសាស្ត្រមួយចំនួន បានលើកឡើងថា ជ័យជម្នះរបស់លោក បៃឌិន និងអ្នកស្រី ហារីស ក៏ជាជ័យជម្នះផ្នែកវិទ្យាសាស្ត្រផងដែរ។
លោក ចូ បៃឌិន វ័យ៧៧ឆ្នាំដែលជាអនាគតប្រធានាធិបតីទី៤៦របស់ បានប្រកាសពីគម្រោងការជាច្រើនលើការកសាងថាមពលស្អាត និងរថយន្តបៃតង។ យោងតាមការផ្សាយរបស់ Green Car Reports លោក បៃឌិន មានចំណុចមួយចំនួនលើការអភិវឌ្ឍន៍រថយន្តអគ្គីសនី ដើម្បីផ្លាស់ប្តូរគន្លងបច្ចុប្បន្ន។
ការពិនិត្យឡើងវិញនូវតម្រូវការសេដ្ឋកិច្ចប្រេង ជារឿងចាំបាច់ ដោតលោក បៃឌិន ត្រូវកែប្រែគោលការណ៍មួយចំនួនរបស់លោក ដូណាល់ ត្រាំ ហើយអាចប្រើប្រាស់ធនធានពីទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដែលមានស្រាប់ ដើម្បីស្តារឡើងវិញទៅតាមគោលការណ៍រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា រហូតដល់ឆ្នាំ២០២៦។
ក្នុងយុទ្ធនាការរបស់ខ្លួន លោក បៃឌិន បានផ្តោតពង្រីកឥណទានពន្ធរថយន្ត EV ដើម្បីឲ្យក្រុមហ៊ុនយានយន្តអាចដំណើរការបានយូរអង្វែង ខណៈករណីនេះ ត្រូវបានរឹតត្បិតដោយ លោកត្រាំ និង លោក Larry Kudlow ដែលជាទីប្រឹក្សាសេដ្ឋកិច្ច។
ក្រុមយុទ្ធនាការរបស់លោក បៃឌិន ក៏បានប្រកាសពីការកាត់បន្ថយការបំពុលបរិយាកាសដើម្បីការពារសុខុមាលភាពកុមារតាមរយៈការផ្លាស់ប្តូររថយន្តសាធារណៈឲ្យទៅជារថយន្តអគ្គិសនីទាំងអស់ ជាពិសេសរថយន្តសិស្សសាលាប្រមាណ៥០ម៉ឺនគ្រឿងដែលបង្កើតឡើងដោយអាមេរិកផ្ទាល់ នឹងក្លាយជារថយន្តគ្មានការបំពុលបរិយាកាស។
បន្ថែមពីលើនេះ ទៀត លោក បៃឌិន បានលើកឡើងពីការបង្កើនហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី យ៉ាងហោចណាស់៥០ម៉ឺនកន្លែងនៅទូទាំងសហរដ្ឋអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន។
គោលដៅផ្សេងៗទៀតរបស់លោក បៃឌិន មានដូចជាការកសាងភាពស្អាតនៅទីជនបទ តាមគម្រោង Clean Power Plan ក្នុងរជ្ជកាលអូបាម៉ា ការជួយផ្តល់ហិរញ្ញវត្ថុលើការកែប្រែផលិតកម្មរថយន្ត EV ទៅជាអគ្គិសនី និងការជួយអភិវឌ្ឍន៍ក្រុមយានយន្ត EV តូចៗរបស់អាមេរិកជាដើម។
ម្ចាស់ក្រុមហ៊ុនយានយន្តអាមេរិកមួយចំនួន បានលើកឡើងថា ពួកគេអាចស្រួលនិយាយជាមួយលោក បៃឌិន ដូចកាលពីសម័យកាលលោក អូបាម៉ា ខណៈ៤ឆ្នាំកន្លងមក ពួកគេហាក់ដូចជាប្រទាំងប្រទើសច្រើនជាមួយលោកត្រាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com