រថយន្ត
អន្តរជាតិ
UNEP៖ ប្រទេស​ក្រីក្រ​ក្លាយជា​កន្លែង​បោះចោល​រថយន្ត​ដែល​ប្រើប្រាស់​រួច​
09, Nov 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង​តូចៗ​ដែល​ប្រើប្រាស់​រួច​ប្រមាណ​១៤​លាន​គ្រឿង​ត្រូវបាន​នាំចេញ​ទៅកាន់​ពិភពលោក ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​រប​ស់កម្ម​វិធី​បរិស្ថានរ​បស់​អង្គការសហប្រជាជាតិ (UNEP) ដោយ​បញ្ជាក់ថា ៨០​ភាគរយ ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​។​

 
​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន បាន​ប្រឹងប្រែង​ទប់ស្កាត់​ការបំពុល​ខ្យល់ និង​បម្រែបម្រួល​អាកាស​ធា​តិ​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ហើយ​បាន​បញ្ចេញ​រថយន្ត​មួយ​ទឹក​រាប់លាន​គ្រឿង​ទៅកាន់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​។​
 
VOA បាន​ដកស្រង់​របាយការណ៍​ទីភ្នាក់ងារ​ថាមពល​អន្ត​រ​ជាតិ​ដែល​បង្ហាញថា រថយន្ត​ដឹកទំនិញ​ធុន​ស្រាល​ចំនួន ១,១ ពាន់​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​នាពេល​សព្វថ្ងៃ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ទ្វេដង​នៅត្រឹម​ឆ្នាំ​២០៥០​។ បើតាម​អ្នកស្រី Inger Andersen ភាគច្រើន​នៃ​កំណើន​នេះ​គឺ​ដោយសារតែ​ការ​នាំចូល​រថយន្ត​ប្រើ​រួច​របស់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​។​
 
​នាយិកា​ប្រតិបត្តិ​អង្គការ UNEP រូបនេះ បាន​កត់សម្គាល់ថា​៖ «​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាពិសេស​ប្រទេស​អាហ្វ្រិក នឹង​ដើរតួ​ជា​កន្លែង​បោះចោល​រថយន្ត​ដែល​តែង​ត្រូវបាន​គេ​ចាត់ទុកថា លែងមាន​សុវត្ថិភាព​គ្រប់គ្រាន់​ឬ​ស្អាត សម្រាប់​ប្រទេស​អភិវឌ្ឍន៍​»​។​
 
 
UNEP រកឃើញថា រថយន្ត​មួយ​ទឹក​ដែល​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាទូទៅ​មិនមាន​សុវត្ថិភាព និង​ជា​មូលហេតុ​នៃ​ការបង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ច្រើន​។ អង្គការ​សុខភាព​ពិភពលោក (WHO) បានចាត់ទុក​តំបន់​អនុសា​ហា​រ៉ា​នៅ​អាហ្វ្រិក ថា​ជាទី​ក្រុង​ដែលមាន​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ 
 
​បើតាម អ្នកស្រី Andersen អង្គការ UNEP មិន​អំពាវនាវ​ឲ្យ​ហាមឃាត់​ទាំងស្រុង​លើ​ការនាំចេញ​រថយន្ត​មួយ​ទឹក​ទៅកាន់​ប្រទេស​កំពុងអភិវឌ្ឍន៍​នោះទេ ប៉ុន្តែ​អ្នកស្រី​លើកឡើងថា ទីផ្សារ​គួរតែមាន​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ទាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com