ភ្នំពេញ៖ ជានាដការបាំក្បាច់បុរាណ កញ្ញា សេរី វណ្ណកុសន យល់ឃើញថាដើម្បីទទួលបានការគាំទ្រ ស្នាដៃសិល្បៈបុរាណខ្មែរដែលបង្កើតថ្មី ត្រូវការសម្រិតសម្រាំងឱ្យមានភាពលេចធ្លោ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ទោះជាយ៉ាងណា តួឯកក្នុងរបាំរឿង “នាងវឌ្ឍនាទេវី” ដ៏ល្បីល្បាញរូបនេះ ថាសមត្ថភាពរបស់សិល្បករ ក៏ត្រូវតែយកចិត្តទុកដាក់ដែរ។
អង្គុយក្នុងបន្ទប់មួយ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កញ្ញា សេរី វណ្ណកុសន ដែលពាក់អាវសលាយឆ្នូតពណ៌កាកអំពៅកមូល បច្ចុប្បន្នជាមន្ត្រីក្នុងក្របខណ្ឌរដ្ឋ ដែលធ្វើការនៅសាលាភូមិន្ទវិចិត្រសិល្បៈ ជាជំនួយការគ្រូរបាំបុរាណ ធ្វើការផ្នែករដ្ឋបាល និងជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ តាមរយៈសិល្បៈបុរាណ សេរី វណ្ណកុសន ធ្លាប់បានដង្ហែសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ចេញទៅសម្ដែងនៅប្រទេសបារាំង អារ៉ាប់ ចិន និងប្រទេសស្វីសជាដើម។ ក្រៅពីការសម្ដែងនៅក្រៅប្រទេស កុសន ក៏បានសម្ដែងរបាំបុរាណទទួលគណៈប្រតិភូជាតិនិងអន្តរជាតិ ព្រមទាំងកម្មវិធីថ្នាក់ជាតិធំៗជាច្រើនទៀតនៅក្នុងស្រុក។
លើកឡើងត្រឹមតែគុណភាពនៃស្នាដៃសិល្បៈបុរាណ កញ្ញា សេរី វណ្ណកុសន ព្យាយាមគិតរកភាសាសមរម្យមួយ ដើម្បីបង្ហាញពីគំនិតរបស់ខ្លួន ជុំវិញវិស័យសិល្បៈនិងវប្បធម៌ ចៀសវាងមិនឱ្យប៉ះពាល់ដល់ទស្សនៈអ្នកដទៃ។ បង្ហើបពីគំនិតរបស់ខ្លួនបាន២ទៅ៣ម៉ាត់ នាដការបាំរូបនេះ ដំអក់គិតបន្តិច រួចក៏ផ្ដើមលើកពីការយល់ឃើញរបស់ខ្លួនបន្ត ទាំងដែលផ្ទៃមុខស្ទើរញញឹមស្ទើរស្ងួត ក្នុងសភាពប្រយ័ត្នប្រយែង។
«ខ្ញុំគិតថាការច្នៃប្រឌិតរកគំនិតបង្កើតស្នាដៃថ្មីៗពិតជាសំខាន់ ព្រោះបើយើងឱ្យគេទៅមើលរបាំរឿងដដែលៗ គេមិនទៅទេ។ ម្យ៉ាងវិញទៀតអ្នកទៅមើលរបាំបុរាណខ្លះ គាត់មិនយល់ថារបាំនោះគេចង់និយាយពីអ្វីទេ។ ពេលគាត់មើលមិនយល់ គាត់ក៏មិនចង់ទៅមើលទៀតដែរ។ សាច់រឿងល្អ ដងខ្លួននាដកាពត់ពែនបានស្អាត ចង្វាក់ស្រុះគ្នា ថែមគុណភាពចម្រៀងមានសំឡេងច្បាស់ ហើយមានការពន្យល់ខ្លឹមសារសាច់រឿងបន្ថែម ខ្ញុំគិតថាអ្នកមើលនឹងយល់ ហើយចូលចិត្តច្រើន។ កន្លងមកមានគេធ្វើបែបនេះខ្លះហើយ ប៉ុន្តែខ្ញុំគិតថា បើអ្នកដំឡើងស្នាដៃទាំងអស់ធ្វើបែបនេះគ្រប់គ្នា នោះកាន់តែប្រសើរ»។ នេះគឺជាការបញ្ជាក់របស់កញ្ញា សេរី វណ្ណកុសន។
បានចូលហាត់រៀនរបាំក្បាច់បុរាណខ្មែរ តាំងពីអាយុ៩ឆ្នាំ ហើយគិតមកដល់បច្ចុប្បន្ន កុសន បានប្រឡូកក្នុងវិស័យសិល្បៈវប្បធម៌ជាតិ អស់រយៈពេលជិត២០ឆ្នាំមកហើយ។ ចាប់កំណើតនៅរាជធានីភ្នំពេញ នាដការបាំវ័យ២៦ឆ្នាំ ដែលមានសម្រស់ក្មេងជាងវ័យរូបនេះ បានលើកយកស្នាព្រះហស្តរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មកជាឧទាហរណ៍។ ធ្លាប់បានហាត់សមរបាំជាច្រើនជាមួយ សម្ដេចព្រះរៀម កុសន អះអាងថាស្នាដៃនីមួយៗដែលព្រះអង្គបានដំឡើង សុទ្ធតែចាយពេលហាត់សមច្រើន ដើម្បីឱ្យសមិទ្ធផលនោះមានភាពល្អឥតខ្ចោះ។
វណ្ណកុសន ពន្យល់បន្ថែម៖«ស្នាដៃរបស់សម្ដេចព្រះរៀម មានអ្នកគាំទ្រច្រើន មិនមែនមកពីព្រះអង្គជាបុត្រីរបស់ព្រះមហាក្សត្រឡើយ ប៉ុន្តែមកពីគុណភាព។ ព្រះអង្គទ្រង់ខំសម្រិតសម្រាំងស្នាដៃខ្លាំងណាស់ ទាំងសម្លៀកបំពាក់ ទាំងការដឹកនាំរឿង។ ទ្រង់ឱ្យហាត់រាល់ថ្ងៃ ហាត់ដដែលៗ ហាត់រហូតដល់ដង្ហើមក្បាច់ស្រុះគ្នា»។
កើតក្នុងគ្រួសារដែលឱ្យតម្លៃខ្ពស់លើសិល្បៈបុរាណ នារីសម្បុរស រាងតូចច្រឡឹងរូបនេះ ក្រៅតែពីការសម្ដែង និងការងារស្នូលដែលបានរៀបរាប់ខាងលើ នាងក៏មានតួនាទីស្រាវជ្រាវ កត់ត្រា និងចងក្រងឯកសារលំអិត ស្ដីពីរបាំបុរាណខ្មែរ ជាមួយគ្រូចាស់ៗនៅក្នុងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។ ការស្រាវជ្រាវនោះផ្ដោតលើតួនាង តួនាយរោង តួយក្ស តួស្វា ចម្រៀងរបាំបុរាណ និងភ្លេងផងដែរ សម្រាប់ទុកជាឯកសារឱ្យសិស្សនិងក្មេងជំនាន់ក្រោយស្រាវជ្រាវបានទូលំទូលាយ។
«ឯកសារទាំងនេះគឺសំខាន់ខ្លាំងណាស់ សម្រាប់សិស្សជំនាន់ក្រោយ ក៏ដូចជាការស្រាវជ្រាវពាក់ព័ន្ធនឹងសិល្បៈបុរាណរបស់ខ្មែរយើង។ ការងារនេះ លោកគ្រូនិងអ្នកគ្រូ គាត់ប្រឹងប្រែងខ្លាំងណាស់»។ នេះជាការបញ្ជាក់បន្ថែមរបស់ នាដការបាំ វណ្ណកុសន។
បានចូលបម្រើការក្នុងក្របខណ្ឌមន្ត្រីរាជការនៅឆ្នាំ២០១៧ នាដការបាំដែលមានទេពកោសល្យខ្ពស់រូបនេះ តាមពិតទៅពិតជាមានសំណាង ព្រោះនាងទទួលបានការជួយជ្រោមជ្រែងទាំងផ្នែកស្មារតី កម្លាំងកាយនិងចិត្ត ពីម្ដាយឪពុកក្នុងការហាត់រៀនរបាំបុរាណ។
សេរី វណ្ណកុសន បញ្ជាក់បន្ថែមដូច្នេះ៖«កាលពីជំនាន់ខ្ញុំនៅតូចៗ ចាស់ៗគាត់ឱ្យតម្លៃអ្នករៀនសិល្បៈណាស់ ព្រោះគាត់គិតថាកូននឹងបានហាត់ពត់លត់ដំទាំងរាងកាយ អប់រំទាំងចិត្តគំនិតនិងអត្តចរិត។ ម្ដាយឪពុករបស់ខ្ញុំ ចង់ឱ្យខ្ញុំរៀនសិល្បៈ ព្រោះគាត់ចង់ឱ្យខ្ញុំ ក្លាយជាក្មេងស្រីសុភាពរាបសារ មានសីលធម៌ រមទម និងមានវិន័យ។ សម្រាប់ខ្ញុំ សិល្បៈបានជួយអប់រំផ្លូវចិត្ត ស្មារតី និងវិន័យក្នុងការរស់នៅរបស់ខ្ញុំ»។
បើទោះបីជាជំនាញសិល្បៈវប្បធម៌ជាតិមួយនេះ បានជួយឱ្យកញ្ញា សេរី វណ្ណកុសន ស្គាល់ពិភពលោកខាងក្រៅ ក៏ដូចជាមានការងារសមរម្យធ្វើ ហើយពេលខ្លះវាធ្វើឱ្យនាង មានមោទកភាពចំពោះខ្លួនឯងក៏ដោយ ប៉ុន្តែទោះជាយ៉ាងណា ពាក្យចំអកឡកឡាយក៏ធ្លាប់កើតលើរូបនាងដែរ។
«កាលខ្ញុំទៅរៀននៅសាលាខាងក្រៅ(ក្រៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) គេថាគ្រាន់តែលើកដៃរាំក៏បានប្រាក់ដែរ មិនឃើញពិបាកអ្វីផង។ ប៉ុន្តែមិនអ៊ីចឹងទេ បើអ្នករបាំមិនពូកែ មិនអាចទៅរាំនៅមុខមនុស្សរាប់ពាន់នាក់បានឡើយ។ អ្នករបាំត្រូវតែមានការចងចាំខ្លាំង ដើម្បីចាំរាល់ក្បាច់នីមួយៗ ត្រចៀកត្រូវស្ដាប់ភ្លេង ភ្នែកត្រូវមើលក្រឡារាំឱ្យស្មើគ្នា និងសមត្ថភាពក្នុងការគ្រប់គ្រងដងខ្លួន រឿងទាំងនេះគឺអ្នករបាំត្រូវធ្វើក្នុងពេលតែមួយ»។ ទាំងនេះគឺជាអ្វីដែលកញ្ញា សេរី វណ្ណកុសន តែងតែនិយាយលួងលោមចិត្តខ្លួនឯង។
ដ្បិតតែពេលនេះនាដការបាំបុរាណ សេរី វណ្ណកុសន បានបញ្ចប់បរិញ្ញាផ្នែកដឹកនាំរឿងរបាំក្បាច់ខ្មែរបុរាណ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានបញ្ចប់បរិញ្ញាអប់រំជំនាញភាសាអង់គ្លេស នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយនាងក៏មានការងាររដ្ឋធ្វើសមរម្យហើយក៏ដោយចុះ ប៉ុន្តែនារីស្រស់ក្មេងរូបនេះ នៅតែឱ្យតម្លៃលើកការសិក្សា។ មានបំណងបន្តការសិក្សាទៅថ្នាក់អនុបណ្ឌិត ហើយក៏មានក្ដីប្រាថ្នាចង់ទៅរៀននៅក្រៅប្រទេសផង សេរី វណ្ណកុសន ថាមានតែចំណេះដឹងទេ ទើបធ្វើឱ្យជីវិតនាងកាន់តែប្រសើរឡើង។
កញ្ញាពន្យល់៖«ខ្ញុំលើកទឹកចិត្តសិល្បករ ឱ្យពង្រឹងសមត្ថភាពចំណេះដឹងទូទៅ និងភាសាបរទេសជានិច្ច ដើម្បីអាចផ្សព្វផ្សាយវប្បធម៌ជាតិយើងកាន់តែបានច្រើន។ ចំណេះដឹងពិតជាសំខាន់ វាធ្វើឱ្យជីវិតរបស់យើងបានប្រសើរឡើង។ យើងស្គាល់ពិភពលោកកាន់តែច្បាស់ ក៏ដោយសារចំណេះដឹងដែរ ដូច្នេះខ្ញុំត្រូវតែរៀនបន្ត គឺរៀនជានិច្ច។ មានមធ្យោបាយច្រើនណាស់ ដែលយើងអាចរៀនបាន បើទោះបីជាយើងមិនបានចូលសាលាក៏ដោយ សំខាន់យើងមានឆន្ទៈក្នុងការចង់ចេះចង់ដឹង»៕