ជាតិ
សង្គមជាតិ
នាដកា​របាំ សេរី វណ្ណ​កុ​សន​៖«​ដើម្បី​ទទួលបាន​ការគាំទ្រ សិល្បៈ​បុរាណ​ត្រូវមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​»
09, Nov 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ជា​នាដកា​របាំ​ក្បាច់បុរាណ កញ្ញា សេរី វណ្ណ​កុ​សន យល់ឃើញថា​ដើម្បី​ទទួលបាន​ការគាំទ្រ ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បង្កើត​ថ្មី ត្រូវការ​សម្រិតសម្រាំង​ឱ្យមាន​ភាពលេច​ធ្លោ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​។ ទោះជា​យ៉ាងណា តួឯក​ក្នុង​របាំ​រឿង “​នាង​វ​ឌ្ឍ​នា​ទេវី​” ដ៏​ល្បីល្បាញ​រូបនេះ ថា​សមត្ថភាព​របស់​សិ​ល្បករ ក៏​ត្រូវតែ​យកចិត្តទុកដាក់​ដែរ​។​



​អង្គុយ​ក្នុង​បន្ទប់​មួយ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ កញ្ញា សេរី វណ្ណ​កុ​សន ដែល​ពាក់អាវ​សលាយ​ឆ្នូត​ពណ៌​កាក​អំពៅ​ក​មូល បច្ចុប្បន្ន​ជាម​ន្ត្រី​ក្នុង​ក្របខណ្ឌ​រដ្ឋ ដែល​ធ្វើការ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ជា​ជំនួយការ​គ្រូរបាំ​បុរាណ ធ្វើការ​ផ្នែក​រដ្ឋបាល និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផងដែរ​។ តាមរយៈ​សិល្បៈ​បុរាណ សេរី វណ្ណ​កុ​សន ធ្លាប់បាន​ដង្ហែ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ចេញទៅ​សម្ដែង​នៅ​ប្រទេស​បារាំង អារ៉ាប់ ចិន និង​ប្រទេស​ស្វី​ស​ជាដើម​។ ក្រៅពី​ការសម្ដែង​នៅក្រៅ​ប្រទេស កុ​សន ក៏បាន​សម្ដែង​របាំ​បុរាណ​ទទួល​គណៈប្រតិភូ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​កម្មវិធី​ថ្នាក់ជាតិ​ធំៗ​ជាច្រើន​ទៀត​នៅក្នុង​ស្រុក​។
  


​លើកឡើង​ត្រឹមតែ​គុណភាព​នៃ​ស្នាដៃ​សិល្បៈ​បុរាណ កញ្ញា សេរី វណ្ណ​កុ​សន ព្យាយាម​គិត​រក​ភាសា​សមរម្យ​មួយ ដើម្បី​បង្ហាញ​ពី​គំនិត​របស់ខ្លួន ជុំវិញ​វិស័យ​សិល្បៈ​និង​វប្បធម៌ ចៀសវាង​មិនឱ្យ​ប៉ះពាល់​ដល់​ទស្សនៈ​អ្នកដទៃ​។ បង្ហើប​ពី​គំនិត​របស់ខ្លួន​បាន​២​ទៅ​៣​ម៉ាត់ នាដកា​របាំ​រូបនេះ ដំអក់​គិត​បន្តិច រួច​ក៏​ផ្ដើម​លើក​ពី​ការយល់ឃើញ​របស់ខ្លួន​បន្ត ទាំង​ដែល​ផ្ទៃមុខ​ស្ទើរ​ញញឹម​ស្ទើរ​ស្ងួត ក្នុង​សភាព​ប្រយ័ត្នប្រយែង​។​
 
«​ខ្ញុំ​គិតថា​ការច្នៃប្រឌិត​រក​គំនិត​បង្កើត​ស្នាដៃ​ថ្មីៗ​ពិតជា​សំខាន់ ព្រោះ​បើ​យើង​ឱ្យគេ​ទៅ​មើល​របាំ​រឿង​ដដែលៗ គេ​មិន​ទៅ​ទេ​។ ម្យ៉ាងវិញទៀត​អ្នក​ទៅ​មើល​របាំ​បុរាណ​ខ្លះ គាត់​មិន​យល់ថា​របាំ​នោះគេ​ចង់​និយាយ​ពីអ្វី​ទេ​។ ពេល​គាត់​មើល​មិន​យល់ គាត់​ក៏​មិន​ចង់ទៅ​មើល​ទៀត​ដែរ​។ សាច់រឿង​ល្អ ដងខ្លួន​នាដកា​ពត់​ពែន​បាន​ស្អាត ចង្វាក់​ស្រុះគ្នា ថែម​គុណភាព​ចម្រៀង​មាន​សំឡេង​ច្បាស់ ហើយ​មានការ​ពន្យល់​ខ្លឹមសារ​សាច់រឿង​បន្ថែម ខ្ញុំ​គិតថា​អ្នកមើល​នឹង​យល់ ហើយ​ចូល​ចិត្តច្រើន​។ កន្លងមក​មាន​គេ​ធ្វើបែបនេះ​ខ្លះ​ហើយ ប៉ុន្តែ​ខ្ញុំ​គិតថា បើ​អ្នក​ដំឡើង​ស្នាដៃ​ទាំងអស់​ធ្វើបែបនេះ​គ្រប់គ្នា នោះ​កាន់តែ​ប្រសើរ​»​។ នេះ​គឺជា​ការបញ្ជាក់​របស់​ក​ញ្ញា សេរី វណ្ណ​កុ​សន​។


 
​បាន​ចូល​ហាត់រៀន​របាំ​ក្បាច់បុរាណ​ខ្មែរ តាំងពី​អាយុ​៩​ឆ្នាំ ហើយ​គិត​មកដល់​បច្ចុប្បន្ន កុ​សន បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​។ ចាប់កំណើត​នៅ​រាជធានី​ភ្នំពេញ នាដកា​របាំ​វ័យ​២៦​ឆ្នាំ ដែលមាន​សម្រស់​ក្មេង​ជាង​វ័យ​រូបនេះ បាន​លើកយក​ស្នា​ព្រះហស្ត​របស់ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី មកជា​ឧទាហរណ៍​។ ធ្លាប់បាន​ហាត់​សម​របាំ​ជាច្រើន​ជាមួយ សម្ដេចព្រះរៀម កុ​សន អះអាងថា​ស្នាដៃ​នីមួយៗ​ដែល​ព្រះអង្គ​បាន​ដំឡើង សុទ្ធតែ​ចាយ​ពេល​ហាត់​សម​ច្រើន ដើម្បីឱ្យ​សមិទ្ធផល​នោះ​មាន​ភាពល្អ​ឥតខ្ចោះ​។​
​វណ្ណ​កុ​សន ពន្យល់​បន្ថែម​៖«​ស្នាដៃ​របស់​សម្ដេចព្រះរៀម មាន​អ្នកគាំទ្រ​ច្រើន មិនមែន​មកពី​ព្រះ​អង្គជា​បុត្រី​របស់​ព្រះមហាក្សត្រ​ឡើយ ប៉ុន្តែ​មកពី​គុណភាព​។ ព្រះអង្គ​ទ្រង់​ខំ​សម្រិតសម្រាំង​ស្នាដៃ​ខ្លាំងណាស់ ទាំង​សម្លៀកបំពាក់ ទាំង​ការដឹកនាំ​រឿង​។ ទ្រង់​ឱ្យ​ហាត់​រាល់ថ្ងៃ ហាត់​ដដែលៗ ហាត់​រហូតដល់​ដង្ហើម​ក្បាច់​ស្រុះគ្នា​»​។​
 
​កើត​ក្នុង​គ្រួសារ​ដែល​ឱ្យ​តម្លៃ​ខ្ពស់​លើ​សិល្បៈ​បុរាណ នារី​សម្បុរ​ស រាង​តូច​ច្រឡឹង​រូបនេះ ក្រៅតែពី​ការសម្ដែង និង​ការងារ​ស្នូល​ដែល​បាន​រៀបរាប់​ខាងលើ នាង​ក៏មាន​តួនាទី​ស្រាវជ្រាវ កត់ត្រា និង​ចងក្រង​ឯកសារ​លំអិត ស្ដីពី​របាំ​បុរាណ​ខ្មែរ ជាមួយ​គ្រូ​ចាស់ៗ​នៅក្នុង​សកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផងដែរ​។ ការស្រាវជ្រាវ​នោះ​ផ្ដោតលើ​តួ​នាង តួ​នាយ​រោង តួយក្ស តួ​ស្វា ចម្រៀង​របាំ​បុរាណ និង​ភ្លេង​ផងដែរ សម្រាប់​ទុកជា​ឯកសារ​ឱ្យ​សិស្ស​និង​ក្មេងជំនាន់ក្រោយ​ស្រាវជ្រាវ​បាន​ទូលំទូលាយ​។


 
«​ឯកសារ​ទាំងនេះ​គឺ​សំខាន់​ខ្លាំងណាស់ សម្រាប់​សិស្ស​ជំនាន់​ក្រោយ ក៏ដូចជា​ការស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​សិល្បៈ​បុរាណ​របស់​ខ្មែរ​យើង​។ ការងារ​នេះ លោកគ្រូ​និង​អ្នកគ្រូ គាត់​ប្រឹងប្រែង​ខ្លាំងណាស់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ នាដកា​របាំ វណ្ណ​កុ​សន​។​
 
​បាន​ចូល​បម្រើការ​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៅ​ឆ្នាំ​២០១៧ នាដកា​របាំ​ដែលមាន​ទេពកោសល្យ​ខ្ពស់​រូបនេះ តាមពិតទៅ​ពិតជា​មានសំណាង ព្រោះ​នាង​ទទួលបាន​ការជួយជ្រោមជ្រែង​ទាំង​ផ្នែក​ស្មារតី កម្លាំងកាយ​និង​ចិត្ត ពី​ម្ដាយ​ឪពុក​ក្នុងការ​ហាត់រៀន​របាំ​បុរាណ​។ 
 
​សេរី វណ្ណ​កុ​សន បញ្ជាក់បន្ថែម​ដូច្នេះ​៖«​កាលពី​ជំនាន់​ខ្ញុំ​នៅ​តូចៗ ចាស់ៗ​គាត់​ឱ្យ​តម្លៃ​អ្នករៀន​សិល្បៈ​ណាស់ ព្រោះ​គាត់​គិតថា​កូន​នឹង​បាន​ហាត់ពត់លត់ដំ​ទាំង​រាងកាយ អប់រំ​ទាំង​ចិត្តគំនិត​និង​អត្តចរិត​។ ម្ដាយ​ឪពុក​របស់ខ្ញុំ ចង់ឱ្យ​ខ្ញុំ​រៀន​សិល្បៈ ព្រោះ​គាត់​ចង់ឱ្យ​ខ្ញុំ ក្លាយជា​ក្មេងស្រី​សុភាពរាបសារ មាន​សីលធម៌ រមទម និង​មាន​វិន័យ​។ សម្រាប់​ខ្ញុំ សិល្បៈ​បាន​ជួយ​អប់រំ​ផ្លូវចិត្ត ស្មារតី និង​វិន័យ​ក្នុង​ការរស់នៅ​របស់ខ្ញុំ​»​។ 
 
​បើទោះបីជា​ជំនាញ​សិល្បៈ​វប្បធម៌​ជាតិ​មួយ​នេះ បាន​ជួយ​ឱ្យ​កញ្ញា សេរី វណ្ណ​កុ​សន ស្គាល់​ពិភពលោក​ខាងក្រៅ ក៏ដូចជា​មានការ​ងារ​សមរម្យ​ធ្វើ ហើយ​ពេលខ្លះ​វា​ធ្វើឱ្យ​នាង មាន​មោទកភាព​ចំពោះ​ខ្លួនឯង​ក៏ដោយ ប៉ុន្តែ​ទោះជា​យ៉ាងណា ពាក្យ​ចំអក​ឡកឡាយ​ក៏​ធ្លាប់​កើត​លើ​រូបនាង​ដែរ​។


 
«​កាល​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​ខាងក្រៅ​(​ក្រៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​) គេ​ថា​គ្រាន់តែ​លើកដៃ​រាំ​ក៏បាន​ប្រាក់​ដែរ មិនឃើញ​ពិបាក​អ្វី​ផង​។ ប៉ុន្តែ​មិន​អ៊ីចឹង​ទេ បើ​អ្នករបាំ​មិន​ពូកែ មិនអាច​ទៅ​រាំ​នៅមុខ​មនុស្ស​រាប់ពាន់នាក់​បានឡើយ​។ អ្នករបាំ​ត្រូវតែមាន​ការចងចាំ​ខ្លាំង ដើម្បី​ចាំ​រាល់​ក្បាច់​នីមួយៗ ត្រចៀក​ត្រូវ​ស្ដាប់ភ្លេង ភ្នែក​ត្រូវ​មើល​ក្រឡា​រាំ​ឱ្យ​ស្មើគ្នា និង​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ដងខ្លួន រឿង​ទាំងនេះ​គឺ​អ្នករបាំ​ត្រូវធ្វើ​ក្នុងពេល​តែមួយ​»​។ ទាំងនេះ​គឺជា​អ្វីដែល​កញ្ញា សេរី វណ្ណ​កុ​សន តែងតែ​និយាយ​លួងលោម​ចិត្ត​ខ្លួនឯង​។​
 
​ដ្បិតតែ​ពេលនេះ​នាដកា​របាំ​បុរាណ សេរី វណ្ណ​កុ​សន បានបញ្ចប់​បរិ​ញ្ញា​ផ្នែក​ដឹកនាំ​រឿង​របាំ​ក្បាច់​ខ្មែរ​បុរាណ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​បានបញ្ចប់​បរិ​ញ្ញា​អប់រំ​ជំនាញ​ភាសា​អង់គ្លេស នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​នាង​ក៏មាន​ការងារ​រដ្ឋ​ធ្វើ​សមរម្យ​ហើយ​ក៏ដោយចុះ ប៉ុន្តែ​នារី​ស្រស់​ក្មេង​រូបនេះ នៅតែ​ឱ្យ​តម្លៃ​លើក​ការសិក្សា​។ មានបំណង​បន្ត​ការសិក្សា​ទៅ​ថ្នាក់អនុបណ្ឌិត ហើយក៏​មាន​ក្ដី​ប្រាថ្នា​ចង់ទៅ​រៀន​នៅក្រៅ​ប្រទេស​ផង សេរី វណ្ណ​កុ​សន ថា​មានតែ​ចំណេះដឹង​ទេ ទើប​ធ្វើឱ្យ​ជីវិត​នាង​កាន់តែ​ប្រសើរឡើង​។​
 
​កញ្ញា​ពន្យល់​៖«​ខ្ញុំ​លើកទឹកចិត្ត​សិល្បករ ឱ្យ​ពង្រឹងសមត្ថភាព​ចំណេះដឹង​ទូទៅ និង​ភាសាបរទេស​ជានិច្ច ដើម្បី​អាច​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​យើង​កាន់តែ​បាន​ច្រើន​។ ចំណេះដឹង​ពិតជា​សំខាន់ វា​ធ្វើឱ្យ​ជីវិត​របស់​យើង​បាន​ប្រសើរឡើង​។ យើង​ស្គាល់​ពិភពលោក​កាន់តែច្បាស់ ក៏​ដោយសារ​ចំណេះដឹង​ដែរ ដូច្នេះ​ខ្ញុំ​ត្រូវតែ​រៀន​បន្ត គឺ​រៀន​ជានិច្ច​។ មាន​មធ្យោបាយ​ច្រើនណាស់ ដែល​យើង​អាច​រៀន​បាន បើទោះបីជា​យើង​មិនបាន​ចូល​សាលា​ក៏ដោយ សំខាន់​យើង​មាន​ឆន្ទៈ​ក្នុង​ការចង់​ចេះ​ចង់ដឹង​»៕

Tag:
 សេរី វណ្ណ​កុ​សន​
  របាំ​ក្បាច់​ខ្មែរ​បុរាណ​
  សិល្បៈ​
  វប្បធម៌​
  រាំ​បាំ​
  បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com