COVID-19
ជាតិ
ក្រសួងការងារ ផ្អាកការបង្រៀននៅគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
× ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅភ្នំពេញនិងខេត្តកណ្ដាលរយៈពេល២សប្ដាហ៍។ ការផ្អាកនេះ ធ្វើឡើងដើម្បីបង្ការការឆ្លងកូវីដ-១៩ ចូលគ្រឹះស្ថាននិងរីករាលដាលក្នុងសហគមន៍។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនឹងផ្អាកការបណ្ដុះបណ្ដាលរយៈពេល២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០នេះ។ ជាមួយគ្នាដែរ ក្រសួងការងារបានបញ្ជាក់ថា៖ «គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយឬអនឡាន។ វិធានការនេះគឺ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការរីករាលដាលក្នុងស្គមន៍»។
ទន្ទឹមនឹងនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍ផងដែរ។ លើកពីនេះ រដ្ឋាភិបាលក៏បានសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសជាថ្មីម្ដងទៀតដែរ។
គិតត្រឹមថ្ងៃទី៩វិច្ឆិកានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩៧នាក់។ ក្នុងនោះ មាន២៨៨ បានជាសះស្បើយ និង៩នាក់ទៀតកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕
Tag:
កូវីដ-១៩
គ្រឹះស្ថានអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com