ជាតិ
​កសិករ​ជាង​១​ម៉ឺន​គ្រួសារ​នៅ​បាត់ដំបង ទទួលបាន​ស្បៀង និង​ស្រូវពូជ​ពី​រដ្ឋាភិបាល​
10, Nov 2020 , 7:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​បន្ត​ចែក​ពូជស្រូវ និង​ស្បៀង​ដល់​គ្រួសារ​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១០,២០០​គ្រួសារ​ក្នុង​ខេត្តបាត់ដំបង ដើម្បី​ស្ដារឡើងវិញ​នូវ​ដំណាំ​ស្រូវ​ដែល​បាន​ខូចខាត​។ ពិធី​ចែក​ពូជស្រូវ និង​ស្បៀង​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ខេត្តបាត់ដំបង ដោយមាន​ការចូលរួម​ពីស​ម្ដេច ស ខេង តំណាង​សម្ដេច ហ៊ុន សែន​។​

 
​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​លើកឡើងថា បច្ចុប្បន្ននេះ ទឹកជំនន់​បាន​ស្រក​ទៅវិញ ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ខេត្ត ក្នុងការ​ស្តារឡើងវិញ​នូវ​វិស័យ​កសិកម្ម​ដែល​រង​ការខូចខាត​។ អភិបាលខេត្ត​បាត់ដំបង​រូបនេះ បន្តថា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ធ្វើការ​វាយតម្លៃ និង​ជា​លទ្ធផល គ្រួសារ​ដែល​អាច​ស្តារឡើងវិញ​បាន​តាម​ការធ្វើ​កសិកម្ម​ដំណាំ​ស្រូវ មាន​ចំនួន ១០,៥០០ គ្រួសារ​ស្មើនឹង ១០,៥០០ ហិកតា នៃ​ក្រុង​-​ស្រុក​ចំនួន​៨ លើ​ឃុំ ៤៨​ស្មើនឹង ២៣១ ភូមិ​។​
 
​តាមរយៈ​ពិធី​ចែក​ពូជស្រូវ និង​ស្បៀង​នេះ កសិករ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​មួយ​គ្រួសារ ទទួលបាន​ពូជស្រូវ ១០០​គីឡូក្រាម​, អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹក​ស៊ី​អី​វ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹក​សុទ្ធ​១​កេស​, ឃី​ត​១​កញ្ចប់ និង​ថវិកា ៥​ម៉ឺន​រៀល​។​
 
​ថ្លែង​នាឱកាស​នោះ សម្តេច ស ខេង ក៏បាន​ណែនាំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​មានការ​រាតត្បាត​នៅលើ​សកលលោក ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​បាន កត្តា​សំខាន់​ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិ​បាន​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​កុំឱ្យ​ខ្លួន​យើង គ្រួសារ សហគមន៍​និង​ប្រទេសជាតិ​យើង​គ្មាន​ជំងឺ​កូ​វីដ​-១៩​។​
 
​សូមបញ្ជាក់ថា​ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ចំនួន ៧២,៨២០​គ្រួសារ ប៉ះពាល់​ដំណាំ​ស្រូវ​សរុប ១២៧,១៨៩​ហិកតា បណ្ដាល​ឲ្យ​ខូច​ដំណាំ​ស្រូវ ៤២,៥១៧​ហិកតា និង​ប៉ះពាល់​ដំណាំ​ផ្សេងៗ ៦៣,៥១៧​ហិកតា និង​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​បាត់បង់​ជិវិត​នោះទេ​៕
 

Tag:
 ​ជំនន់​
 ​ចែក​ស្រូវពូជ
© រក្សាសិទ្ធិដោយ thmeythmey.com