ជាតិ
កម្ពុ​ជាមាន​សត្វ​ដំរី​ជាង​៦០០​ក្បាល ភាគច្រើន​រស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខ្ពង់រាប​ទន្លេសាប និង ខេត្តមណ្ឌលគិរី​
10, Nov 2020 , 8:59 am        
រូបភាព
ប្រភពរូបពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
ប្រភពរូបពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
​ភ្នំពេញ​៖ បទល្មើស​បរបាញ់​សម្លាប់​សត្វ​«​ដំរីព្រៃ​» យក​ភ្លុក និង​កន្ទុយ ដើម្បី​ប្រើប្រាស់​ទៅតាម​ជំនឿ​ពី​បុរាណ​នៅ​កម្ពុជា គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា  រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយ​សព្វថ្ងៃ​កម្ពុជា មាន​ដំរី​អាស៊ី​ប្រមាណ​ពី​៤០០​ទៅ​៦០០​ក្បាល និង​ដំរី​ស្រុក ៧១​ក្បាល​។



​តាមរយៈ​សារ​ជា​សំណេរ​របស់លោក នេត្រ ភក្ត្រា ដែល​ផ្តល់ឱ្យ​ក្រុម​អ្នកសារព័ត៌មាន តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​(Telegram) នា​រសៀល​ថ្ងៃទី​៩​វិ​ចិ្ឆ​កា បាន​អះអាងថា​បច្ចុប្បន្ន បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ គឺ​ស្ទើរតែ​គ្មាន​ដោយសារតែ​ការអនុវត្ត​ច្បាប់​តឹងរឹង​និង​យ៉ាង​ល្អ​ពី​អាជ្ញាធរ ខណៈ​កម្ពុជា​សត្វ​ដំរី​អាស៊ី​របស់​កម្ពុជា មាន​ពី​៤០០​ទៅ​៦០០​ក្បាល​នោះ ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​, តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ជីវៈចម្រុះ​ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ រីឯ សត្វ​ដំរី​ស្រុក​វិញ មាន​៧១​ក្បាល​។​


 ប្រភពរូបពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ 

​ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ​សកលលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិច​រិល​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​បន្តថា សម្រាប់​កម្ពុជា​នៅក្នុង​តំបន់​ទេសភាព​ភាគ​ខាងកើត មានការ​កត់សម្គាល់ថា មាន​ដំរី​ស្លាប់​ចំនួន​៨​ក្បាល ដោយ​ក្នុងនោះ​មាន​ទាំង​កូនដំរី និង​ដំរី​ធំ​។ ចំពោះ​ករណី​ដំរី​ធំ​ងាប់ គឺ​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​។​
 
​តាម​លទ្ធផល​ពី​ការបំពាក់​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ថ្មីៗ​នេះ ក្នុងចំណោម​កូនដំរី​៧​ក្បាល មាន​៤​ក្បាល ដែលមាន​អន្ទាក់​នៅជាប់​នឹង​ជើង ហើយក៏​មានកូន​ដំរីព្រៃ​មួយ​ក្បាល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់​ផងដែរ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា ឯកឧត្តម ដោយ​បន្ត​ដូច្នេះ​៖«​ភស្តុតាង​នេះ​បាន​បញ្ជាក់ថា ការប្រើប្រាស់​អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​នៅឡើយ ហើយក៏​ជា​គ្រោះថ្នាក់​ដល់​សត្វ​ដំរី​អាស៊ី​ផងដែរ ព្រោះ​វា​អាច​បណ្តាលឱ្យ​សត្វ​ដំរី​រងរបួស និង​ស្លាប់​បាន​»​។​
 
​កាលពីដើមឆ្នាំ​២០១៩ សត្វ​ដំរីព្រៃ​វ័យ​ចំណាស់​មួយ​ក្បាល​បាន​ស្លាប់​ដោយ​នឹង​គ្រាប់កាំភ្លើង​កែច្នៃ​នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​របស់​ប្រជាពលរដ្ឋ នៅក្បែរ​ដែនជម្រកសត្វព្រៃ​កែ​សីមា ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ភ្លុក​និង​កន្ទុយ​របស់​វា​ត្រូវបាន​គេ​លួច​កាត់​យកទៅ​បាត់​។ នៅ​ឆ្នាំ​២០២០​នេះ កូនដំរី​ព្រៃ​ចំនួន​២​ក្បាល គឺ​បាន​ងាប់​នៅក្នុង​ខេត្តមណ្ឌលគិរី ដោយមាន​១​ក្បាល ងាប់​ដោយសារ​លង់ទឹក​ព្រោះ​ជើង​ជាប់​នឹង​ល្បាក់​ថ្ម និង​១​ក្បាល​ទៀត​កើតមក​មិនមាន​សុខភាព​ល្អ បាន​ស្លាប់​ទៅវិញ​ក្រោយ​ក្រុមមន្ត្រី​ជួយសង្គ្រោះ​។ 


ប្រភពរូបពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ 

​ជាមួយគ្នានេះ អ្នកជំនាញ​ក៏បាន​ព្រមាន​ថា ប្រសិនបើ​អាត្រា​ស្លាប់​នៃ​កូនដំរី​ព្រៃ​ខ្ពស់​ដោយសារតែ​រងរបួស​ពី​អន្ទាក់ នោះ​ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា អាចមាន​បញ្ហា​ប្រឈម​ខ្ពស់​ក្នុងការ​ផុត​ពូជ ខណៈ​ការបន្ត​ពូជ​របស់​ដំរី​អាស៊ី មាន​រយៈពេល៥​ឆ្នាំ​បង្កើត​បានកូន​មួយ​។ ចំពោះមុខ​នៃ​ការគំរាមកំហែង​នេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី មាន​ឈ្មោះថា​៖ «​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG)» ដែល​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥​មក​។ បើតាម​លោក នេត្រ ភក្ត្រា សម្រាប់​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស ត្រូវបាន​រៀបចំឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយ​កំណត់​នូវ ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក​, ការអភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ , ការពង្រឹង​ការអនុវត្ត​ច្បាប់​, ការបង្ការ​មិន​ឱ្យមាន​ការចាប់​ដំរីព្រៃ​មក​ចិញ្ចឹម​, ការបន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស និង​ការអប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដែលជា​ទិស​ជៅ​អទិភាព​។ 
 
​លោក នេត្រ ភ​ក្រា្ត បាន​បញ្ជាក់ថា​តាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នៅ​កម្ពុជា នេះ​ត្រូវការ​ថវិកា​ចំនួន​៤០,៥​លាន​ដុល្លារ  ដែលជា​គម្រោង​ថវិកា​នឹង​រំពឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​នានា​៕ 


ប្រភពរូបពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ 
 

Tag:
 ដំរី​
 ​មណ្ឌលគិរី​
  នេត្រ ភក្ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com