COVID-19
ជាតិ
សុខភាព
មនុស្ស​ ​១,១៤០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩
10, Nov 2020 , 10:12 am        
រូបភាព
​នា​ព្រឹក​ថ្ងៃទី​១០​វិ​ចិ្ឆ​កា ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​មនុស្ស​រហូតដល់​១១៦៦​នាក់ មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ជាមួយ​គណៈប្រតិភូ​លោក​Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​គេ​រកឃើញ​កូ​វីដ​-១៩ ពេលទៅដល់​ប្រទេស​ថៃ​។



​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​នោះ គឺ​បានធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩​ជា​លើក​ទី​២​អស់ហើយ ដោយ​លទ្ធផល​មាន​មនុស្ស​៣​នាក់ វិជ្ជមាន​នៃ​ជំងឺ​នេះ​។ ចំណែក​មនុស្ស​១,១៤០​នាក់​(​រួមទាំង​សម្តេច ហ៊ុន សែន និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​នានា​) អវិជ្ជមាន​កូ​វីដ​១៩ ។ រីឯ​២៣​នាក់​ទៀត មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​។​
 
​សម្រាប់​មនុស្ស​៣​នាក់​ដែល​បាន​ឆ្លង​កូ​វីដ​-១៩ ពី​គណៈប្រតិភូ​ហុង​គ្រី​នោះ មាន លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​នៃ​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម​។ ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា កម្ពុ​ជាមាន​មនុស្ស​ចំនួន​៤​នាក់​ហើយ ដែល​បាន​ឆ្លង​កូ​វីដ​-១៩​ពី​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ 
 
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ដល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​៣​វិ​ចិ្ឆ​កា​ទាំងអស់ ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១​និង​លើក​ទី​២​អវិជ្ជមាន​នៃ​វីរុស​កូ​វីដ​១៩ ចាំបាច់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់​ចង់​ជាទីបំផុត ដោយ​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​លើក​ទី​៣ និង​ទី​៤​ចេញ​ជា​ផ្លូវការ​។ ជាពិសេស​គឺ​កុំ​ធ្វើដំណើរ​ចេញ​បន្ទប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យសោះ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៣០០​នាក់​។ ក្នុងនោះ មាន​២៨៨​នាក់ បានជា​សះស្បើយ និង​១២​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​៕

Tag:
 COVID-19
  ព្រឹត្តិការណ៍​៣​វិច្ឆិកា​
© រក្សាសិទ្ធិដោយ thmeythmey.com