អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ បណ្ដេញរដ្ឋមន្ត្រីការពារជាតិចេញពីតំណែង រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ថ្លែងសុន្ទរកថានាពេលកន្លងទៅ ដោយមានលោក ដូណាល់ ត្រាំ នៅឈរអម ។ រូបភាព៖ AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបណ្ដេញលោក ម៉ាក អេស្ពើ ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ។ ការបណ្ដេញចេញនេះ ជាការបញ្ចប់ពាក្យលេចឮកន្លងថា លោក អេស្ពើ នឹងចាកចេញពីមន្ទីរបញ្ចកោណ។ លោក ត្រាំ ដែលមិនទាន់ទទួលស្គាល់លទ្ធផលបរាជ័យនោះ ក៏កំពុងជួបរឿងរ៉ាវក្នុងគ្រួសារដែរ។
លោក ដូណាល់ ត្រាំ ដែលគ្មានជំហរព្រមចុះចាញ់លោកបៃឌិន នៅថ្ងៃទី ៩ ខែវិច្ឆិកា បានប្រកាសតាមTwitter បណ្ដេញរដ្ឋមន្ត្រីការពារអាមេរិក ម៉ាក អេស្ពើ ពីតំណែង ហើយដំឡើងប្រធានមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងអំពើភេរវកម្មជាតិ Christopher Miller ធ្វើជារដ្ឋមន្ត្រីស្តីទីវិញ។
កន្លងទៅ លោក ត្រាំ ធ្លាប់មានរឿងខ្វែងគំនិតគ្នាច្រើនជាមួយលោក អេស្ពើ ជាពិសេសក្រោយរដ្ឋមន្ត្រីរូបនេះបង្ហាញជំហរប្រឆាំងរបស់លោកត្រាំក្នុងការប្រើកងកម្លាំងយោធាដើម្បីបង្ក្រាបក្រុមបាតុករតវ៉ាជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រភពមួយចំនួន អះអាងថា លោករដ្ឋមន្ត្រី Esper បានត្រៀមខ្លួនសុំលាលែងពីតំណែងកំពូលនេះ ក្រោយយប់បោះឆ្នោតកាលពីសប្ដាហ៍មុន ប្រសិនបើលោកត្រាំឈ្នះមួយអាណត្តិទៀត។ យ៉ាងណាមិញ មូលហេតុដែលលោកត្រាំបណ្ដេញលោក Esper ទោះអាណត្តិលោកជិតផុតហើយនោះ ពុំត្រូវបានបញ្ជាក់ជាក់លាក់ឡើយ។
ទាក់ទិនដំណឹងដ៏ភ្ញាក់ផ្អើលនេះ ប្រធានសភាតំណាងមកពីបក្សប្រជាធិបតេយ្យ អ្នកស្រី ណាន់ស៊ី ផេឡូស៊ី បានប្រតិកម្មថា ការបណ្ដេញលោករដ្ឋមន្ត្រី អេស្ពើ ជាភស្តុតាងគួរឲ្យព្រួយបារម្ភមួយដែលលោកត្រាំ មានចេតនាប្រើប្រាស់ពេលវេលាចុងក្រោយលោកក្នុងសេតវិមានបញ្ឆេះចលាចលក្នុងលទ្ធិប្រជាធិបតេយ្យអាមេរិក និងនៅជុំវិញពិភពលោក។
ស្របគ្នានឹងការជម្នះមិនទាន់ប្រកាសចុះចាញ់ លោក ត្រាំ កំពុងមានបញ្ហាក្នុងគ្រួសារដែរ។ លោក Jared Kushner ដែលជាកូនប្រសារ និងជាទីប្រឹក្សាសេតវិមានជាន់ខ្ពស់ម្នាក់ផងនោះ បានប្រាប់ឲ្យលោក ត្រាំ ព្រមទទួលស្គាល់លទ្ធផលចាញ់ឆ្នោត។ នេះតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN នៅថ្ងៃទី៩ ខែវិច្ឆិកា។ ចំណែក ស្ត្រីទីមួយ Melania វិញ ក៏បានលើកបញ្ហានេះដូចគ្នាទៅកាន់ស្វាមីអ្នកស្រីផងដែរ។
យ៉ាងណាមិញ កូនប្រុសទាំងពីររបស់លោកត្រាំ រួមមាន ដូណាល់ Jr. និង Eric បានទទូចឲ្យឪពុកពួកគេប្រយុទ្ធតតាំងលទ្ធផលឆ្នោតនេះបន្តទៀត។ ពួកគេ ហើយក៏ជំរុញឲ្យតំណាងរាស្ត្របក្សសាធារណរដ្ឋនិងអ្នកគាំទ្របដិសេធលទ្ធផលឆ្នោត ដែលប្រកាសដោយសារព័ត៌មានធំៗអាមេរិកផងដែរ ។
នៅមុនរបាយការណ៍របស់CNNខាងលើ ក៏មានលេចធ្លាយព័ត៌មានមួយដែលបានចុះផ្សាយថា អ្នកស្រី Malania ទន្ទឹងរង់ចាំលែងលះលោកប្រធានាធិបតី។ ពាក្យចចាមអារ៉ាមនេះ គឺចេញពីមាត់របស់អតីតទីប្រឹក្សាលោកត្រាំ អ្នកស្រី Omarosa Manigault Newman ដែលបានប្រាប់ទីកាន់សារព័ត៌មានអង់គ្លេសមួយថា៖«អ្នកស្រី Malania កំពុងរាប់រាល់នាទីទាំងអស់ រហូតដល់លោក (ត្រាំ) ចេញពីសេតវិមាន ដូច្នេះអ្នកស្រីអាចលែងលះ»៕
Tag:
ដូណាល់ ត្រាំ
ការបោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com