COVID-19
ជាតិ
អ្នកល្មើសវិធានការចត្តាឡីស័ក នឹងត្រូវពិន័យពី២០ម៉ឺនរៀលទៅ១លានរៀល
29, Nov 2020 , 11:25 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ស្ថិតក្នុងសន្និសីទសារព័ត៌មាន​កន្លងមក
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ស្ថិតក្នុងសន្និសីទសារព័ត៌មាន​កន្លងមក
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានដាក់ចេញវិធានការ១០ប្រការ ក្នុងការធ្វើចត្តាឡីស័ក។ បុគ្គលណា ធ្វើខុសនឹងវិធានការនេះ បុគ្គលនោះ នឹងត្រូវរងពិន័យ។

 


ក្រសួង បញ្ជាក់ថា ករណីបុគ្គលណាម្នាក់ មិនអនុវត្តតាមវិធានការនៃការធ្វើចត្តាឡីស័ក នឹងត្រូវពិន័យពី២០ម៉ឺនទៅ១លានរៀល។ ក្រសួង បន្តថា លើសពីនេះ អ្នកល្មើសនោះ ក៏នឹងត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌផងដែរ។ 

វិធានការទាំង១០ប្រការ រួមមាន៖

១ នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)។ 

២ តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្ដៅរាល់ថ្ងៃ។ ប្រសិនបើកម្ដៅលើស ៣៧.៥អង្សារ ឬរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅទូរស័ព្ទ ១១៥។

៣ នៅដាច់ដោយឡែកពីសមាជិតគ្រួសារ ដោយរស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ អ្នកចត្តាឡីស័ក ត្រូវបរិភោគអាហារនិងប្រើប្រាស់បន្ទប់ទឹកផ្សេងផងដែរ។ ក្រៅពីនេះ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច ហើយមានគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

៤ ប្រើប្រាស់សម្ភារៈដោយឡែកពីសមាជិកគ្រួសារ។ លើសពីនេះ អ្នកចត្តាឡីស័ក ត្រូវលាងសម្អាតសម្ភារៈដែលប្រើប្រាស់ហើយ ជាមួយទឹកស្អាតនិងសាប៊ូឲ្យបានស្អាត។ រីឯ សម្លៀកបំពាក់ត្រូវបោកគក់ឲ្យស្អាតនិងហាលថ្ងៃឲ្យបានល្អ។

៥ លាងដៃជាមួយសាប៊ូ ទឹកស្អាត អាល់កុល និងជែលលាងដៃ ឲ្យបានញឹកញាប់នៅពេលមុខនិងក្រោយបរិភោគអាហារ។

៦ ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយក្រម៉ា កន្សែង ក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ។ ឡែក កន្សែង ក្រដាស ដែលបានប្រើរួច ត្រូវលាងស្អាតឬចោលក្នុងធុងសំរាម។

៧ បរិភោគអាហារដែលចំអិនបានល្អ ដូចជាត្រី សាច់បន្លែ ផ្លែឈើ។ ក្រៅពីនេះ អ្នកចត្តាឡីស័កត្រូវបន្ថយជាតិខ្លាញ់ ប្រៃ ផ្អែម ដើម្បីពង្រឹងប្រព័ន្ធការពារសារពាង្គកាយ។

៨ អនាម័យឲ្យបានល្អក្នុងការរស់នៅ និងរក្សាអារម្មណ៍ឲ្យនឹងនរ តាមរយៈធ្វើការធម្មតា និងហាត់ប្រាណក្នុងផ្ទះ។ ដោយឡែក ការងារសម្អាតបន្ទប់រស់នៅផ្ទាល់ខ្លួន បន្ទប់ទឹក និងសម្ភារៈផ្សេងៗ ត្រូវសម្អាតដោយខ្លួនឯង។

៩ បញ្ចប់ការអនុវត្ត ការធ្វើចត្តាឡីស័ក គឺអនុញ្ញាតបាន ប្រសិនបើអនុវត្តត្រឹមត្រូវតាមវិធានការចត្តាឡីស័កនៅផ្ទះបានគ្រប់១៤ថ្ងៃ ហើយគ្មានរោគសញ្ញាជំងឺ និងបញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមានពីមន្ទីរពិសោធន៍នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។

១០ ទំនាក់ទំនងក្នុងករណីចាំបាច់និងបន្ទាន់ សម្រាប់អ្នកចត្តាឡីស័ក ប្រសិនបើត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្រ្ត ត្រូវទាក់ទងទៅលេខទូរស័ព្ទ ១១៥ របស់ក្រសួងសុខាភិបាលដោយមិនគិតថ្លៃ។



Tag:
 COVID-19
  ចត្តាឡីស័ក
  ពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com