សង្គមអន្តរជាតិ
អន្តរជាតិ
ចិន និងរុស្ស៊ី មិនទាន់អបអរជ័យជម្នះរបស់លោក បៃឌិន ដោយចាំលទ្ធផលផ្លូវការសិន ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បោះដៃរកប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព Xinhua
× បន្ទាប់ពីទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ លោក ចូ បៃឌិន ត្រូវបានមេដឹកនាំប្រទេសជាច្រើន អបអរសាទរ និងផ្ញើរសាររំពឹងកិច្ចសហប្រតិបត្តិការជាមួយអាមេរិក។ ប៉ុន្តែមេដឹកនាំចិន រុស្ស៊ី និងបណ្តាប្រទេសមួយចំនួនទៀត មិនទាន់ចេញសេចក្តីថ្លែងការណ៍អបអរសាទរលោក បៃឌិន ដោយរង់ចាំលទ្ធផលផ្លូវការសិន។
ប្រសិនគ្មានការប្រែប្រួលទេ លោក ចូ បៃឌិន នឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ នៅចុងខែមករាឆ្នាំ២០២១ខាងមុខ។ ចិន និងរុស្ស៊ី ជាមហាអំណាចពីរដែលមិនទាន់បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក បៃឌិន ខណៈអង់គ្លេស បារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានអបអរពេលចេញលទ្ធផលឈ្នះភា្លមៗ។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជាមេដឹកនាំមួយរូប ក្នុងចំណោមមេដឹកនាំមួយចំនួនទៀត ដែលមិនទាន់ផ្ញើលិខិតអបអរសាទរលោក បៃឌិន បន្ទាប់ពីទទួលបានសម្លេងគ្រប់គ្រាន់ក្នុងការធ្វើជាប្រធានាធិបតី។ «យើងពិចារណាថា ត្រូវរង់ចាំរហូតដល់លទ្ធផលផ្លូវការត្រូវបានសម្រេចចុងក្រោយ»។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ប្រធានាធិបតីរុស្ស៊ីនៅតែគោរពពីការសម្រេចចិត្តរបស់ប្រជាជនអាមេរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង វិញ ក៏មិនទាន់អបអរសាទរលោកបៃឌិន ដូចលោក ពូទីន ដែរ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin លទ្ធផលនៃការបោះឆ្នោត ត្រូវបានកំណត់ដោយនីតិវិធី និងច្បាប់អាមេរិក ហើយចិននឹងគោរពទៅតាមគោលការណ៍ទាំងនោះសិន។ ក្នុងន័យនេះ បើទោះបីជាលោក បៃឌិន បានឈ្នះសម្លេងប្រតិភូគ្រប់គ្រាន់ ក្នុងការធ្វើជាប្រធានាធិបតីអាមេរិកក៏ពិតមែន ប៉ុន្តែចិនត្រូវរង់ចាំរហូតដល់មានការតែងតាំងជាផ្លូវការ ទើបអបអរលោក បៃឌិន។
បើទោះបីមេដឹកនាំប្រទេសមួយចំនួនចេញសារហើយក្ដី លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ហាក់មិនបានចាប់អារម្មណ៍នឹងការបោះឆ្នោតអាមេរិកឡើយ។ មកទល់ពេលនេះ លោក គីម មិនបានបញ្ចេញមតិអ្វីឡើយជុំវិញបញ្ហានេះទេ ចំណែកទីភ្នាក់ងារព័ត៌មាន KCNA វិញ ក៏បញ្ចៀសពីការចុះផ្សាយជុំវិញការបោះឆ្នោតនៅអាមេរិកដែរ។
ក្រៅពីមេដឹកនាំទាំងបីខាងលើ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan, ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador មិនទាន់ផ្ញើលិខិតអបអរសាទរលោកបៃឌិន ដោយរង់ចាំរហូតដល់លទ្ធផលផ្លូវការសិន ខណៈប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលជាប់ឈ្មោះថា ត្រាំ ប្រេស៊ីល នោះ មិនបាននិយាយអ្វីឡើយជុំវិញការបោះឆ្នោតនៅអាមេរិក៕
Tag:
អាមេរិក
ចិន
រុស្ស៊ី
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com