ជាតិ
សង្គមជាតិ
សិស្សថ្នាក់ទី១២ អាចសាកល្បងប្រឡងមុខវិជ្ជាបាក់ឌុប តាមប្រព័ន្ធពង្រឹងសមត្ថភាពរបស់ក្រសួងអប់រំ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ សម្រាប់ឲ្យពួកគេអាចតេស្តសមត្ថភាព ដើម្បីឲ្យដឹងពីកម្រិតចំណេះដឹងរបស់ពួកគេ សម្រាប់ត្រៀមខ្លួនប្រឡងបាក់ឌុបនៅថ្ងៃខាងមុខ។ សិស្សានុសិស្សអាចតេស្តសមត្ថភាពលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា តាមរយៈ https://exam.moeys.gov.kh។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ប្រព័ន្ធនេះនឹងធ្វើឲ្យសិស្សថ្នាក់ទី១២ទាំងអស់ អាចពង្រឹង និងតេស្តសមត្ថភាពខ្លួនឯងនៅលើប្រព័ន្ធអ៊ីនធឺណិត តាមរយៈទូរសព្ទស្មាតហ្វូន និងកុំព្យូទ័រ ទៅលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។
លោកបានរៀបរាប់ដូច្នេះថា៖«គិតមកដល់ពេលនេះ ជាដំណាក់កាលដែលក្រសួងអប់រំ យុវជន និងកីឡាបន្តស្វាគមន៍សិស្សានុសិស្សឲ្យចូលមកប្រើប្រាស់យន្តការ ប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ដែលបង្កើតឡើង សម្រាប់សិស្សពង្រឹង និងតេស្ដសមត្ថភាពខ្លួនឯងនៅលើប្រព័ន្ធអ៊ីនធឺណិត»។
អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា ក្នុងករណីសិស្សានុសិស្សមានចម្ងល់លើការប្រើប្រាស់ប្រព័ន្ធធ្វើតេស្តសមត្ថភាពនេះ ពួកគេអាចខលទាក់ទងក្រសួងអប់រំ ដើម្បីសុំការពន្យល់បន្ថែម (លេខ០៦៦ ៩០១ ៨០០)។
កន្លងមកក្រសួងអប់រំបានអនុញ្ញាតឲ្យបើកសាលារៀនក្នុងដំណាក់កាលទី២ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ចូលរៀនវិញមក។ នៅវិទ្យាល័យសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ខេត្តកណ្តាល បានរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបសាកល្បងសមត្ថភាពសិស្ស មុនការប្រឡងផ្លូវការមកដល់។ លទ្ធផលប្រឡងរបស់សិស្ស បានបង្ហាញថា ភាគច្រើនអ្នកប្រឡងឌីប្លូម មានអត្រាធ្លាក់ច្រើន ដោយអ្នកប្រឡងបាក់ឌុបមាននិទ្ទេសត្រឹមB ដល់F។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះនឹងនៅតែរឹតបន្តឹងដូចនឹងការប្រឡងឆ្នាំមុនៗផងដែរ។ លោកអះអាងថា ប្រសិនជាមានអត្រាធ្លាក់ច្រើន ក៏ក្រសួងពុំផ្តល់ឱកាសឲ្យពួកគេប្រឡងម្តងទៀតឡើយ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះមានជាង១២ម៉ឺននាក់ ដោយមានមណ្ឌលប្រឡងចំនួន២១០មណ្ឌល៕
Tag:
សិស្ស
បាក់ឌុប
ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com