កីឡាជាតិ
ជាតិ
Ladies First! បឹងកេត និង​វិសាខា ដែលមាន​ស្ត្រី​ជា​ប្រធាន លើក​ពាន​រៀងៗ​ខ្លួន​នៅ​ឆ្នាំនេះ​
10, Nov 2020 , 7:29 pm        
រូបភាព
លោកស្រី កែ សួនសុភី (ឆ្វេង)លើកបង្ហាញមេដាយ និងពានសម្តេច ហ៊ុន សែន និងលោកស្រី ពុធ ធីតា បង្ហាញបង្ហាញមេដាយនិងពានលីគកំពូល
លោកស្រី កែ សួនសុភី (ឆ្វេង)លើកបង្ហាញមេដាយ និងពានសម្តេច ហ៊ុន សែន និងលោកស្រី ពុធ ធីតា បង្ហាញបង្ហាញមេដាយនិងពានលីគកំពូល
ដោយ:
​ក្លិប​បាល់ទាត់​ចំនួន​ពីរ ដែលមាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ហាក់​ទទួលបាន​ជោគជ័យ​ខ្លាំង​នៅ​ឆ្នាំ​២០២០ នេះ បន្ទាប់ពី​ពួកគេ​បានឈ្នះ​ជើងឯក​រៀងៗ​ខ្លួន​ក្នុង​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពាន​សម្តេច ហ៊ុន សែន​។ នេះ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដែលមាន​ក្លិប​មាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី ហើយ​បាន​គ្រង​តំណែង​ជើងឯក​។​

 
​ក្លិប​បាល់ទាត់​បឹងកេត ដែលមាន​លោកស្រី ពុធ ធីតា ជា​ប្រធាន បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០២០ ខណៈ​ក្រុមបាល់ទាត់​វិសាខា ដែលមាន​លោកស្រី កែ សួន​សុ​ភី ជា​ប្រធាន បាន​គ្រង​ជើងឯក​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ 
 
​តាមរយៈ​លទ្ធផល​នេះ ធ្វើ​ឲ្យ​ឆ្នាំ​២០២០ ក្លាយជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​របស់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដែលមាន​ក្លិប​ពីរ​មាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​បាន​ក្លាយជា​ម្ចាស់​ជើងឯក ពុំ​ធ្លាប់មាន​កន្លងមក​នៅ​កម្ពុជា​។ លោកស្រី ពុធ ធីតា និង​លោកស្រី កែ សួន​សុ​ភី បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ក្លិប​រៀងៗ​ខ្លួន នៅ​អំឡុង​ឆ្នាំ​២០១៨ ដូចគ្នា គ្រាន់តែ​ខុស​ខែ​គ្នា​តែប៉ុណ្ណោះ​។ 
 
​លោកស្រី ពុធ ធីតា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត​កាលពីដើម​ខែឧសភា ឆ្នាំ​២០១៨ ក្រោយ​ការចាកចេញ​របស់លោក ស៊ីវ ថា ដែលជា​ស្ថាបនិក​ក្លិប​នៅ​ដើមខែ​មករា​។ ចំណែក​លោកស្រី កែ សួន​សុ​ភី ចូលកាន់​តំណែង​ជា​ប្រធាន​ក្លិប​វិសាខា​ជំនួស​ស្វាមី គឺ​លោក ស សុខា ដែលជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​។​
 
​វត្តមាន​របស់លោក​ស្រី​ទាំងពីរ ក៏​ជា​ប្រវត្តិសាស្ត្រ​មួយ​ផងដែរ សម្រាប់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដែលមាន​ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​ជា​ស្ត្រី ព្រោះ​តាំងពី​សហព័ន្ធ​ត្រូវបាន​បង្កើតឡើង ពុំ​ធ្លាប់មាន​ក្លិប​ជា​សមាជិក​ណា​មាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​នោះទេ ទោះបី​ពួកគេ​មាន​ស្វាមី​ជា​ប្រធាន​ក្លិប​ក៏ដោយ​។  
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៣៣ និង​ទទួលបាន​ការទទួលស្គាល់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​នៅ​ឆ្នាំ​១៩៥៤​។ 
 
​សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ រដូវ​កាល​ឆ្នាំ​២០២០ ក្រុម​ជើងឯក​បាន​ទៅលើ​ក្លិប​បឹងកេត រីឯ​ជើងឯក​បាន​ទៅលើ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ភ្នំពេញ​ក្រោ​ន​។ ចំណែក​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ជើងឯក​បាន​ទៅលើ​ក្លិប​វិសាខា ខណៈ​ណាហ្គា​វើ​លដ៍​ជើងឯក​រង និង​លេខ​៣​បាន​ទៅលើ​ក្រុម​ព្រៃវែង ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-២ នៅ​ជំនួប​ផ្តាច់ព្រ័ត្រ​៕  
 
 

Tag:
 ពុធ ធីតា​
  កែ សួន​សុ​ភី​
  បឹងកេត​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com