ជាតិ
សង្គមជាតិ
ទោះបាត់រូប តែសំនៀងលោក នី សាលឿន ស្ថិតក្នុងដួងចិត្តមហាជន
10, Nov 2020 , 6:25 pm        
រូបភាព
លោក នី សាលឿន (រូបពីគណនីហ្វេសប៊ុក Chenda Aing)
លោក នី សាលឿន (រូបពីគណនីហ្វេសប៊ុក Chenda Aing)
ភ្នំពេញ៖ អ្នកចម្រៀងសំឡេងស្រទន់ នី សាលឿន បានទទួលមរណភាពដោយជំងឺមហារីកថ្លើម កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ក្នុងអាយុ៥៤ឆ្នាំ។ បទចម្រៀងដែលធ្វើឱ្យលោក មានភាពល្បីល្បាញខ្លាំងនៅទូទាំងស្រុកខ្មែរ គឺបទ «ដងស្ទឹងឡូវែល»  ដែលជាស្នាដៃនិពន្ធទំនុកច្រៀងផ្ទាល់របស់លោក ដោយចេញផ្សាយនៅឆ្នាំ១៩៩២។



មរណភាពរបស់លោក នី សាលឿន អ្នកចម្រៀងបែបមនោសញ្ចេតនា បានធ្វើឱ្យអ្នកស្រាវជ្រាវ សិល្បករ  រួមទាំងសាធារណជន ដែលធ្លាប់បានស្ដាប់ចម្រៀងរបស់លោក សុទ្ធតែបានបង្ហាញអារម្មណ៍សោកស្ដាយ អាឡោះអាល័យ នៅលើបណ្តាញសង្គម។

លោក សេង តារា អ្នកស្រាវជ្រាវចម្រៀង និងប្រវត្តិអ្នកចម្រៀងជំនាន់មុន បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទថា លោកមានតែពាក្យសោកស្ដាយចំពោះមរណភាពរបស់លោក នី សាលឿន។ ធ្លាប់បានស្ដាប់សំឡេងរបស់លោក នី សាលឿន តាំងតែពីក្មេង អ្នកស្រាវជ្រាវរូបនេះបន្ថែមថា អ្វីដែលធ្វើឱ្យលោកកាន់តែស្ដាយបំផុតនោះ គឺលោកមិនមានឱកាសបានជួបមុខតារាក្នុងដួងចិត្តរូបនេះសូម្បីតែម្ដង។

«សម្រាប់ខ្ញុំដែលស្រឡាញ់ចូលចិត្តសំឡេងរបស់គាត់ គឺគាត់ច្រៀងពីរោះ ធ្វើឱ្យដក់ក្នុងចិត្តខ្ញុំនិងមនុស្សផ្សេងទៀត។ សំឡេងរបស់គាត់ អាចធ្វើឱ្យអ្នកស្ដាប់ជំនាន់ក្រោយចងចាំ ដែលមិនមែនជាសំឡេងភ្លើងចំបើង»។ នេះគឺជាការបញ្ជាក់របស់លោក សេង តារា។

លោក សេង តារា បន្តថា តាមការស្រាវជ្រាវរបស់លោក លោក នី សាលឿន ជាមនុស្សដែលពុំសូវបង្ហាញមុខជាសាធារណៈឡើយ។ លោក បន្ថែមថា តារាចម្រៀង នី សាលឿន ពុំសូវច្រៀងបទចម្រៀងមរតកដើម ឬចម្រៀងដែលមានស្រាប់ឡើយ គឺលោកចូលចិត្តច្រៀងចម្រៀងដែលនិពន្ធថ្មី។

លោក សេង តារា អះអាងដូច្នេះថា៖«គាត់ច្រៀងចម្រៀងមរតកដើមខ្លះដែរ ប៉ុន្តែគាត់ច្រៀងតិចតួច។ គាត់ចូលចិត្តច្រៀងចម្រៀងនិពន្ធថ្មីជាង ព្រោះគាត់ [ប្រហែលជា] គិតថា បើគាត់យកបទលោក ស៊ីន ស៊ីសាមុត មកច្រៀង គាត់ច្រៀងមិនពីរោះដូចលោក ស៊ីន ស៊ីសាមុត ទេ ហើយនាំតែគេ ថាបែបនេះបែបនោះ។ បទដែលគាត់ច្រៀង គឺមិត្តគាត់និពន្ធឱ្យច្រៀងខ្លះ ហើយគាត់និពន្ធខ្លួនឯងខ្លះ»។

លោក នី សាលឿន កើតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦៦។ នៅពេលអាយុ៩ឆ្នាំ លោក បានរស់ក្នុងសម័យប៉ុលពត លុះដល់ឆ្នាំ១៩៨០ លោកបានភៀសខ្លួនទៅជំរំកំពុត និងជំរំខាវអ៊ីដាង នៅទល់ដែនថៃ។ ចុងឆ្នាំ១៩៨១និងដើមឆ្នាំ១៩៨២ លោក បានភៀសខ្លួនទៅប្រទេសឥណ្ដូណេស៊ីមួយរយៈ រួចក៏បន្តដំណើរទៅអាមេរិក ហើយរស់នៅក្នុងទីក្រុងឡងប៊ិច រដ្ឋកាលីហ្វញ៉ា។

ចាប់ផ្ដើមប្រឡូងក្នុងវិស័យសិល្បៈដំបូង តារាចម្រៀងឯនាយសមុទ្រ នី សាលឿន បានចូលសម្ដែងកាយវិការក្នុងចម្រៀងខារាអូខេ នៅឆ្នាំ១៩៨៦។ ហើយនៅឆ្នាំ១៩៨៧ លោកបានចេញបទចម្រៀងមួយវ៉ុល ដោយចម្រៀងដំបូងបង្អស់របស់លោក គឺបទ «ទឹកសមុទ្រ»។ បទចម្រៀងដំបូងនេះ មិនទាន់ធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់លោកល្បីឡើយ។

រហូតមកដល់ឆ្នាំ១៩៩១ លោក នី សាលឿន ចាប់ផ្ដើមល្បីនិងមានគេស្គាល់ច្រើន តាមរយៈបទ «បងស្រឡាញ់តែអូន»។ តែទោះជាយ៉ាងណា បទចម្រៀងដែលធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់លោក កាន់តែមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេសខ្មែរ គឺបទ «ដងស្ទឹងឡូវែល» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងផ្ទាល់របស់លោក ដោយចេញផ្សាយនៅក្នុងឆ្នាំ១៩៩២។ នៅឆ្នាំ១៩៩៣និង១៩៩៤ លោកបានចេញបទ «វាសនាអ្នកនេសាទ» «អូននឹកបងទេ» «ដួងចន្ទដួងចិត្ត» «បំណាច់ស្រឡាញ់» «សម្រស់នារីខ្មែរ» «សម្រស់បុប្ផាស្តុកតុន» និង «ស្នេហ៍ក្នុងសុបិន» ជាដើម។

ខាងលើនេះ គឺជាប្រវត្តិសង្ខេបរបស់លោក នី សាលឿន ដែលរៀបរាប់ដោយអ្នកស្រាវជ្រាវ សេង តារា។ រហូតមកដល់ឆ្នាំ២០០០ លោក នី សាលឿន បានបញ្ឈប់ការច្រៀងរបស់ខ្លួនដោយពុំដឹងមូលហេតុ។ ប៉ុន្តែលោក សេង តារា សន្និដ្ឋានថា ទំនងមកពីមានការលួចថតចម្លងឌីសច្រើនពេក ទើបធ្វើឱ្យអ្នកចម្រៀងសំឡេងស្រទន់និងពោរពេញដោយមនោសញ្ចេតនារូបនេះ  បោះបង់ការច្រៀង។

លោក សេង តារា បង្ហាញការយល់ឃើញរបស់លោកថា៖«អាចនិយាយបានថាគាត់ជាអ្នកចម្រៀងជំនាន់លោក កែវ សារ៉ាត់ និងលោក ឈួយ សុភាព បើទោះបីជាគាត់ប្រឡូកក្នុងវិស័យសិល្បៈក្រោយអ្នកទាំងពីរក្ដី។ គាត់ចាប់ផ្ដើមល្បីខ្លាំង ក្រោយពីលោក កែវ សារ៉ាត់ ទទួលមរណភាព ព្រោះកាលលោក កែវ សារ៉ាត់ នៅរស់ ចម្រៀងរបស់លោក កែវ សារ៉ាត់ ពីរោះជាងគាត់»។

ក្រុមព្រះសុរិយា ដែលជាអ្នកស្រាវជ្រាវពីចម្រៀងនិងប្រវត្តិអ្នកសិប្បករជំនានមុនដែរនោះ បានផ្សាយលើទំព័រហ្វេសប៊ុកថា បទចម្រៀងមួយបទរបស់លោក នី សាលឿន គឺបទ «កូននឹកម៉ែណាស់» ត្រូវបានចាក់ផ្សាយមុនប៉ុន្មានខែប៉ុណ្ណោះនៃមរណភាពរបស់លោក នី សាលឿន។ ហើយចម្រៀង៣បទចុងក្រោយរបស់លោក នី សាលឿន គឺបទ «ត្រាប់ពុកកង់ កុំត្រាប់ពុកខ្លា» «សំនៀងច្រៀងពីបេះដូង» និង បទ «ប៉ងស្នេហ៍យូរហើយ»៕

Tag:
 នី សាលឿន
© រក្សាសិទ្ធិដោយ thmeythmey.com