អន្តរជាតិ
ប្រមុខ WHO ៖ ពិភពលោក​ប្រហែល​ធុញ​កូ​វីដ​-១៩ តែ​វា​អត់​ហត់​នឹង​យើង​ទេ​
10, Nov 2020 , 9:59 pm        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ថ្លែងអំឡុងសន្និសីទព័ត៌មានមួយកាលពីពេលកន្លងទៅ ។ រូបភាព៖ AP
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ថ្លែងអំឡុងសន្និសីទព័ត៌មានមួយកាលពីពេលកន្លងទៅ ។ រូបភាព៖ AP
ដោយ:
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា បាន​ទទូច​ឲ្យ​មនុស្ស​គ្រប់គ្នា​បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ​ព្រមាន​ថា ខណៈ​ពិភពលោក​ប្រហែល​ធុញទ្រាន់​នឹង​វា វីរុស​នេះ​មិន​នឿយហត់​នឹង​ពិភពលោក​ទេ​។ ទុក​រឿង​កូ​វីដ​-១៩​មួយ​ឡែក លោក Tedros ក៏​ឆ្លៀត​សាទរ​ជ័យជម្នះ​របស់លោក ចូ បៃ​ឌិន ផងដែរ​។

 
«​យើង​ប្រហែលជា​ហត់នឿយ​នឹង​កូ​វីដ​-១៩​។ ក៏ប៉ុន្តែ​វា​អត់​ធុញទ្រាន់​នឹង​យើង​ឡើយ​»​។ លោក Tedros បញ្ជាក់​បែបនេះ​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​WHO មុននឹង​បន្ថែមថា វា​សំខាន់​សម្រាប់​មនុស្ស​រាល់​គ្នា​ស្ដាប់​តាម​វិទ្យាសាស្ត្រ ហើយ​កុំ​មើលស្រាល​វីរុស​នេះ​។ 
 
​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​កូ​វីដ​-១៩ ប្រមុខ​WHO​រូបនេះ ព្រមាន​ថា វីរុស​នេះ​ធ្វើទុក្ខ​ខ្លាំង​លើ​អ្នក​ដែលមាន​សុខភាព​ខ្សោយ  តែ​វា​ក៏​ប្រមាញ់​លើ​ភាព​ខ្សោយ​ផ្សេងទៀត​ផងដែរ ដូចជា ការមិន​ព្រម​ទទួលស្គាល់​ពិត​ជុំវិញ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ ក៏ដូចជា​ការធ្វេសប្រហែស ជាដើម​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Tedros អះអាងថា ពិភពលោក មិនអាច​ចរចា​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​មិនអាច​អត់​បិទ​ភ្នែក​ដោយ​សង្ឃឹមថា​ជំងឺ​នេះ​រលាយ​សាបសូន្យ​ខ្លួនឯង​ឡើយ​។ «​ក្តីសង្ឃឹម​តែមួយគត់​របស់​យើង គឺ វិទ្យាសាស្ត្រ ដំណោះស្រាយ និង​សាមគ្គីភាព​»​។ លោក​សង្កត់ធ្ងន់​បែបនេះ​។​
 
​ការព្រមាន​របស់លោក Tedros ធ្វើឡើង​ក្រោយ​ជំងឺ​កូ​វីដ​-១៩​បានសម្លាប់​មនុស្ស​ជាង​១,២៥​លាន​នាក់​ហើយ និង​ចម្លង​មនុស្ស​ជាង​៥០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​វា​ផ្ទុះ​រាលដាល​ដំបូង​ក្នុងប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​មក​។ 
 
​ជាមួយគ្នានេះ លោក​អគ្គនាយក Tedros ក៏បាន​ព្រមាន​ទៀតថា ជំងឺ​រាតត្បាត​សកល​នេះ បាន​លាតត្រដាង​ភាពចាំបាច់​សម្រាប់​ពិភពលោក​ស្ដារឡើងវិញ​នូវ​ស្មារតី​នៃ​គោលបំណង​រួម ដែល​ត្រូវបាន​សឹក​រេច​រិល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​ការកើនឡើង​នៃ​រលក​ជាតិនិយម​និង​ឯកោ​ភាគី​និយម​។​
 
​ក្នុង​ស្មារតី​នេះ លោក​ចូលរួម​ត្រេកអ​រលោក ចូ បៃ​ឌិន ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី និង​អ្នកស្រី កា​ម៉ា​ឡា ហារី​ស អនុ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី ហើយ​តាងនាម WHO លោក​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋបាល​ពួកគេ​ឲ្យ​ដិតដល់​បំផុត​។ 
 
​សូមបញ្ជាក់ថា កន្លងទៅ លោក បៃ​ឌិន ធ្លាប់​បង្ហើប​ថា រដ្ឋបាល​លោក នឹង​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត​របស់លោក​ដូ​ណា​ល់ ត្រាំ ដែល​ដកហូត​សហរដ្ឋអាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក​។ ការដក​សមាជិកភាព​របស់​អាមេរិក​ចេញពី​WHO នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០២១ ៕
 
 
 
 
 

Tag:
 WHO
  Tedros Adhanom Ghebreyesus
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com