ជាតិ
ប្រទះឃើញសាកសព «ផ្សោតញី» អាយុ២៧ឆ្នាំមួយក្បាល នៅច្រាំងទន្លេក្នុងខេត្តត្បូងឃ្មុំ សាកសពសត្វផ្សោតដែលពលរដ្ឋប្រទះឃើញនៅច្រាំងទន្លេមួយកន្លែង ក្នុងខេត្តត្បូងឃ្មុំ។ រូបថត៖ WWF
× ភ្នំពេញ៖ សាកសព«ផ្សោតញី»មួយក្បាលត្រូវបានពលរដ្ឋប្រទះឃើញនៅច្រាំងទន្លេមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានបញ្ជាក់ថា សត្វផ្សោតដែលបាត់បង់ជីវិតនេះ មានអាយុប្រមាណ២៧ឆ្នាំ និងប្រវែង២,២ម៉ែត្រ។
បើតាមការផ្សាយរបស់អង្គការWWF កាលពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ ក្រុមជំនាញមិនអាចបញ្ជាក់ពីទម្ងន់របស់សត្វផ្សោតដែលងាប់ខាងលើនោះបានឡើយ ព្រោះតែសាកសពរបស់ផ្សោតញីនោះ មានស្ថានភាពរលួយខ្លាំងពេក។ ប៉ុន្តែក្រុមអ្នកជំនាញរបស់អង្គការWWF បានសន្និដ្ឋានថា៖«សត្វផ្សោតដែលបាត់បង់ជីវិតនេះ គឺបានហែលចេញពីទីជម្រកនៅក្នុងខេត្តក្រចេះ ដោយវង្វេងរហូតដាច់សង្វែងពីហ្វូងរបស់វា។ ហើយ សត្វផ្សោតមួយក្បាលនេះអាចស្លាប់ដោយធម្មជាតិ ពោលគឺដោយសារតែវាមានអាយុច្រើន ឬក៏មានវ័យចាស់»។
សត្វផ្សោតដែលបានបាត់បង់ជីវិតនេះ គឺមានវត្តមាននៅក្នុងកំណត់ត្រានៃជំរឿនសត្វផ្សោតចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០២០។ នេះបើតាមអង្គការWWF ដោយបញ្ជាក់ថាសត្វផ្សោតអ៊ីរ៉ាវ៉ាឌី អាចរស់នៅបានរហូតដល់ចន្លោះអាយុពី២៨ ទៅ ៣០ ឆ្នាំ នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា។
យោងតាមលទ្ធផលជំរឿនផ្សោតរបស់អង្គការWWF ប្រចាំឆ្នាំ២០២០ កម្ពុជាមានផ្សោតសរុប៨៩ក្បាល បើធៀបនឹងឆ្នាំ២០១៨ មានចំនួន៩២ក្បាល។
សត្វផ្សោត ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ (IUCN) និងត្រូវបានចាត់ទុកថា ជាសត្វដែលងាយនឹងផុតពូជបំផុត ហើយប្រឈមនឹងការគំរាមកំហែងផងដែរ។ បើតាមរបាយការណ៍របស់អង្គការ WWF សត្វផ្សោតទូទាំងសកល មានចំនួន៧ប្រភេទ ក្នុងនោះមានសត្វផ្សោត៤ប្រភេទ រស់នៅក្នុងទីជម្រកទឹកសាប និង៣ប្រភេទទៀត មានទីជម្រកនៅសមុទ្រទឹកប្រៃ៕
Tag:
សត្វផ្សោត
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com