ជាតិ
កសិករ​ជាង​១​ម៉ឺន​គ្រួសារ​ក្នុងស្រុក​ចំនួន​៣​នៅ​បន្ទាយមានជ័យ​ទទួលបាន​ស្បៀង និង​ស្រូវពូជ​
11, Nov 2020 , 7:59 am        
រូបភាព
ដោយ:
​កសិករ​ចំនួន ១១,១៦៩​គ្រួសារ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទទួលបាន​គ្រាប់ពូជ និង​ស្បៀង​ពី​រដ្ឋាភិបាល ដើម្បី​ស្ដារឡើងវិញ​នូវ​ដំណាំ​ស្រូវ​ដែល​បាន​ខូចខាត​។ កម្ម​វិធីចែក​ស្បៀង​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេច ហ៊ុន សែន​។​

 
​ពលរដ្ឋ ទាំង ១១,១៦៩​គ្រួសារ ដែល​ចូលរួម​កម្ម​វិធីចែក​ស្បៀង​នេះ គឺ​មកពី​ស្រុក​ចំនួន​៣ គឺ​ស្រុក​មង្គល​បូរី ស្រុក​ព្រះនេត្រព្រះ និង​ក្រុង​សិរីសោភ័ណ​។ កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​ផ្សារ​ចំការ​តា​ដោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។  គ្រោះធម្មជាតិ​ទឹកជំនន់ បានធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ប្រមាណ ២៨​ម៉ឹ​ន​ហិកតា និង​ដំណាំ​ផ្សេងៗ ប្រមាណ​ជាង ៩​ម៉ឺន​ហិកតា​ទូទាំងប្រទេស​ត្រូវ​ជន់​លិច​។ បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តពោធិ៍សាត់​, បាត់ដំបង និង​បន្ទាយមានជ័យ រងគ្រោះ​ជាងគេ ដោយ​ខេត្ត​ទាំង​៣​នេះ ត្រូវការ​ពូជស្រូវ​ប្រមាណ ៣​ពាន់​តោន ដើម្បី​ស្ដារឡើងវិញ​នូវ​ដំណាំ​ស្រូវ​ដែល​បាន​ខូចខាត​កន្លងមក​។ 
 
​សម្រាប់​ខេត្តបន្ទាយមានជ័យ គ្រោះទឹកជំនន់​កន្លងមក​បានធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង ៤​ម៉ឺន​គ្រួសារ លិច​ដំណាំ​ស្រូវ​ជាង ៧​ម៉ឺន​ហិកតា ប៉ះពាល់​ដំណាំ​ផ្សេងៗ​ជាង ១​ម៉ឺន​ហិកតា និង​បណ្ដាល​ឲ្យ​ពលរដ្ឋ ២៦​នាក់​ស្លាប់​។​
 
​សូមបញ្ជាក់ថា​រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ រួមមាន ភ្នំពេញ ពោធិ៍សាត់  បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ  កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧ​ត្ត​រ​មានជ័យ ស្វាយរៀង មណ្ឌល​គី​រី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និង​កំពង់ចាម​។ ក្នុងនោះ​បានធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​ប្រមាណ ៣៨​ម៉ឺន​ហិកតា​បាន​ជន់​លិច ប៉ះពាល់​ពលរដ្ឋ​ប្រមាណ ៦០​ម៉ឺន​នាក់ និង​មនុស្ស​ចំនួន ៤៤​នាក់​បាន​បាត់​បង់ជីវិត​៕
 

Tag:
 ​ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com