សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ឥណ្ឌា​ម្នាក់​ប្រើពេល​ជិត​៣០​ឆ្នាំ​ដើម្បី​ជីក​ប្រឡាយ​ធ្វើជា​ប្រភពទឹក​សម្រាប់​អ្នកភូមិ​ប្រើប្រាស់​
11, Nov 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
​ជីក​ប្រឡាយទឹក​តែម្នាក់ឯង ដោយ​ប្រើ​ចបកាប់​។ គំនិត​ស្រមើស្រមៃ​របស់លោក Loungi Bhuiya បានធ្វើ​ឲ្យ​អ្នកភូមិ​សើចចំអក​ហើយ​ភរិយា​ក៏​មិន​គាំទ្រ​នោះដែរ​។ ប៉ុន្តែ​៣០​ឆ្នាំ​ក្រោយមក អ្នកភូមិ​មានទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយសារ​ស្នាដៃ​របស់​ឥណ្ឌា​រូបនេះ ហើយ​លោក​ក៏​ត្រូវបាន​ចាត់ទុកជា​វីរបុរស​ក្នុងភូមិ​ផងដែរ​។​

 
​រស់នៅ​ភូមិ Kothilawa ស្រុក Gaya រដ្ឋ Bihar ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា Bhuiya មិនបាន​បោះបង់​ការតាំង​ចិត្ត​រប​ស់​ខ្លួន​កន្លងមក​នោះឡើយ បើទោះបីជា​ទទួលរង​នូវ​ការ​សើចចំអក​ក៏ដោយ​។ យោងតាម​ការផ្សាយ​រប​ស់ IndiaTV លោក​បាន​តាំងធ្វើ​ក្តី​សុ​បិ​ន្ត​របស់ខ្លួន ក្លាយជា​ការពិត ដោយ​ប្រឹង​ជីក​ប្រឡាយ​ប្រវែង​៣​គីឡូម៉ែត្រ​ដោយ​ប្រើ​ចបកាប់​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​អ្នកភូមិ ក៏ដូចជា​កូនប្រុស​ទាំង​បួន​របស់ខ្លួន​មានទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​គ្រប់គ្រាន់​។​
 
​ការតាំង​ចិត្ត និង​ការប្រឹងប្រែង​របស់លោក Bhuiya នា​រយៈពេល​ជិត​៣០​ឆ្នាំ​កន្លងមកនេះ បានសម្រេច​ដោយ​ជោគជ័យ​។ បច្ចុប្បន្ន បុរស​ដែល​ឈានដល់​វ័យ​៧០​ឆ្នាំ​រូបនេះ បាន​ក្លាយជា​វីរបុរស​ក្នុងភូមិ ដោយ​គុណបុណ្យ​ប្រឡាយទឹក​របស់គាត់​ដែល​ទាញ​បាន​ប្រភពទឹក​ភ្លៀង និង​ទឹក​ពី​ភ្នំ Bangetha Hills ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ Al Jazeera លោក Bhuiya បាន​យក​គំរូ​តាម​បុរស​ឈ្មោះ Dashrath Manjh ដែល​ប្រើ​ញញួរ និង​ដែក​បន្ទះ ដើម្បី​ជីក​ផ្លូវ​ឆ្លងកាត់​ភ្នំ​នៅ​ភូមិ Gehlaur ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៨២​។ ក្រោយ​ការ​ចំណាយពេល​ដើម្បី​ប្រយោជន៍​អ្នកភូមិ​អស់​រយៈពេល​២២​ឆ្នាំ លោក Manji ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា ជា «​បុរស​ភ្នំ​» (Mountain Man)​។​
 
«​ខ្ញុំ​បានលឺ​ការនិយាយ​ពី​គាត់ ហើយ​ខ្ញុំ​គិតថា បើ​គាត់​ធ្វើបាន ហេតុអ្វី​ខ្ញុំ​ធ្វើ​មិនបាន​?»​។ នេះ​ជាការ​រៀបរាប់​របស់លោក Bhuiya បើទោះបីជា​រង​នូវ​ការ​សើចចំអក និង​មិនមាន​ការគាំទ្រ​ជាពិសេស​ពី​អ្នកស្រី Ramrati Devi ដែលជា​ភរិយា​ក៏ដោយ​។​
 
​អ្នកស្រី Devi បាន​ហៅ​ស្វាមី​របស់ខ្លួន​ថា ជា​មនុស្ស​ឆ្កួត ដោយ​គាត់​បាន​ព្យាយាម​រារាំង​គ្រប់បែបយ៉ាង ដូចជា​ការមិន​ផ្គត់ផ្គង់​ចំណីអាហារ​ជាដើម ដើម្បី​ទាញ​ឲ្យ​គាត់​នឹកគិត​គូរ​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ព្រោះ​វា​ជា​បេសកកម្ម​មួយ​ដែល​ពិបាក​ក្លាយជា​ការពិត​។ 
 
​លោក​មេភូមិ Vishnupat Bhokta បាន​កោតសរសើរ​លោក Bhuiya ដែល​ស្គាល់​ច្បាស់​ពី​ប្រភពទឹក ដើម្បី​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​កសិកម្ម​។ ក្រោយ​ឈ្នះ​ល្បីល្បាញ​ក្នុង​តំបន់ លោក Bhuiya បានទទួល​ត្រាក់ទ័រ​មួយ ដើម្បី​ឲ្យ​លោក​អាច​ពង្រីក​ប្រឡាយទឹក​របស់ខ្លួន​បន្ថែម​ទៀត​។​
 
 
 
​លោក Jitan Ram Manjhi អតីតរដ្ឋមន្ត្រី​ប្រចាំ​មូលដ្ឋាន Bihar បាន​ទៅ​មើល​ទីតាំង​ប្រឡាយ​ផ្ទាល់ ហើយ​បាន​កោតសរសើរ​យ៉ាងខ្លាំង ដោយបាន​សន្យាថា ការប្រឹងប្រែង​របស់លោក Bhuiya គួរតែ​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ផ្ទាល់​ពី​ប្រធានាធិបតី​ឥណ្ឌា​។ ស្របពេល​ជាមួយគ្នានេះ អ្នកភូមិ​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​មន្ទីរ​ពេទ្យ និង​ផ្លូវ ដាក់ឈ្មោះ​លោក Bhuiya ថែម​ទៀតផង​៕
 

Tag:
 ​ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com