COVID-19
ជាតិ
សង្គមជាតិ
ស្រី្ត​ជនជាតិ​អាមេរិក​ម្នាក់​ទៀត មាន​ COVID-19 ក្រោយ​ធ្វើតេស្ត​លើក​ទី​២
11, Nov 2020 , 9:35 am        
រូបភាព
ស្ត្រីជនជាតិអាមេរិកម្នាក់ ដែលមកដល់កម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានក្រសួងសុខាភិបាលរកឃើញមានជំងឺកូវីដ-១៩ (COVID-19) ក្រោយការធ្វើតេស្តលើកទី២។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១១វិច្ឆិកា បានបញ្ជាក់ថា ការធ្វើតេស្តលើកទី២ រកឃើញេវីរុសកូវីដ-១៩ លើស្ត្រីជនជាតិអាមេរិកវ័យ៣៥ឆ្នាំរូបនេះ គឺចំថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់គាត់។



បើតាមក្រសួងសុខាភិបាល ស្រ្តីជនជាតិអាមេរិកដែលផ្ទុកជំងឺកូវីដ-១៩នោះ  គឺបានធ្វើដំណើរពីសហរដ្ឋអាមេរិក ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង  ហើយមកដល់កម្ពុជា កាលពីថ្ងទី៤វិច្ឆិកា។ បច្ចុប្បន្ន ស្រ្តីជនជាតិអាមេរិកនោះ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

ដោយឡែក សម្រាប់មនុស្ស៦៥នាក់ទៀតដែលបានធ្វើដំណើរ ជាមួយស្ត្រីជនជាតិអាមេរិកខាងលើ ក្រសួងសុខាភិបាលបានធ្វើតេស្តលើកទី១និងលើកទី២រួចហើយ ដោយលទ្ធផលអវិជ្ជមាននៃជំងឺនេះទាំងអស់គ្នា។ ក្រសួងសុខាភិបាលបន្តរៀបរាប់ថា មនុស្សទាំង៦៥នាក់នោះ គឺកំពុងធ្វើចត្តាឡីស័ក នៅទីតាំងផ្សេងៗពីគ្នា។ ក្នុងនោះ មាន៤៧នាក់ ធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ មាន១៦នាក់ ធ្វើចត្តាឡីស័ក នៅវិទ្យាល័យពោធិចិនតុង និង៣នាក់ទៀត ធ្វើចត្តាឡីស័ក នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា។

សម្រាប់ ព្រឹត្តិការណ៍៣វិច្ឆិកាវិញ ក្រសួងសុខាភិបាលប្រមូលសំណាកមនុស្ស១៤៨១នាក់ហើយ ដែលបានប្រាស្រ័យទំនាក់ទំនងដោយផ្ទាល់ និងប្រយោលជាមួយលោក Peter  Szijjarto រដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូរបស់លោក។ មនុស្សជាង១,៤ពាន់នាក់នោះ ត្រូវបានធ្វើតេស្តលើកទី១ និងលើកទី២ ហើយលទ្ធផលបង្ហាញថា ក្នុងចំណោមពួកគេ មាន៤នាក់ បានផ្ទុកជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេសហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្រោយចេញពីកម្ពុជា ទៅដល់ថៃ ដើម្បីបន្តបេសកម្មការទូត ក៏មានព័ត៌មានផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ថា រដ្ឋមន្រ្តីការបរទេសហុងគ្រី ផ្ទុកកូវីដ-១៩។

រដ្ឋាភិបាលកម្ពុជា បានហៅដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនៅកម្ពុជា ហើយត្រូវរកឃើញមានជំងឺកូវីដ-១៩ ពេលទៅដល់ថា ថាជាព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ក្រសួងសុខាភិបាល បន្តស្វែងរកមនុស្សផ្សេងទៀត ដែលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសនិងសមាជិកគណៈប្រតិភូហុងគ្រី ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក។

គិតត្រឹមថ្ងៃទី១១វិច្ឆិកា កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣០១នាក់។ ក្នុងនោះមាន ២៨៨នាក់ បានជាសះស្បើយ និង១៣នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ៕

Tag:
 COVID-19
  ស្រ្តីជនជាតិអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com