កីឡាអន្តរជាតិ
អន្តរជាតិ
លោក Clarke លាលែងពីប្រធាន FA ក្រោយបង្ហាញការរើសអើងជាតិសាសន៍
× លោក Greg Clarke បានលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នៅក្រោយពេលលោកបានប្រើភាសាមិនសមរម្យទៅកាន់កីឡាករស្បែកខ្មៅក្នុងអង្គប្រជុំមួយនៅថ្ងៃទី១០ ខែវិច្ឆិកា។ លោក Clarke ស្តាយក្រោយយ៉ាងខ្លាំងចំពោះកំហុសនេះ។
បុរសសញ្ជាតិអង់គ្លេសវ័យ ៦៣ ឆ្នាំរូបនេះទទួលការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គមបន្ទាប់ពីលោកបានអត្ថាធិប្បាយដែលបង្ហាញពីការរើសអើងជាតិសាសន៍ជាបន្តបន្ទាប់ ខណៈពេលកំពុងសាកសួរពីសមាជិកគណៈកម្មាធិការ (DCMS)។ Clarke បានចូលរួមកិច្ចប្រជុំ DCMS តាមរយៈវីដេអូ ដើម្បីពិភាក្សាពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារ COVID-19 និងការពន្យារពេលក្នុងកញ្ចប់ជំនួយហិរញ្ញវត្ថុរបស់ក្របខណ្ឌ Premier League សម្រាប់ក្របខណ្ឌបាល់ទាត់អង់គ្លេស (EFL) នាថ្ងៃទី១០ ខែវិច្ឆិកា។
យ៉ាងណាក៏ដោយ នៅប៉ុន្មានម៉ោងក្រោយនៃកិច្ចប្រជុំនេះ FA បានចេញសេចក្តីប្រកាសថា លោក Greg Clarke បានលាឈប់ពីតួនាទីជាប្រធានរបស់ FA ហើយ។ ការលាឈប់នេះ ដោយសារលោក Clarke មើលឃើញពីកំហុសខ្លួន និងរងកំហឹងពីសំណាក់អង្គការ និងកីឡាករដែលប្រឆាំងការរើសអើងជាតិសាសន៍ ជុំវិញការលើកឡើងពីកីឡាករស្បែកខ្មៅរបស់លោក។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Peter McCormick នឹងឡើងទៅជំនួសតំណែងប្រធាន FA ណ្តោះអាសន្ន ខណៈស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេសមួយនេះចាប់ផ្តើមដំណើរការរកប្រធានថ្មីក្នុងពេលឆាប់ៗនេះ។
Clarke អតីតប្រធានក្លិប Leicester City ត្រូវបានតែងតាំងជាប្រធាន FA ក្នុងឆ្នាំ ២០១៦ ហើយសព្វថ្ងៃលោកក៏ជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ៕
Tag:
Greg Clarke
FA
រើសអើងជាតិសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com