អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ឌិន ចាត់ទុក​ការមិនទទួលស្គាល់​បរា​ជ័យ​របស់លោក ត្រាំ ជា​រឿង​អាម៉ាស់​
11, Nov 2020 , 2:15 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ថ្លែងអំឡុងសន្និសីទព័ត៌មានថ្ងៃទី ១០ ខែវិច្ឆិកា នៅរដ្ឋ Delaware ។ រូបភាព៖AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ថ្លែងអំឡុងសន្និសីទព័ត៌មានថ្ងៃទី ១០ ខែវិច្ឆិកា នៅរដ្ឋ Delaware ។ រូបភាព៖AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ចូ បៃ​ឌិន បានចាត់ទុក​ការណ៍​ដែល​លោក ដូ​ណា​ល់ ត្រាំ មិន​ព្រម​ទទួលស្គាល់​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជា​រឿង​ដ៏​អាម៉ាស់​មួយ​។ ទោះជា​បែបនេះ លោក បៃ​ឌិន មិន​ខ្វល់​ឡើយ ហើយ​បន្ត​គិតគូរ​ផែនការ​ផ្ទេរអំណាច​រប​ស់លោក ខណៈ​ការស្បថ​ចូលកាន់​តំណែង​សល់​ជាង​៧០​ថ្ងៃ​ទៀត​។

 
 
 
​មួយ​សប្ដាហ៍​ក្រោយ​ការបោះឆ្នោត ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ដូ​ណា​ល់ ត្រាំ នៅតែ​រឹងទទឹង​មិន​បន្ទាន់​ជំហរ​ទទួលស្គាល់ថា​លោក​ចាញ់​លោក ចូ បៃ​ឌិន ទោះជា​លទ្ធផល​ច្បាស់​ក៏ដោយ​។ លោក​បន្ត​ប្រកាស​ក្តែ​ងៗ​ថា​នឹង​ទទួលជោគជ័យ ខណៈ​ប្ដឹងតវ៉ា​ពាក់ព័ន្ធ​ការកេងបន្លំ​សន្លឹកឆ្នោត ព្រមទាំង​មិន​ព្រម​សហការ​ជាមួយ​លោក​បៃ​ឌិន​ក្នុង​នីតិវិធី​ផ្ទេរអំណាច​ទៀតផង​។  
 
«​ខ្ញុំ​គ្រាន់តែ​គិតថា ច្បាស់​ណាស់ នេះ​ជា​រឿង​ដ៏​អាម៉ាស់​មួយ​»​។ លោក បៃ​ឌិន និយាយ​បែបនេះ នៅពេល​ឆ្លើយតប​នឹង​សំណួរ​ថា លោក​គិត​បែបណា​ជុំវិញ​ការបដិសេធ​មិន​ព្រម​ទទួលស្គាល់​បរាជ័យ​រប​ស់លោក​ត្រាំ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ វិច្ឆិកា​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ក្នុង​ទីក្រុង​កំណើត​លោក Wilmington រដ្ឋ Delaware លោក បៃ​ឌិន យល់ឃើញថា ភាព​រឹងរូស​នេះ នឹង​ប៉ះពាល់​ដល់​កេរដំណែល​របស់លោក​ប្រធានាធិបតី​ឡើយ​។ ទោះជា​បែបនេះ​ក្តី អនាគត​ប្រធានាធិបតី​ទី​៤៦​រូបនេះ ធានា​ចំពោះមុខ​ពលរដ្ឋ​អាមេរិក​ថា ផែនការ​ផ្ទេរអំណាចរ​ប​ស់លោក នៅតែ​បន្ត​ទៅមុខ​ដោយ​គ្មាន​ការរាំងស្ទះ​ឡើយ​។ 
 
​លោក បៃ​ឌិន ក៏បាន​ជជែក​ពិភាក្សា​តាមរយៈ​ទូរទស្សន៍​ជាមួយ​មេដឹកនាំ​អឺរ៉ុប​ដែលជា​សម្ព័ន្ធមិត្ត​មួយចំនួន ដូចជា លោក បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស​, លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​, អធិប​កា​រប​តី អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល និង​នាយករដ្ឋមន្ត្រី អៀរ​ឡង់ Micheal Martin​។  
​ឆ្លើយ​សំណួរ​អ្នកព័ត៌មាន​ថា​លោក​ផ្ញើ​សារ​បែបណា​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងនេះ លោក បៃ​ឌិន លើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ប្រាប់​ឲ្យ​ពួកគេ​ដឹងថា អាមេរិក​ត្រលប់​មកវិញហើយ​»​។ 
 
​លោក ត្រាំ ដែល​បន្ត​ក្ដី​ស្រមៃ​ក្ដាប់​អំណាច​មួយ​អាណត្តិ​ទោះ​លទ្ធផល​បញ្ជាក់​ច្បាស់​ថា លោក​ចាញ់​លោក បៃ​ឌិន បានប្រកាស​លើ​Twitter នៅមុន​សន្និសីទ​របស់​លោក បៃ​ឌិន ថា​៖«​យើង​នឹង​ឈ្នះ​»​។ លោក ទំនង​សំដៅលើ​ការប្ដឹងតវ៉ា​ប្រឆាំង​ដំណើរការ​បោះឆ្នោត ដែល​ពិបាក​នឹង​ទទួល​ជ័យជម្នះ ដ្បិត​លោក​សឹងតែ​គ្មាន​ភស្តុតាង​អ្វី​សោះនឹង​ទៅ​តតាំង​។ «​តាមដាន​ការកេងបន្លំ​លើ​ការរាប់​សន្លឹកឆ្នោត​ដ៏​សម្បើម​»​។ លោក​សរសេរ​បន្ថែម​បែបនេះ​។​
 
​ដោយ​បន្ទោរ​តាម​ក្រោយ​លោក​ត្រាំ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានបញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ថា លោក​ត្រៀមលក្ខណៈ​សម្រាប់​ការផ្ទេរអំណាច​ដ៏​រលូន​ឆ្ពោះទៅកាន់​រដ្ឋបាល​លោក​ត្រាំ​អាណត្តិ​ទី​២​។ 
 
​យ៉ាងណាមិញ លោក បៃ​ឌិន អះអាងថា លោក​នឹងមិន​ប្រើ​ចំណាត់ការ​ផ្លូវច្បាប់​ចាប់បង្ខំ​ឲ្យ​លោក ត្រាំ ព្រម​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ឡើយ ហើយ​ចាត់ទុក​ការប្រឈមមុខ​ដាក់គ្នា​ជា​រឿង​អត់​ប្រយោជន៍​។ ជំនួស​មកវិញ លោក រង់ចាំ​ទទួល​ការអញ្ជើញ​ពី​លោក ត្រាំ ទៅ​ជជែក​ពិភាក្សាគ្នា​នៅ​សេត​វិមាន​៕ 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com