ពីនេះ ពីនោះ
សុខភាព
សួត​កំពុងមាន​បញ្ហា អាច​នឹងមាន​សញ្ញា​ទាំងនេះ​
11, Dec 2020 , 8:59 pm        
រូបភាព
​ខណៈពេលដែល​យើង​ដឹង​ហើយ​ថា សរីរាង្គ​ណា​ដែល​សំខាន់ និង​ត្រូវ​ថែរក្សា​នោះ តែ​យើង​ក៏ត្រូវ​យកចិត្តទុកដាក់​បន្ថែម ទៅលើ​សុខភាព​សួត​ផងដែរ​។ រាល់​ការបង្ក​រោគ ឬ​របួស​នៅ​សួត មិន​គ្រាន់តែ​ប៉ះពាល់ ដល់​ការដកដង្ហើម​ទេ តែ​ក៏​បង្កើន​ការ​ប្រឈម នឹង​ជំងឺ​ផ្លូវដង្ហើម​ជាច្រើន​ទៀត ដូចជា ជំងឺហឺត និង​ជំងឺរបេង​ដែរ​។ ខាងក្រោម​នេះ គឺជា​អាកា​រៈ​មួយចំនួន​តូច ដែល​អាច​បញ្ជាក់ថា សួត​អ្នក​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ និង​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

 
​ពិបាក​ដកដង្ហើម​រយៈ​ពេល​យូរ​
​មិន​ខ្វល់​ថា ការឡើង​កាំជណ្តើរ ឬ​ការធ្វើការងារ​ធម្មតា​ទេ បើសិនជា​អ្នកមាន​អារម្មណ៍​ថា ពិបាក​ដកដង្ហើម ក្រោយពី​ធ្វើ​ការងារ​ធម្មតាៗ​ទាំងនេះ វា​អាច​បញ្ជាក់​អំពី បញ្ហា​ណាមួយ​ហើយ​។ ជាមួយគ្នានេះដែរ បើសិនជា​អ្នក​ពិបាក​ក្នុង​ការរត់ ឬ​ពិបាក​ដកដង្ហើម​គ្រប់ពេល​វេលា​ទាំងអស់ សូម្បីតែ​គេង​ដែរ នោះ មានន័យថា អាចជា​បញ្ហា​លើ​សួត​ហើយ​ដូចជា ជំងឺ​រលាក​ទងសួត ជំងឺហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​ទាក់ទង​នឹង​បេះដូង​។​
 
​មាន​ស្លេស​ច្រើន​
​ការដែល​ក្អកមាន​ស្លេស ឬ​កំហាក តែ​មនុស្ស​ភាគច្រើន​មើលរំលង​។ យ៉ាងណាមិញ បើសិនជា​អ្នកមាន​អាកា​រៈ​បែបនេះ លើសពី​បី​ខែ ចូរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ទៅ ព្រោះ​វា​អាចជា​សញ្ញា របស់​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​។ បើសិនជា​រឿងនេះ កើតឡើង​ជាមួយនឹង​ការដកដង្ហើម លឺ​សូរដូច​ហួច ឬ​ពិបាក​ដកដង្ហើម​ទៀត​នោះ វា​អាចជា​សញ្ញា​របស់ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​វិញ​។ ដូច្នេះហើយ បើសិនជា​អ្នក​ក្អក​រយៈពេល​យូរ អ្នក​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
​ឈាម​ក្នុង​កំហាក​
​សញ្ញា​គន្លឹះ​មួយ​ផ្សេងទៀត ដែល​បញ្ជាក់​អំពី ជំងឺ​សួត​នោះ គឺ​វត្តមាន​របស់​ឈាម​ក្នុង​កំហាក​។ ខណៈពេលដែល​ការប្រែប្រួល ពណ៌​របស់​កំហាក​អាច​បង្ហាញ​ច្រើន អំពី​សុខភាព​នោះ វត្តមាន​របស់​ឈាម​ក្នុង​កំហាក អាចជា​សញ្ញា​របស់​ជំងឺរបេង​។​
 
​ឈឺទ្រូង​
​បើសិនជា​អ្នក​គិតថា ការឈឺ​ទ្រូង តែងតែ​បញ្ជាក់​ពី ជំងឺ​គាំងបេះដូង​នោះ អ្នក​ពិតជា​គិត​ខុស​ហើយ​។ បើសិនជា​អ្នកមាន​អា​ការៈឈឺ​ទ្រូង ដូច​មាន​អ្វីមួយ​ស្រួច​ចាក់​ក្នុង​ទ្រូង នៅពេល​ដកដង្ហើម ក្អក ឬ​កណ្តាស វា​អាច​ដោយសារតែ ការបង្ក​រោគ​នៅ​សួត ដែល​បង្កឡើង​ដោយ​បាក់តេរី ឬ​វីរុស​។ ករណី​ដ៏​កម្រ​គឺថា វា​អាចមាន​កំណក​ឈាម ក្នុង​សរសៃឈាម​អាក់ទែ​របស់​សួត ដែល​នាំ​ឲ្យ​ស្ទះ​ដល់​លំហូរ​ឈាម ឬ​ហៅថា Pulmonary Embolism​។​
 
​ដកដង្ហើម​លឺ​ដូច​ហួច​
​ការ​លឺ​សម្លេង​ដូច​ហួច​ពេល​ដកដង្ហើម អាចជា​សញ្ញា​បញ្ជាក់ថា មុខងារ​សួត​ថយចុះ​។ រឿងនេះ​បញ្ជាក់ថា សួត​កំពុងតែ​មានការ​ពិបាក​ដកដង្ហើម ដោយសារតែ​ផ្លូវដង្ហើម​រួម​តូច ឬ​សរសៃឈាម​ស្ទះ ដោយសារ​កម្ទិចកម្ទី មកពី​ខាងក្រៅ​រាងកាយ​។ ករណី​ភាគច្រើន ការដកដង្ហើម​លឺ​សូរដូច​ហួច មាន​ជាប់​ពាក់ព័ន្ធ នឹង​ការ​រលាក​ដោយសារ​ជំងឺហឺត រលាក​ទងសួត រលាក​សួត ប្រតិកម្ម​អា​លែ​ក​ស៊ី ឬ​ការស្ទះ​ក្នុង​រាងកាយ ដោយសារ​ដុំ​សាច់ ឬ​កំទិចកំទី​ពី​ខាងក្រៅ​រាងកាយ​។​
 
​ក្អក​រ៉ាំរ៉ៃ​
​សញ្ញា​ដ៏​សំខាន់បំផុត ដែល​បញ្ជាក់ថា​សួត កំពុងស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ គឺ​ការ​ក្អក​រ៉ាំរ៉ៃ​។ ខណៈពេលដែល​ការ​ក្អក អាច​បណ្តាលមកពី ការបង្ក​រោគ​ដោយ​វីរុស ឬ​ជំងឺ​ផ្តាសាយ វា​គួរតែ​ធូរស្រាល​ទៅវិញ នៅ​រយៈពេល​ពីរ ទៅ​បី​សប្តាហ៍​ក្រោយ​។ យ៉ាងណាមិញ បើសិនជា​បន្ត​រយៈពេល​យូរ​ជាង​នេះ ឬ​រហូតដល់ ច្រើនជាង ៨ សប្តាហ៍ វា​អាចជា​រឿង​ត្រូវ​បារម្ភ​ហើយ​។ ដូច្នេះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ជំនាញ​ផ្លូវដង្ហើម​ដើម្បី​រកមើល​មូលហេតុ​របស់​វា​។ មូលហេតុ​មួយចំនួន នៃ​ការ​ក្អក​រ៉ាំរ៉ៃ អាចជា​ការ​រលាក​ទង​សួត ជំងឺហឺត ជំងឺ​រលាក​សួត និង​របេង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com