អន្តរជាតិ
អតិថិជន​ចិន​ត្រៀម​ចំណាយ​ប្រាក់​ច្រើន​ទិញ​ទំនិញ​អន​ឡាញ​ក្នុង​«​ទិវា​អ្នក​នៅ​លីវ​»​ឆ្នាំ​២០២០
11, Nov 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ទិដ្ឋភាព​អ្នក​ដឹកជញ្ជូន​ទំនិញ​នៅ​ទិវា​អ្នក​នៅ​លីវ (Single
​រូប​ឯកសារ​៖ ទិដ្ឋភាព​អ្នក​ដឹកជញ្ជូន​ទំនិញ​នៅ​ទិវា​អ្នក​នៅ​លីវ (Single's Day) ដែលជា​ទិវា​ទិញ​ទំនិញ​ដ៏​ធំ​បំផុត​ក្នុងប្រទេស​ចិន ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
ដោយ: VOA
​ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា អ្នកទិញ​ទំនិញ​ក្នុងប្រទេស​ចិន ត្រូវគេ​រំពឹងថា​នឹង​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ទំនិញ​តាំងពី​ម្ហូបអាហារ​រហូតដល់​សម្ភា​រៈ​ប្រើប្រាស់​ទំនើបៗ នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ទិញ​ទំនិញ​អន​ឡាញ​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​របស់​ចិន ដែល​គេ​និយម​ហៅថា «​ទិវា​អ្នក​នៅ​លីវ​» ឬ Singles' Day ខណៈដែល​សេដ្ឋកិច្ច​ចិន​រើប​ខ្លួន​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​វិញ​។​

 
​ពិធី​នេះ​ដែលជា​បុណ្យ​ទិញ​ទំនិញ​អន​ឡាញ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ប្រព្រឹត្តធ្វើ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ជា​រៀងរាល់ឆ្នាំ ដែល​គេ​និយម​ហៅ​ផងដែរ​ថា ជា​ទិវា​បុណ្យ​១១.១១​។​
 
​ក្នុងឱកាស​នៃ​ពិធីបុណ្យ​នេះ ក្រុមហ៊ុន​ធំៗ​ជាច្រើន​របស់​ប្រទេស​ចិន ដូចជា​ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន JD.com ជាដើម លក់ទំនិញ​ចុះ​តម្លៃ​ជាខ្លាំង​ដល់​អតិថិជន​របស់ខ្លួន​។​
 
​កាលពី​ឆ្នាំទៅ អតិថិជន​ចិន បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង​៣.៨០០​លាន​ដុល្លារ​សម្រាប់​ទិញ​ទំនិញ ដែល​ខ្លួន​ពេញចិត្ត​នៅក្នុង​ឱកាស​នៃ​«​ទិវា​អ្នក​នៅ​លីវ​»​នេះ​ផងដែរ​។​
 
​អ្នកវិភាគ​រំពឹងថា អតិថិជន​ចិន​នឹង​ចំណាយ​ប្រាក់​ច្រើន​លើ​ផលិតផល​នាំចូល​ពី​បរទេស ដោយសារ​ក្នុងឆ្នាំនេះ​អ្នកទេសចរ​ចិន​ជាច្រើន​មិនអាច​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​បាន​ដោយសារ​វិបត្តិ​កូ​វីដ​១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com