អន្តរជាតិ
ទោះ​នឹង​ក្លាយជា​ស្ត្រី​ទី​១​អាមេរិក​ក៏ដោយ លោកស្រី Jill Biden នៅតែ​ធ្វើជា​គ្រូបង្រៀន​ពេញ​ម៉ោង​
12, Nov 2020 , 8:29 am        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក និងភរិយាលោក ជៀ បៃឌិន អនាគតស្ត្រីទី១អាមេិរក ។ រូបភាព៖ AFP
លោក ចូ បៃឌិន ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក និងភរិយាលោក ជៀ បៃឌិន អនាគតស្ត្រីទី១អាមេិរក ។ រូបភាព៖ AFP
ដោយ:
​អ្នកស្រី ជៀល បៃ​ឌិន (Jill Biden) នឹង​ក្លាយជា​ស្ត្រី​ទី​១​អាមេរិក​តែមួយគត់​ក្នុង​ប្រវត្តិសាស្ត្រ​២៣១​ឆ្នាំ​របស់​ប្រជាជាតិ​មួយ​នេះ ដែល​រក្សា​ការងារ​ពេញ​ម៉ោង​ជា​គ្រូបង្រៀន ខណៈ​ប្ដី​អ្នកស្រី លោក ចូ បៃ​ឌិន ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦​។

 
​កើត​នៅ​ខែមិថុនា ឆ្នាំ​១៩៥១ ក្នុង​រដ្ឋ New Jersey អ្នកស្រី ជៀល បៃ​ឌិន ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ស្រី​៥​នាក់ ហើយ អ្ន​ស្រី​បាន​ធំធាត់​ឡើង​ក្នុង​តំបន់​ជាយក្រុង Willow Grove នៃ​រដ្ឋ Pennsylvania ។ មុន​រៀបការ​នឹង​លោក ចូ បៃ​ឌិន អ្នកស្រី​បានរួម​រស់​ជាមួយ​អតីត​កីឡាបាល់ទាត់​ប្រចាំ​មហាវិទ្យាល័យ​ម្នាក់ ឈ្មោះថា Bill Stevenson ។ 
 
​លោក បៃ​ឌិន បាន​បាត់បង់​ភរិយា​ទីមួយ និង​កូនស្រី​អាយុ​មួយឆ្នាំ​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ក្នុង​ឆ្នាំ​១៩៧២ ខណៈ​កូនប្រុស​លោក​២​នាក់​ទៀត រួមមាន Beau និង Hunter នៅរស់ ។ ៣​ឆ្នាំក្រោយ​គ្រោះកាច​នេះ អ្នកស្រី ជៀល ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​លោក​បៃ​ឌិន តាមរយៈ​បងប្រុស​លោក​បៃ​ដិ​ន ឈ្មោះ Frank ។ 
 
​នៅពេលនោះ លោក បៃ​ឌិន ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​និង​ជា​ប្រុស​ពោះម៉ាយ ខណៈ​អ្នកស្រី ជៀល នៅ​ជា​និស្សិត ។ ប្រាប់​សារព័ត៌មាន Vogue អំពី​ការ​ណាត់ជួប​លើកដំបូង​របស់​ពួកគេ អ្នកស្រី​និយាយ​ដូច្នេះ​ថា​៖«​គាត់​មាន​អាយុ​លើស​ខ្ញុំ​៩​ឆ្នាំ​។ ក៏ប៉ុន្តែ​យើង​បាន​ទៅ​មើល​រឿង​ស្នេហា A Man and A Woman នៅ​រោងភាពយន្ត​មួយ ក្នុង​ទីក្រុង Philadelphia ហើយ​យើង​ពិតជា​ស៊ីសង្វាក់​គ្នា​ណាស់​»​។ 
 
 លោក បៃឌិន ពេលណែនាំអនាគតភរិយាឲ្យកូនប្រុសទាំងពីរលោកស្គាល់ ។រូបភាពទូរទស្សន៍ CBS 

​និយាយ​ពី​ជីវិត​ស្នេហា អ្នកស្រី និយាយថា ប្ដី​អ្នកស្រី​បាន​សារភាព​ស្នេហ៍​មក​៥​ដង ទម្រាំ​តែ​អ្នកស្រី​ព្រម​ទទួលយក​។ «​ខ្ញុំ​មិនអាច​ឲ្យ​ពួកគេ (​កូនៗ​របស់លោក​ចូ​) បាត់បង់​ម្ដាយ​ម្នាក់ទៀត​ទេ​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​១០០​ភាគរយ​សិន​»​។ អ្នកស្រី​ពន្យល់​បែបនេះ​។ បន្ទាប់​ស្គាល់ចិត្ត​គ្នា​អស់​២​ឆ្នាំ​រួចមក គូស្នេហ៍​ទាំងពីរ បានសម្រេច​រៀបការ​ជាមួយគ្នា​ក្នុង​ទីក្រុង ញ៉ូ​វ​យ៉​ក ក្នុង​ឆ្នាំ​១៩៧៧ ហើយ​មាន​កូនស្រី​ម្នាក់​ឈ្មោះថា Ashley ក្នុង​ឆ្នាំ​១៩៨១​។ 
 
​អ្នកស្រី ជៀ បៃ​ឌិន ជា​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​ម្នាក់ ដែលមាន​សញ្ញាប័ត្រ​បរិ​ញ្ញា​មួយ អនុបណ្ឌិត​២ និង​បណ្ឌិត​មួយ​ពីស​កល​វិទ្យាល័យ Delaware ក្នុង​ឆ្នាំ​២០០៧​។ ក្នុង​អាជីព​អប់រំ អ្នកស្រី​ចំណាយពេល​ជាច្រើន​ឆ្នាំ​បង្រៀន​នៅ​សាលា​រដ្ឋ​ក្នុង​រដ្ឋ Delaware ក្នុងនោះ​ក៏មាន វិទ្យាល័យ Brandywine​។ ហើយ​នេះ​ជាទី​កន្លែង​ដែល​អ្នកស្រី​បាន​ថ្លែង​សុ​ទ្ទរ​កថា​នៅ​សន្និបាត​បក្ស​ប្រជាធិបតេយ្យ ក្រោយ​ប្ដី​អ្នកស្រី​ត្រូវបាន​ជាប់​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​។​
 
​អ្វីដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ ទោះ​ក្លាយជា​ស្ត្រី​ទី​២​អាមេរិក ក្រោម​រដ្ឋបាល​បា​រ៉ា​ក់ អូ​បា​ម៉ា អ្នកស្រី បៃ​ឌិន នៅ​បន្តធ្វើ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ក្នុង​មហាវិទ្យាល័យ​សហគមន៍ Northern Virginia ៨​ឆ្នាំ​ពេញ​តែម្ដង​។ 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS ក្នុង​ខែសីហា អ្នកស្រី ជៀល បញ្ជាក់ថា ប្រសិន​អ្នកស្រី​ក្លាយជា​ស្ត្រី​ទីមួយ​មែន​នោះ អ្នកស្រី​នឹង​បន្ត​បង្រៀន​ដដែល​។ អ្នកស្រី សង្កត់ធ្ងន់ថា អ្នកស្រី​ចង់​ឲ្យ​មនុស្ស​រាល់គ្នា​ឲ្យ​តម្លៃ​គ្រូបង្រៀន ហើយ​ដឹងគុណ​ចំពោះ​ការរួមចំណែក​របស់​ពួកគេ ព្រមទាំង​ដើម្បី​លើកតម្កើង​អាជីព​មួយ​នេះ​ផងដែរ​។ 
 

អ្នកស្រី ជៀ បៃឌិន ឈរក្បែរស្វាមីអ្នកស្រី លោក បៃឌិន កាលស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០០៩ ។ រូបភាព AP 

​ទោះ​រវល់​បង្រៀន អំឡុង​ពេលធ្វើ​ស្ត្រី​ទី​២​អាមេរិក​ចន្លោះ​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១៧ អ្នកស្រី ជៀល ក៏​បា​ម​ឆ្លៀត​បម្រើ​ការងារ​នយោបាយ​ផងដែរ​។ ភរិយា​អតីត​អនុ​ប្រធានាធិបតី បៃ​ឌិន បាន​ប្រឹងប្រែង​លើកកម្ពស់​មហាវិទ្យាល័យ​សហគមន៍​, ធ្វើ​យុទ្ធនាការ​សម្រាប់​ក្រុមគ្រួសារ​ទាហាន និង​បង្កើន​ការយល់ដឹង​ពាក់ព័ន្ធ​ការបង្ការ​ជំងឺមហារីក​ដោះ ជាដើម​។ 
 
​ទន្ទឹមនេះ អ្នកស្រី ជៀល ក៏បាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​មួយ​ឈ្មោះថា រួម​កម្លាំង ឬ Joining Forces ជាមួយនឹង​អតីត​ស្ត្រី​ទី​១ អ្នកស្រី មី​ឈែល អូ​បា​ម៉ា ដែល​ផ្តោត​សំខាន់​លើ ការជួយ​ដល់​អតីតយុទ្ធជន និង​ជួយ​ឲ្យ​ក្រុមគ្រួសារ​ពួកគេ​ទទួលបាន​ការអប់រំ​គ្រប់គ្រាន់ ក៏ដូចជា ធនធាន​ចាំបាច់​ជាដើម​។ 
 
​មួយ​អាជីព​ជា​គ្រូបង្រៀន អ្នកស្រី​បាន​និពន្ធ​សៀវភៅ​២​ចំណងជើង រួមមាន Don't Forget, God Bless Our Troops: With Audio Recording បោះ​ពុ​ម្ភ​ឆ្នាំ​២០១២ និង Joey: The Story of Joe Biden បោះ​ពុ​ម្ភ​ឆ្នាំ​២០២០៕ 
 

ក្រុមគ្រួសារលោក ចូ បៃឌិន នាំគ្នាមើលកាំជ្រូច ក្រោយប្រកាសថាឈ្នះឆ្នោតឆ្នាំ២០២០ ។ រូបភាព AFP 
 

© រក្សាសិទ្ធិដោយ thmeythmey.com