អន្តរជាតិ
វៀតណាម ចោទ​ក្រុមហ៊ុន Nexflix និង​Apple ថា​គេច​មិនបាន​បង់ពន្ធ​
11, Nov 2020 , 10:29 pm        
រូបភាព
សេវាកម្សាន្ត Netflix។ រូបភាព៖ AFP
សេវាកម្សាន្ត Netflix។ រូបភាព៖ AFP
​រដ្ឋមន្ត្រី​ព័ត៌មាន​វៀតណាម លោក Nguyen Manh Hung នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា បាន​ចោទ​ក្រុមហ៊ុន​ធំៗ​ដូចជា Nexflix និង Apple ថា មិនបាន​អនុវត្ត​កាតព្វកិច្ច​ក្នុងការ​បង់ពន្ធ​របស់​ខ្លួន​។ បើតាម​លោក​រដ្ឋមន្ត្រី រៀង​នេះ បង្ក​ឲ្យ​មានការ​ប្រកួតប្រជែង​មិន​ស្មើភាព​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បាន​បង់ពន្ធ​។


​តាម​ការ​គណនា​របស់​ក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន​វៀតណាម ក្រុមហ៊ុន​សេវា​កម្សាន្ត​ដូចជា Netflix និង​Apple បាន​រកចំណូលបាន​ប្រមាណ ៤៣​លាន​ដុល្លារ ពី​អតិថិជន​របស់ខ្លួន​ប្រហែល ១​លាន​នាក់​។ ចំណូល​ទាំងនោះ មិន​ត្រូវបាន​បង់ពន្ធ​ចូលមក​ឲ្យ​រដ្ឋ​ទេ​។ 
 
«​ក្រុមហ៊ុន​ក្នុងស្រុក ត្រូវតែ​បង់ពន្ធ និង​គោរព​តាម​បទបញ្ញត្តិ​ផ្សេង​ផ្សេងៗ ខណៈ​ក្រុមហ៊ុន​បរទេស​មិនបាន​បង់ពន្ធ​ទេ​»​។ លោក Nguyen Manh Hung រដ្ឋមន្ត្រី​ព័ត៌មាន និង​គមនាគមន៍​វៀតណាម បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ការធ្វើ​បែបនេះ គឺជា​ការប្រកួតប្រជែង​មិន​ស្មើភាព​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​។ 
 
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​មួយ រដ្ឋមន្ត្រី​វៀតណាម​រូបនេះ បាន​បន្ថែមទៀតថា ក្រៅពី​មិនបាន​បង់ពន្ធ ក្រុមហ៊ុន​សេវា​កម្សាន្ត​ទាំងនោះ បាន​បំពាន​បទបញ្ញត្តិ​របស់​វៀតណាម ដែល​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ អធិបតេយ្យភាព អំពើហិង្សា ការប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​ផ្សេងទៀត​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្រុមហ៊ុន Netflix មិនបាន​ឆ្លើយតប​អ្វី​ទេ ទាក់ទិន​នឹង​ការលើកឡើង​របស់​វៀត​ណា​ម​បែបនេះ​។ ក្រុមហ៊ុន​នេះ​ក៏​មិនទាន់មាន​គម្រោង​ដាក់​ទិន្នន័យ ឬ​បើក​ការិយាល័យ​របស់ខ្លួន​នៅក្នុង​វៀតណាម​ដែរ​។ កន្លងមក​ក្រុមហ៊ុន Netflix ធ្លាប់បាន​អះអាងថា ខ្លួន​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​បង្កើត​វិធានការ​នៃ​ការប្រមូល​ពន្ធ​។ 
 
​សូមបញ្ជាក់ថា វៀតណាម បានដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​ក្នុង​រយៈពេល​២​ឆ្នាំ​មកហើយ ដែល​ស្នើ​ក្រុមហ៊ុន​រក​ចំណូល​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​វៀតណាម​ទុក​ទិន្នន័យ​របស់ខ្លួន​នៅក្នុង​ប្រទេស ។ 
 
​មួយរយៈ​ចុងក្រោយ​នេះ តំបន់​អាស៊ីអាគ្នេយ៍ បានចាប់ផ្តើម​រឹតបន្តឹង​យ៉ាងខ្លាំង​លើ​សេវា​កម្សាន្ត​ដូចជា​Netflix​។ ហ្វីលីពីន ថៃ និង​ឥណ្ឌូណេស៊ី​ជាដើម បានអនុម័ត​លើ​ច្បាប់ និង​សេចក្តីស្នើច្បាប់ ដែល​យកពន្ធ​លើ​ក្រុមហ៊ុន​ទាំងនេះ​។ ចំណែក​កម្ពុជា ក៏​កំពុង​សិក្សា​លើ​ការយកពន្ធ​លើ​ក្រុមហ៊ុន Netflix, Amazon, Alibaba, Facebook និង​ក្រុមហ៊ុន​ផ្សេងទៀត​ផងដែរ​៕  

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com