កីឡាជាតិ
ជាតិ
​វត្តមាន កុមារ ប៉ិច ធារ៉ា ក្នុងការ​ប្រកួត​កីឡា​ប្រណាំង​កង់​ភ្នំ ទាញ​ចំណាប់អារម្មណ៍​ច្រើន​...
11, Nov 2020 , 4:28 pm        
រូបភាព
កុមារា ប៉ិច ធារ៉ា ចូលរួមក្នុងព្រឹត្តិការណ៍ដែលជាការប្រកួត​ក្រៅផ្លូវការ។ រូបថតលោក កឹម សុវណ្ណា
កុមារា ប៉ិច ធារ៉ា ចូលរួមក្នុងព្រឹត្តិការណ៍ដែលជាការប្រកួត​ក្រៅផ្លូវការ។ រូបថតលោក កឹម សុវណ្ណា
ដោយ:
ជិះ​កង់​ធម្មតា អត់​ស្បែកជើង និង​គ្មាន​មួកសុវត្ថិភាព ក្នុងការ​ប្រកួតប្រណាំង​កង់​។ នេះ​មិនមែនជា​ការលើកទឹកចិត្ត​នោះឡើយ ប៉ុន្តែ​ការព្យាយាម​បង្ហាញខ្លួន​របស់​កុមារា ប៉ិច ធារ៉ា ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series 2020 ជុំ​ទី​ពីរ នៅ​ព្រែកលៀប ជាយ​រាជធានី​ភ្នំពេញ ទទួល​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

 
​ពាក់​លេខ ២៦១ ជាមួយនឹង​ភ្នែក​សម្លឹង រូបថត​ដែលជា​ស្នាដៃ​របស់លោក កឹម សុ​វណ្ណា មានការ​ចែករំលែក និង​ទាក់ទាញ​យ៉ាងខ្លាំង ដោយ​ភាគច្រើន​កោតសរសើរ​នូវ​ការតស៊ូ​របស់ ប៉ិច ធារ៉ា ក្នុងការ​ប្រកួតប្រជែង ដោយ​មិន​ខ្វល់​ថា ខ្លួន​ចាញ់​ប្រៀប​ទាំង​គុណភាព​កង់ និង​សម្ភារ​ការពារ​ខ្លួន​នោះឡើយ​។​
 
​វ័យ​១៣​ឆ្នាំ កុមារ​ដែល​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្បែរ​តំបន់​ព្រែកលៀប រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរ​សព្ទ​ម្តាយ​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ចូលចិត្ត​កីឡា​ប្រណាំង​កង់ ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​ប្រណាំង​ម្នា​ក់នៅ​ថ្ងៃ​អនាគត​»​។​
 
​ក្នុងចំណោម​អ្នកចូលរួម​ប្រកួត​លើ​គ្រប់​ប្រភេទ​វិញ្ញាសា​សរុប​ជាង​២០០​នាក់ ធារ៉ា មិនមាន​ឈ្មោះ​ក្នុង​កំណត់ត្រា​នោះឡើយ ប៉ុន្តែ​លោក កឹម សុ​វណ្ណា ដែលជា​អ្នក​ថតរូប​បាន​អះអាងថា យុវជន​រូបនោះ ពិតជា​បាន​ទៅដល់​ទី ទោះបី​ជាមាន​ថិរវេលា​យឺត​ក៏ដោយ​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍ Cambodia MTB Series បាន​ឆ្លើយតប​នឹង​ការសាកសួរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​កុមារ​នៅ​មូលដ្ឋាន តែងតែ​ចង់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ យើង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលរួម​ដោយ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​។ ពួកគេ​ភាគច្រើន គ្មាន​មួកសុវត្ថិភាព ដែល​នេះ​ជា​បញ្ហា​ដ៏​ធំ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​សម្រេចចិត្ត​ឲ្យ​ពួកគេ​ចូលរួម​ដើម្បី​ឲ្យ​ពួកគេ​បាន​សប្បាយចិត្ត​»​។​
 
​កូនពៅ​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​រូបនេះ​រៀបរាប់ថា កង់ ដែល​ខ្លួន​ប្រើប្រាស់​សម្រាប់​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ខាងលើ ជា​កង់​ដែល​ខ្លួន​ទុក​ជិះ​លេង​ពេលទំនេរ​ពី​ការសិក្សា​។ សិស្ស​ថ្នាក់​ទី​៤​នៅ​សាលាបឋមសិក្សា​មង្គល​ស​ត្ថា​វ័ន​រូបនេះ អះអាងថា កត្តា ដែល​ជំរុញ​ឲ្យ​ខ្លួន​ចូលរួម​ប្រកួត ដោយសារ​ការស្រឡាញ់ និង​ចូលចិត្ត​ជិះ​កង់​។​


 
​ធារ៉ា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា រូបគេ​នឹងមិន​រួញរា​ឡើយ​បើ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ត្រូវការ​ខ្លួន​ធ្វើជា​យុវជន​ថ្នាល ដ្បិត​រូបគេ​មាន​គោលបំណង​ចង់​ក្លាយជា​កីឡាករ​ទោចក្រយាន​។ សម្រាប់​ការប្រកួត​ខាងលើ ប៉ិច ធារ៉ា ពុំ​ទទួលបាន​លទ្ធផល​ល្អ​នោះទេ តែ​រូបគេ​បាន​មកដល់​គោលដៅ​។ 
 
​កុមារា​រូបនេះ បាន​រៀបរាប់​ពី​ស្ថានភាព​គ្រួសារ​ថា គ្រួសារ​គេ​មាន​ជីវភាព​ក្រលំបាក ដោយ​ឪពុក​ជាជាង​សំណង់ រីឯ​ម្តាយ​ជា​ស្ត្រី​មេផ្ទះ ហើយ​បច្ចុប្បន្នកំពុង​ញាំញី​ដោយ​ជំងឺ​។​
 

​តាមពិតទៅ លោក កឹម សុ​វណ្ណា ដែលជា​អ្នក​ថតរូប​សារព័ត៌មាន​ដ៏​មានបទពិសោធន៍​យូរ​ឆ្នាំ​ម្នា​ក់នៅ​កម្ពុជា បាន​អះអាងថា សកម្មភាព​ក្មេង​ចូលរួម​បែបនេះ មិនមែនជា​ករណី​ថ្មី​នោះឡើយ ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​ស្នាដៃ​របស់លោក​ទទួលបាន​នូវ​ការចាប់អារម្មណ៍ ហើយ​មានការ​ចែករំលែក​ច្រើន​។​
 
«​ខ្ញុំ​ថត​ឲ្យ​ក្រុមការងារ​លោក Pierre Cartry ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែលមាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​កុមារ​ពាក់​លេខ​២៦១»​។ នេះ​ជាការ​រៀបរាប់​លោក សុ​វណ្ណា​។ ក្រោយ​ការចែករំលែក​តៗ​គ្នា​ក្នុង​បណ្តាញ​សង្គម មនុស្ស​មួយចំនួន​បង្ហាញ​ពី​បំណង​ជួយ​ដល់​ធារ៉ា ហើយ​សារព័ត៌មាន​ថ្មីៗ ក៏​ឃើញ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញថា កុមារ​រូបនេះ បានទទួល​កង់​១​គ្រឿង​ពី​សប្បុរសជន​ផងដែរ​៕

Tag:
 ប្រណាំង​កង់​
  ប៉ិច ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com