ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ចែក​ម៉ាស​ក្រណាត់​២​លាន​ម៉ាស ដល់​ពលរដ្ឋ​ក្រីក្រ​
11, Nov 2020 , 5:03 pm        
រូបភាព
សម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា​
សម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា​
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួងសុខាភិបាល​ប្រគល់​ម៉ាស​ក្រណាត់​ចំនួន​២​លាន​ម៉ាស ឲ្យ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត​នៅក្នុង​រាជធានី​ភ្នំពេញ​។

 
​ការចែក​ម៉ាស​របស់​រដ្ឋាភិបាល​នេះ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​ជ្រៀត​ចូលទៅ​សហគមន៍​។ ជាពិសេស​ទប់ស្កាត់​ហានិភ័យ ដែល​អាច​កើតចេញពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ គិត​មកដល់ពេលនេះ ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​លើ​មនុស្ស​ជាង​១៤០០​នាក់ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​មនុស្ស​៤​នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩​។​
 
​ពាក់ព័ន្ធ​នឹង​ការ​ទ​ប​ស្កាត់​ជំងឺ​នេះដែរ ក្រសួងមហាផ្ទៃ​ក៏បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ផ្អាក​ការរៀបចំ​ទេ​វិកា​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់ និង​កិច្ចប្រជុំ​ផ្សេងៗ​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​បញ្ចៀស​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូលក្នុង​សហគមន៍​។ 
 
​បន្ថែម​ពីនេះ ក្រសួង​អប់រំ​ដែល​បាន​រកឃើញថា​មាន​សាលារៀន​រដ្ឋ និង​ឯកជន មន្ទីរអប់រំ​ខេត្ត និង​ក្លឹប​ហាត់ប្រាណ​កីឡា​កា​រ៉ា​តេ​ដូ បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង​គណៈប្រតិភូ​ហុង​គ្រី​មក ក្រសួង​សម្រេច​ផ្អាក​ដំណើរការ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ចំនួន​២​សប្តាហ៍​។ 
 
​ចំណែក​រោងភាពយន្ត សារមន្ទីរ​ជាតិ ខារ៉ាអូខេ​(KTV) មណ្ឌល​កម្សាន្ត ម៉ាស្សា និង​ក្លឹប​ហាត់ប្រាណ​នៅ​ទូទាំងប្រទេស​ក៏​ក្រសួងសុខាភិបាល​ផ្អាក​ឲ្យ​ដំណើរការ​ផងដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣០១​នាក់ ៕  
 
 
 

Tag:
 ម៉ាស់​ក្រណាត់
© រក្សាសិទ្ធិដោយ thmeythmey.com