កីឡាអន្តរជាតិ
អន្តរជាតិ
Juventus លក់ Ronaldo ដើម្បីសន្សំ៧០ម៉ឺនដុល្លារមួយអាទិត្យ ទុកដោះស្រាយ COVID-19
× Juventus ត្រូវបានរាយការណ៍ថា នឹងដាក់លក់ Cristiano Ronaldo នៅមុនពេលកិច្ចសន្យារបស់រូបគេត្រូវបញ្ចប់ ដើម្បីយកប្រាក់ផ្គត់ផ្គង់ក្លិបអំឡុងពេលវិបត្តិ COVID-19។ Paris Saint-Germain ជាក្លិបនាំមុខគេក្នុងការនាំយកម្ចាស់ពាន Ballon d'Or ៥សម័យទៅរួមក្រុម។
ក្លិបយក្សអ៊ីតាលីពិចារណាលក់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់នៅខែមករាខាងមុខនេះតែម្តង ដោយលើកហេតុផលថា ក្លិបជួបវិបត្តិហិរញ្ញវត្ថុដែលបង្កដោយជំងឺរាតត្បាតសកល។ ការលក់ Ronaldo នៅមុនបញ្ចប់កិច្ចសន្យាឆ្នាំ ២០២២ មានន័យថា Juventus នឹងទទួលបានថ្លៃផ្ទេរមួយចំនួន ហើយជាពិសេសពួកគេនឹងកាត់បន្ថយថ្លៃពលកម្មដ៏ច្រើនសន្ធឹកក្នុងចំនួន ៣៧លានដុល្លារក្នុងមួយឆ្នាំ ឬជិត៧២ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ មានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងក្រុមសេះបង្កង់ ដែលមានចំនួនលើសខ្សែការពារ Matthijs de Ligt ដែលមានបៀវត្សច្រើនជាងគេលំដាប់ទី២ដល់ទៅបួនដង។ បើតាមការផ្សាយរបស់ The Sun នៅថ្ងៃទី១១ ខែវិច្ឆិកា Juventus អាចនឹងអនុញ្ញាតឲ្យអតីតសមាជិកក្រុម Manchester United និង Real Madrid ចាកចេញដោយគ្មានតម្លៃខ្លួនទៀតផង។
ការឲ្យ Ronaldo ចាកចេញនឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីឲ្យម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Serie A នេះ អាចដោះស្រាយបញ្ហារបស់ខ្លួនបានយ៉ាងស្រួល។
ប្រសិនបើ Ronaldo ពិតជាចាកចេញពី Juventus មែន ក្លិបដែលមានភាគរយខ្ពស់ក្នុងការហ៊ានថ្លៃពលកម្មខ្ពស់គឺ PSG។ ក្លិបយក្សបារាំងមួយនេះ ក៏ធ្លាប់មានការចុះផ្សាយថាចង់បានខ្សែប្រយុទ្ធចាស់វស្សានេះទៅជួយក្រុមផងដែរកាលពីរដូវកាលមុន បើទោះបីពួកគេមានកីឡាករឆ្នើមដូចជា Kylian Mbappé, Neymar រួចហើយក្តី។
Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្លាស់ពី Real Madrid ទៅកាន់ទឹកដីអ៊ីតាលីក្នុងតម្លៃ ១០០លានដុល្លារ កាលពីឆ្នាំ២០១៨។ ចូលដល់រដូវកាលទី៣ ម្ចាស់ពាន Ballon d'Or ៥សម័យ រកបាន៧១គ្រាប់ ក្នុងការបង្ហាញខ្លួន៩៤ប្រកួតសម្រាប់ក្រុម Juventus៕
Tag:
Cristiano Ronaldo
Juventus
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com