កីឡាជាតិ
ជាតិ
ការប្រកួតពានរង្វាន់បាល់ទាត់ចំនួន៥ ត្រូវផ្អាកបណ្តោះអាសន្ន ដោយសារកូវីដ-១៩ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១០ វិច្ឆិកា នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចផ្អាកការប្រកួតពានរង្វាន់បាល់ទាត់ចំនួន៥ ដែលកំពុងដំណើរការជាបណ្តោះអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ សហព័ន្ធ អះអាងថា ការប្រកួតអាចរៀបចំឡើងវិញបាន ទាល់តែមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់លីគលំដាប់ទី២, ពានរង្វាន់ជម្រើសជើងឯកនារី, ជម្រើសជើងឯក Tiger Futsal Cup, ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម១៥ឆ្នាំ ត្រូវបានផ្អាកការប្រកួតជាបណ្តោះអាសន្ន ដោយសារការឆ្លងរីករាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការសម្រេចនេះ ធ្វើឡើងពីរថ្ងៃក្រោយក្រសួងអប់រំ យុវជននិងកីឡា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈជួបជុំ និងផ្អាកចេញចូលពហុកីឡដ្ឋានជាតិជាបណ្តោះអាសន្ន កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២០។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា រកឃើញអង្គរក្សម្នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី មានផ្ទុកជំងឺកូវីដ-១៩។
អង្គរក្សរូបនេះបានឆ្លងជំងឺកូវីដ-១៩ ពេល លោក ធ្វើជាអង្គរក្សរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០។ លោក Peter ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ វិច្ឆិកា ពេលលោកទៅដល់ប្រទេសថៃ ដើម្បីបំពេញទស្សនកិច្ចបន្តនៅទីនោះ។ បញ្ហានេះ ធ្វើឲ្យជំនួបរវាងរដ្ឋមន្ត្រីការបរទេសរូបនេះ ជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូរចា ត្រូវបានលុបចោល។
អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក Peter Szijjarto ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនរូប ត្រូវបានធ្វើចត្តាឡីស័ក និងធ្វើតេស្តរកជំងឺកូវីដ-១៩។ ក្រៅពីអង្គរក្សម្នាក់ខាងលើ កម្ពុជា រកឃើញអ្នកស្ថិតក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន៣នាក់បន្ថែមទៀត ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តជាលើកទីពីរ។ ការធ្វើតេស្តលើកទី៣ និងទី៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ និងទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
Tag:
កែវ សារ៉េត
Cambodian League 2
© រក្សាសិទ្ធិដោយ thmeythmey.com