COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ គ្មាន​ការបិទ​ប្រទេស ឬ​រាជធានី​-​ខេត្ត​ ដោយសារកូវីដ-១៩ឡើយ​
12, Nov 2020 , 9:31 am        
រូបភាព
​ភ្នំពេញ​៖ គ្មាន​ការបិទ​ប្រទេស ឬ​រាជធានី​-​ខេត្ត ដោយសារ​បញ្ហា​កូ​វីដ​-១៩​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ឆ្លើយតប​នឹង​ពាក្យ​ចចាមអារ៉ាម ដែល​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​នឹងដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។​



សម្ដេច ហ៊ុន សែន ចាត់ទុក​សារ​សំឡេង ដែល​ចែកចាយ​តាម​បណ្ដាញ​សង្គម​នោះ គឺ​គ្រាន់តែ​ចង់​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ចលាចល ហើយ​ទំនិញ​ឡើងថ្លៃ ជាពិសេស​ធ្វើឱ្យ​ប្រជាជន​រស់នៅ​មិនបាន​ស្ងប់ចិត្ត​តែប៉ុណ្ណោះ​។ សម្ដេច ហៅ​ការឃោសនា​ព័ត៌មាន​មិន​ពិត​នេះ ជាការ​គេង​ចំណេញ​ខាង​នយោបាយ របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​។​
 
​លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១២ វិច្ឆិកា​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ថ្មីៗ​នេះ​មាន​មនុស្ស​អាក្រក់​មួយចំនួន​បាន​បំផុស​ពាក្យ​ច​ចាម​អារ៉ាម​ថា​រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ​។​ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ខ្ញុំ​សូមបញ្ជាក់ថា​នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​»​។​

អះអាង​បែបនេះហើយ ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ពេលនេះ គឺ​ការប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ដែល​ទាមទារ​ឱ្យ​ពលរដ្ឋ​ចូលរួម​ដោះស្រាយ​។ ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ និង​ការរក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។​
 
​សម្ដេច ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ដោយសារ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​។ ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺ​សំដៅលើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​ប្រមុខ​ការទូត​ហុង​គ្រី លោក Peter Szijjarto ដែល​ត្រូវបាន​គេ​រកឃើញថា មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​គ្រា​ដែល​ប្រមុខ​ការទូត​រូបនេះ ទៅដល់​ប្រទេស​ថៃ​។​
 
​មិនតែប៉ុណ្ណោះ​លោកនាយក​រដ្ឋមន្ត្រី ក៏​បញ្ជា​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុក​ដោះ​ស្រា​យេ​ជីវភាព​ពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ផងដែរ​។​«​សូម​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ត្រួតពិនិត្យ​នឹង​ជួយ​ដោះស្រាយ​ជីវភាព​សម្រាប់​គ្រួសារ​ក្រីក្រ​ដែល​ពួកគាត់​មិនអាច​ចេញ​ប្រកប​របរ​រកស៊ី​បាន​ក្នុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​។ ត្រូវ​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​កុំឱ្យ​ពួកគាត់​ខ្វះ​ស្បៀងអាហារ​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​កាលពី​ថ្ងៃទី​១១ វិច្ឆិកា សម្តេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួងសុខាភិបាល​ប្រគល់​ម៉ាស​ក្រណាត់​ចំនួន​២​លាន​ម៉ាស ឲ្យ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត​​។​
 
​ការចែក​ម៉ាស​របស់​រដ្ឋាភិបាល​នេះ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​ជ្រៀត​ចូលទៅ​សហគមន៍​។ ជាពិសេស​ទប់ស្កាត់​ហានិភ័យ ដែល​អាច​កើតចេញពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ គិត​មកដល់ពេលនេះ ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​លើ​មនុស្ស​ជាង​១៤០០​នាក់ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​មនុស្ស​៤​នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩​។​
 
​គិត​ត្រឹម​ថ្ងៃទី​១២ ខែវិច្ឆិកា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣០១​នាក់ ក្នុងនោះ​មាន ២៨៨​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com