អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោត​មី​យ៉ាន់​ម៉ា​៖ បក្សប្រឆាំង​ធំជាងគេ ទាមទារ​បោះឆ្នោត​ម្ដងទៀត ក្រោយ​ចាញ់​បក្ស ស៊ូ​ជី
12, Nov 2020 , 10:46 am        
រូបភាព
អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យអបអរតាមផ្លូវ។ រូបភាព AFP
អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យអបអរតាមផ្លូវ។ រូបភាព AFP
​បក្សប្រឆាំង​ធំជាងគេ​របស់​មី​យ៉ាន់​ម៉ា បានទាមទារ​ឲ្យ​មានការ​រ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដោយ​អះអាងថា ការបោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា មាន​ភាពមិនប្រក្រតី​ជាច្រើន​។ បក្ស​សាមគ្គី និង​អភិវឌ្ឍន៍​សហភាព (USDP) ដែលជា​បក្ស​មានការ​គាំទ្រ​ពី​យោធា​ផង​នោះ ចង់​ឲ្យ​ការបោះឆ្នោត​ថ្មី​មានការ​ចូលរួម​ពី​យោធា​ដែរ​ដើម្បី​ធានា​សុក្រឹត្យភាព​។ បើតាម​លទ្ធផល​បឋម បក្ស USDP មាន​គម្លាត​ឆ្ងាយ​ខ្លាំង​ពី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។​

 
​បក្ស​សាមគ្គី និង​អភិវឌ្ឍន៍ (USDP) ដែលជា​បក្សប្រឆាំង​ធំជាងគេ និង​ធ្លាប់​ដឹកនាំ​មី​យ៉ាន់​ម៉ា​ផង ទទួលបាន​កៅអី​សភា​ចំនួន​២១​ប៉ុណ្ណោះ ពី​ការបោះឆ្នោត​ទូទៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​។ នេះ​បើតាម​លទ្ធផល​រាប់​សន្លឹកឆ្នោត​បឋម ខណៈ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ឈ្នះ​កៅអី​សរុប​៣៩៩ ដែល​លើសពី​ចំនួន​ត្រូវការ (៣២២​កៅអី​) ដើម្បី​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​ពីរ​។​
 
​បក្ស USDP ដែល​រង​បរាជ័យ​ដ៏​អាម៉ាស់​ជា​លើក​ទី​ពីរ មិន​ព្រម​ចុះចាញ់​ដោយ​ងាយ​ឡើយ​។ នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១១ ខែវិច្ឆិកា អតីត​បក្ស​កាន់អំណាច​មួយ​នេះ​អះអាងថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោតជាតិ បរាជ័យ​ក្នុងការ​គ្រប់គ្រង​ការបោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ស្នើ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ម្ដងទៀត ដែលមាន​វត្តមាន​យោធា​ចូលរួម​ផង​។ 
 
«​ដើម្បី​ការបោះឆ្នោត​សេរី មិន​លំអៀង និង​មាន​របៀប ត្រូវ​រៀបចំ​ការបោះឆ្នោត​ម្ដងទៀត​ដោយមាន​កិច្ចសហការ​ពី​យោធា​។​» មន្ត្រី​បក្ស USDP ម្នាក់​និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​។  
 
​បើតាម​សារព័ត៌មាន​The Irrawaddy បក្ស USDP ចោទថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ជ្រើសរើស​សមាជិក​បក្ស NLD ក្មេងៗ​ឲ្យ​បំពេញការងារ​ក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​តំបន់​ដែល​មិនមាន​គ្រព​បង្រៀន​គ្រប់គ្រាន់ ការពន្យារ​រយៈពេល​បោះ​ឆ្នោត​មុន​កំណត់​សម្រាប់​មនុស្ស​អាយុ​៦០​ឆ្នាំ​ឡើង និង​បញ្ជី​ឈ្មោះ​មាន​បញ្ហា​ជាដើម​។ បក្សប្រឆាំង​មួយ​នេះ​ក៏​ចោទ​រដ្ឋាភិបាល​ថា ទិញ​សន្លឹកឆ្នោត​តាមរយៈ​ការចែក​អង្ករ និង​ប្រេងឆា​ឲ្យ​ប្រជាជន​រងគ្រោះ​ដោយសារ COVID-19 ទោះជា​សកម្មភាព​បែបនេះ​ត្រូវបានធ្វើ​តាំងពី​ជំងឺ​នេះ​រាតត្បាត​ក្ដី​។​
 
​តប​នឹង​ការចោទប្រកាន់ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោតជាតិ​មី​យ៉ាន់​ម៉ា លើកឡើងថា សំឡេង​បក្សប្រឆាំង​មិន​ប៉ះពាល់​ការងារ​របស់ខ្លួន​ឡើយ​។ លោក U Myint Naing សមាជិក​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ប្រាប់​អ្នកសារព័ត៌មាន​ថា ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​ដោយ​ជោគជ័យ ទោះ COVID-19 ជា​បញ្ហា​ប្រឈម​ក្ដី ហើយ​ការបោះឆ្នោត​នេះ ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា អាច​ទទួលយកបាន​។ 
 
​មជ្ឈមណ្ឌល​កា​ទ័​រ​របស់​អតីត​ប្រធានាធិបតី​អាមេរិក ជី​មី កា​ទ័​រ ដែល​ចូលរួម​សង្កេតការណ៍ និយាយថា អ្នកបោះឆ្នោត​មី​យ៉ាន់​ម៉ា មាន​សេរីភាព​អាច​ឆន្ទៈ​របស់ខ្លួន និង​ជ្រើសរើស​តំណាង​របស់​ពួកគេ​។ មជ្ឈមណ្ឌល​ដដែល​បន្ត​ថា មិនមាន​ភាពមិនប្រក្រតី​ធំដុំ​ណាមួយ​ក្នុង​ការិយាល័យ​បោះឆ្នោត​ឡើយ​៕

Tag:
 បោះឆ្នោត​មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com