កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាព​៖ បារាំង​ចាញ់​ហ្វាំ​ង​ឡង់ ឯ​ព័រ​ទុយ​ហ្គា​ល់​លត់​អង់​ដូ​រ៉ា ៧-០
12, Nov 2020 , 11:17 am        
រូបភាព
​​ហ្វាំ​ង​ឡង់​បាន​យកឈ្នះ​ម្ចាស់​ជើងឯក World Cup បារាំង ២-០ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​។ Cristiano Ronaldo នៅតែ​អាច​បន្ត​រក​គ្រាប់​បាល់​ក្នុង​ជ័យជម្នះ​របស់​ព័រ​ទុយ​ហ្គា​ល់​លើ​អង់​ដូ​រ៉ា​ក្នុង​លទ្ធផល ៧-០​។​



​ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Forss និង Onni Valakari ស៊ុត​ម្នាក់​មួយ​គ្រាប់​ដើម្បី​ជួយ​ក្រុម​ភ្ញៀវ​ហ្វាំ​ង​ឡង់​ទទួលបាន​ជ័យជម្នះ​លើ​ម្ចាស់ផ្ទះ​បារាំង​នៅ​កីឡដ្ឋាន Stade de France ក្នុង​ក្រុងប៉ារីស​នៅ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា​។​
 
​ក្រុម​មាន់គក​បារាំង​ដែល​សម្បូរ​ទៅដោយ SuperStar ជាច្រើន​ដូចជា Paul Pogba របស់ Manchester United, Lucas Digne របស់ Everton និង Antoine Griezmann របស់ Barcelona ជាដើម​នោះ​មិនអាច​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ឡើយ និង​ថែមទាំង​ធ្វើ​ឲ្យ​ក្រុម​លោក Didier Deschamps រង​បរាជ័យ​ជា​លើកដំបូង​ក្រោម​ថ្វី​ជើង​ក្រុម​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៦០ ពិភពលោក​នេះ​។​
 
​ដោយឡែក​ព័រ​ទុយ​ហ្គា​ល់​ឯណោះ​វិញ បាន​យកជ័យ​ជម្នះ​លើ​ក្រុម​អង់​ដូ​រ៉ា​ដល់​ទៅ ៧-០ ខណៈ​ខ្សែប្រយុទ្ធ​ឆ្នើម Ronaldo ដែល​អវត្តមាន​ឲ្យ​ក្រុម​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ដោយសារ​ឆ្លង COVID-19 ក៏​រកបាន​គ្រាប់​ផងដែរ​។​
 
Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នឹងត្រូវ​ដឹកនាំ​ក្រុម​ទទួលភ្ញៀវ​បារាំង​ក្នុង​ការប្រកួត​ពានរង្វាន់ Nations League ក្នុង​លី​គ A ពូ​ល​២ នៅ​រាត្រី​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ​។ ក្នុង​ពូ​ល​នេះ​ព័រ​ទុយ​ហ្គា​ល់​ឈរ​កំពូល​តារាង​មាន​១០​ពិន្ទុ​ស្មើគ្នា​ជាមួយ​បារាំង​ដែល​នៅ​នៅ​លេខ​២​។ ក្រូ​អាស៊ី​នៅ​លេខ​៣​មាន​៣​ពិន្ទុ ខណៈ​ស៊ុយអែត​គ្មាន​ពិន្ទុ​រាប់​នៅឡើយ​ក្រោយ​ឆ្លងកាត់​៤​ប្រកួត​កន្លងមក​៕
 
​លទ្ធផល​ការប្រកួត​មិត្តភាព​អន្តរជាតិ​គូ​ដទៃទៀត​៖
​រូម៉ា​នី ៥ – ៣ បេឡា​រុស​
សាំងម៉ារ៉ាំង ០ – ៣ ឡេតូ​នី​
​តួ​ក​គី ៣ - ៣ ក្រូ​អាស៊ី 
​ដា​ណឺ​ម៉ាក ២ - ០ ស៊ុយអែត​
​លុចសំ​បួ ០ - ៣ អូទ្រីស​
​បែលហ្ស៊ិក ២ - ១ ស្វ៊ី​ស​
​អាល្លឺម៉ង់ ១ - ០ ឆែក 
​អ៊ីតាលី ៤ – ០ អ៊ី​ស្តូ​នី​
​ហូ​ឡង់ ១ - ១ អេ​ស្ប៉ា​ញ​
​ប៉ូឡូញ ២ - ០ អ៊ុយ​ក្រែ​ន​
​ស្លូ​វ៉ា​នី ០ - ០ អា​ហ្សែ​បៃ​ហ្ស​ង់​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com