អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​លោក ត្រាំ ប្តឹង​លទ្ធផល​នៅ Michigan ខណៈ Georgia រាប់​សន្លឹកឆ្នោត​ឡើងវិញ​ដោយ​ដៃ​ម្តង​
12, Nov 2020 , 12:29 pm        
រូបភាព
ការរាប់សន្លឹកឆ្នោតនៅរដ្ឋGeorgia។ រូបភាព៖ AFP
ការរាប់សន្លឹកឆ្នោតនៅរដ្ឋGeorgia។ រូបភាព៖ AFP
ដោយ:
​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​សមាជិក​បក្ស​សាធារណរដ្ឋ​៧​រូប​ផ្សេងទៀត​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាកា​សហព័ន្ធ​ក្នុង​រដ្ឋ Michigan ដើម្បី​រារាំង​មិន​ឲ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ក្នុង​រដ្ឋ​នេះ​។ ចំណែក​រដ្ឋ Georgia វិញ​បាន​អះអាងថា នឹង​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ដោយ​ផ្ទាល់ដៃ​។​

 
​រដ្ឋ Michigan និង Georgia សុទ្ធសឹងតែ​ជា​រដ្ឋ​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​។ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០ បង្ហាញថា លោក ចូ បៃ​ឌិន នាំមុខ​លោក​ត្រាំ​ចំនួន ១៤៧,០០០ សន្លឹកឆ្នោត​ក្នុង​រដ្ឋ​Michigan និង ១៤,០០០ សន្លឹកឆ្នោត​ក្នុង​រដ្ឋ Georgia ។​
 
​ការប្តឹង​រារាំង​មិន​ឲ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ Michigan មិនមែនជា​រឿងលើក​ទី​១​ឡើយ ។ តុលាការ​រដ្ឋ​នេះ ធ្លាប់​ច្រានចោល​បណ្តឹង​របស់​ក្រុម​យុទ្ធនាការ​លោក ត្រាំ ម្ដង​ហើយ ដោយ​អះអាងថា មិនបាន​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់​។  ចំពោះ​បណ្តឹង​លើក​ពីរ ក្រុម​យុទ្ធនាការ​លោក​ត្រាំ​អះអាងថា មន្ត្រី​ទទួលបន្ទុក​រដ្ឋ Michigan លោក Jocelyn Benson និង​ស្រុក Wayne បាន​បំពាន​ច្បាប់បោះឆ្នោត ព្រោះ​មិនបាន​ផ្តល់ឱកាស​ឲ្យ​មន្ត្រី​បក្ស​សាធារណរដ្ឋ​ពិនិត្យ​លទ្ធផល​បោះឆ្នោត​។​
 
​បន្ថែម​ពីនេះ ក្រុម​យុទ្ធនាការ​ក៏​អះអាងថា សន្លឹកឆ្នោត​មិន​ស្របច្បាប់​ត្រូវបាន​រាប់បញ្ចូល​ថែមទៀត ទោះ​មន្ត្រី​បក្ស​សាធារណរដ្ឋ​ជំទាស់​ក្ដី​។ ការធ្វើ​បែបនេះ ត្រូវបាន​មេធាវី​អះអាងថា បំពាន​សិទ្ធិ​ធម្មនុញ្ញ​។ លោក Matt Morgan ប្រធាន​ក្រុម​មេធាវី​ក្រុម​យុទ្ធនាការ​របស់លោក​ត្រាំ អះអាងថា បណ្តឹង​លើក​នេះ​មាន​ភស្តុតាង​ពី​អ្នកឃ្លាំមើល​ការរាប់​សន្លឹកឆ្នោត​ចំនួន​១០០​នាក់​។​
 
​មេធាវី​រូបនេះ​បន្តថា អ្នកឃ្លាំមើល​សន្លឹកឆ្នោត​ពី​បក្ស​សាធារណរដ្ឋ​ត្រូវបាន​បណ្តេញចេញ បំពាន និង​ផ្តល់​សិទ្ធិ​មិន​ស្មើគ្នា​ដោយ​មន្ត្រី​បោះឆ្នោត ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​បន្ទាប​សន្លឹកឆ្នោត និង​សំឡេង​អ្នកបោះឆ្នោត​ស្របច្បាប់​។ 
 
​ចំណែក​នៅ​រដ្ឋ​Georgia វិញ លោក Brad Raffensperger មន្ត្រី​ទទួលបន្ទុក​រដ្ឋ​នេះ បញ្ជាក់ថា នឹងមាន​ការរាប់​សន្លឹក​ឆ្នោត​ឡើងវិញ​ដោយ​ដៃ​។ ការរាប់​ឡើងវិញ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​ការបន្លំ​សន្លឹកឆ្នោត ដោយ​បក្ស​សាធារណរដ្ឋ​ទាំង​មិនមាន​ភស្តុតាង​ជាង​លាក់​។ បើតាម​លោក Raffensperger ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នេះ នឹង​ជួយ​បង្កើន​ទំនុកចិត្ត​។ ចំណែក​ក្រុម​យុទ្ធនាការ​លោក ត្រាំ អះអាងថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នេះ​គឺជា​ជំហាន​ដំបូង​។ 
 
​ប្រធាន​ផ្នែក​ទំនាក់ទំនង​យុទ្ធនាការ​លោក Doug Collins និយាយថា​៖«​នេះ​ជា​ជ័យជំនះ​សម្រាប់​សុចរិត​ភាព  ជ័យជំនះ​សម្រាប់​តម្លាភាព​» ។ លោក Collins ច្រានចោល​ការដែល​លើកឡើងថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នេះ​ជា​វិធី​ក្នុងការ​បង្កើន​សម្លេង​ឲ្យ​លោក​ត្រាំ​។ គួរ​បញ្ជាក់ថា​ក្រុម​យុទ្ធនាការ​លោក​ត្រាំ​នេះហើយ ដែលជា​អ្នក​ទាមទារ​ឲ្យ​មាន​ការរាប់​ដោយ​ដៃ​។​
 
​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​រដ្ឋ​Georgia គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២០ វិច្ឆិកា​។ ចំណែកឯ​រដ្ឋ Michigan ត្រូវ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​១៧ វិច្ឆិកា ហើយ​គណៈកម្មការ​បោះឆ្នោត​របស់​រដ្ឋ​ត្រូវ​ប្រជុំ​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​។ រដ្ឋ​ទាំង​៥០​របស់​អាមេរិក ត្រូវ​សម្រេច​បញ្ជី​ឈ្មោះ​ប្រតិភូ​បោះឆ្នោត​នៅ​ថ្ងៃទី​៨ ធ្នូ ហើយ​ប្រតិភូ​ទាំង​៥៣៨​រូប នឹង​បោះឆ្នោត​នៅ​ថ្ងៃទី​១៤​ធ្នូ​៕
 
 

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com