អន្តរជាតិ
លោក បៃ​ឌិន ជ្រើសរើស​ទីប្រឹក្សា​ជើងចាស់ Ron Klain ជា​អនាគត​ប្រធាន​បុគ្គលិក​សេត​វិមាន​
12, Nov 2020 , 1:55 pm        
រូបភាព
លោក Klain កាលពីឆ្នាំ២០១៤ អំឡុងពេលធ្វើជាអ្នកសម្របសម្រួលឆ្លើយតបជំងឺអេប៉ូឡាក្នុងរដ្ឋបាលអូបាម៉ា ដោយលោកអនុប្រធានាធិបតី ចូ បៃឌិន អង្គុយក្បែរ។រូបភាព៖ AFP
លោក Klain កាលពីឆ្នាំ២០១៤ អំឡុងពេលធ្វើជាអ្នកសម្របសម្រួលឆ្លើយតបជំងឺអេប៉ូឡាក្នុងរដ្ឋបាលអូបាម៉ា ដោយលោកអនុប្រធានាធិបតី ចូ បៃឌិន អង្គុយក្បែរ។រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ចូ បៃ​ឌិន សម្រេច​ជ្រើសរើស​លោក Ron Klain ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​លោក​យូរ​ឆ្នាំ​មកហើយ ដើម្បី​ឡើងជា​ប្រធាន​បុគ្គលិក​សេត​វិមាន​ក្នុង​អាណត្តិ​លោក​នាពេលខាងមុខ​។ លោក Klain ជាទី​ប្រឹក្សា​ដែលមាន​បទពិសោធ​ចាស់វស្សា​ម្នាក់​របស់លោក បៃ​ឌិន  ដែល​ស័ក្ដិសម​នឹង​តំណែង​កំពូល​នេះ​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា លោក បៃ​ឌិន លើកឡើងថា លោក​បានសម្រេច​រើសយក​លោក Klain សម្រាប់​តំណែង​ជា​នាយខុទ្ទកាល័យ​សេត​វិមាន ដ្បិត​បទពិសោធ​យូរ​ឆ្នាំ​របស់លោក​ក្នុង​សេត​វិមាន ធ្វើ​ឲ្យ​លោក​ស័ក្តិសម​បំផុត​សម្រាប់​តំណែង​នេះ​។​
 
«​បទពិសោធ​ចម្រុះ​និង​ជ្រាលជ្រៅ​របស់លោក [Klain] និង​សមត្ថភាព​អាចធ្វើ​ការ​ជាមួយ​មនុស្ស​ទាំងអស់​គ្រប់​និន្នាការ​នយោបាយ ជាក់ច្បាស់​ណាស់ គឺជា​អ្វីដែល​ខ្ញុំ​ត្រូវការ​សម្រាប់​តួនាទី​ជា​ប្រធាន​បុគ្គលិក​សេត​វិមាន ព្រោះថា យើង​ប្រឈមមុខ​វិបត្តិ​នាពេល​បច្ចុប្បន្ន ហើយ​ត្រូវ​រួបរួម​ប្រទេស​យើង​ឡើងវិញ​»​។ អនាគត​ប្រធានាធិបតី​ទី​៤៦​អាមេរិក រៀបរាប់​បែបនេះ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ លោក Klain បាន​និយាយថា លោក​មាន​កិត្តិយស​ក្រៃលែង​ដែល​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត បៃ​ឌិន មាន​ទំនុកចិត្ត​លើ​រូបលោក ហើយ​លោក​ក៏​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​លោក​បៃ​ឌិន និង​អនុ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត កា​ម៉ា​ឡា ហារី​ស ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ផងដែរ​។ 
 
​លោក Klain ធ្លាប់​កាន់តំណែង​ជា​អ្នកសម្របសម្រួល​ក្នុង​ប្រតិបត្តិ​ការឆ្លើយតប​ប្រឆាំង​ជំងឺ​អេ​បូ​ឡា (Ebola) របស់​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អំឡុង​ការផ្ទុះ​រាលដាល​ឆ្នាំ​២០១៤ ហើយ​លោក​ក៏បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​រៀបរៀង​និង​អនុវត្ត​ផែនការ​ស្តារ​សេដ្ឋកិច្ច​របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា​ក្នុង​ឆ្នាំ​២០០៩​ផងដែរ​។ 
 
​ការ​រើសយក​បុគ្គល​មាន​ពិសោធន៍​ក្រាស់ក្រែល​ក្នុង​បញ្ហា​ជំងឺ​រាតត្បាត​និង​ស្តារ​សេដ្ឋកិច្ច​ឡើង​បែបនេះ ស្ដែង​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​របស់​អនាគត​រដ្ឋបាល​លោក បៃ​ឌិន ក្នុង​ការដាក់​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ ជា​អាទិភាព​ចម្បង និង​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​កូ​វីដ​-១៩​។ 
 
​សូមបញ្ជាក់ថា លោក Klain ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​របស់លោក ចូ បៃ​ឌិន ចាប់ពី​ឆ្នាំ​១៩៨៨-៩២ នៅពេល​លោក បៃ​ឌិន ធ្វើជា​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​របស់​ព្រឹទ្ធសភា​អាមេរិក​។ លោក​ក៏​ជាទី​ប្រឹក្សា​ម្នាក់​និង​ជា​អ្នកសរសេរ​សុន្ទរកថា​ឲ្យ​លោក​បៃ​ឌិន​ក្នុងពេល​ឃោសនាបោះឆ្នោត​ឆ្នាំ ២០០៨​ផងដែរ​។  
 
​ចុងក្រោយ លោក Klain បាន​ឡើង​ធ្វើជា​ប្រធាន​បុគ្គលិក​របស់លោក​បៃ​ឌិន ចាប់ពី​ឆ្នាំ​២០០៩-១១ អំឡុង​អាណត្តិ​លោក​ជា​អនុ​ប្រធានាធិបតី​ក្នុង​រដ្ឋបាល​លោក​អូ​បា​ម៉ា​។ ហើយ​មុន​លោក​បៃ​ឌិន លោក​Klain ក៏​ធ្លាប់ជា​ប្រធាន​បុគ្គលិក​ឲ្យ​អនុ​ប្រធានាធិបតី​អាមេរិក Al Gore នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៩០​ផងដែរ​៕ 
 
 

Tag:
 Ron Klain
  បោះឆ្នោត​អាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com