ភ្នំពេញ៖ រយៈពេល៨ខែមកនេះ កម្ពុជាទទួលបានការវិនិយោគពីវិស័យឯកជន បានត្រឹមតែ១១៣គម្រោងប៉ុណ្ណោះ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩(COVID-19) ។ តួនេះ បង្ហាញថា គម្រោងវិនិយោគឯកជននៅកម្ពុជា ធ្លាក់ចុះរហូតដល់៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះ ទោះបីគម្រោងវិនិយោគជារួម មានការធ្លាក់ចុះក្តី ប៉ុន្តែគម្រោងវិនិយោគវិស័យឧស្សាហកម្ម គឺបានកើនចំនួន៨គម្រោង។
ថ្វីដ្បិតការវិនិយោគឯកជន មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែសម្រាប់លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរំពឹងថា ការវិនិយោគពីវិស័យឯកជននៅកម្ពុជា រួមទាំងស្ថានភាពសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ខណៈការនាំចេញទំនិញនានា ទៅទីផ្សារអន្តរជាតិ នៅតែមានការកើនឡើង។
ការធ្លាក់ចុះនៃការវិនិយោគពីវិស័យឯកជននេះ គឺពាក់ព័ន្ធចម្បងទៅលើបញ្ហាកូវីដ-១៩ ដែលប្រទេសធំៗក្នុងពិភពលោកក៏បានរងគ្រោះដូចកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់ លោក លឹម ហេង ដោយបន្តប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី១១វិច្ឆិកានេះ ថា៖«បច្ចុប្បន្នដែលប្រទេសមហាអំណាចក្នុងពិភពលោកប្រកាស មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ហ្នឹង យើងឃើញថាភាគរយក្រុមហ៊ុនក្នុងស្រុកយើងមួយចំនួនក៏បានឡើងថ្លៃវិញផងដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បន្តបង្ហាញនូវគំនិតសុទិដ្ឋិនិយមដូច្នេះ៖«យើងសង្ឃឹមថាក្រោយការរកឃើញវ៉ាក់សាំងការពារ នឹងមានក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាយើងក៏កាន់មានច្រើនផងដែរ។ ព្រោះតាមអ្វីដែលខ្ញុំដឹង បច្ចុប្បន្នមានទាំងក្រុមហ៊ុនប្រទេសកូរ៉េ ទាំងជប៉ុន ទាំងអាមេរិក និងទាំងចិន គឺកំពុងតែរង់ចាំសភាពការណ៍កូវីដ-១៩នេះ ក្នុងការឈានជើងបោះទុនវិនិយោគនៅកម្ពុជា»។
លើសពីនេះទៀតលោក លឹម ហេង បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិន(CC-FTA) ដែលនឹងអនុវត្តឡើងនៅដើមឆ្នាំ២០២១ខាងមុខនេះ នឹងជាចំណែកមួយយ៉ាងធំក្នុងការទាក់ទាញវិនិយោគិន ពីប្រទេសចិន ពីអាមេរិក និងពីតំបន់អឺរ៉ុបបានកាន់តែច្រើននៅកម្ពុជា។
បើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជា គឺមានចំនួន១១, ៧១៤លានដុល្លារអាមេរិក ដោយកើនឡើង រហូតដល់១៨ភាគរយ។ សម្រាប់ទំនិញដែលមានកំណើននាំចេញខ្ពស់នោះ មាន អង្ករបានកើនឡើង ២៣,១ភាគរយ, នាំចេញកង់ បានកើន១៧ភាគរយ, គ្រឿងអគ្គិសនី បានកើន២២,៣ភាគរយ, នាំចេញសណ្តែកកើន៥៩,៣ភាគរយ, គ្រាប់ស្វាយចន្ទីកើន ជាង១៦ភាគរយ នាំចេញចេកកើនដល់ជាង១៥០ភាគរយ និងការនាំចេញមាសរបស់កម្ពុជារហូត ជាង៧០០ភាគរយ៕