COVID-19
អន្តរជាតិ
ការសិក្សា អ្នក​សះស្បើយ​ពី COVID-19 ចំនួន​២០​ភាគរយ ប្រឈមមុខ​ជំងឺផ្លូវចិត្ត​
12, Nov 2020 , 7:29 pm        
រូបភាព
អ្នកជំងឺCOVID-19។ រូបភាព៖ AFP
អ្នកជំងឺCOVID-19។ រូបភាព៖ AFP
ដោយ:
​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ COVID-19 អាច​នឹង​ប្រឈម​ជំងឺផ្លូវចិត្ត​។ នេះ​ជាការ​លើកឡើង​របស់​គ្រូពេទ្យ​ផ្នែក​ជំងឺផ្លូវចិត្ត បន្ទាប់ពី​លទ្ធផល​នៃ​ការសិក្សា​មួយ​បង្ហាញថា​មនុស្ស​ចំនួន​២០​ភាគរយ ដែល​ឆ្លង​ជំងឺ COVID-19 ត្រូវបាន​រកឃើញថា មាន​រោគសញ្ញា​ផ្លូវចិត្ត​មិន​ប្រក្រតី​ក្នុង​រយៈពេល​៩០​ថ្ងៃ​នៃ​ការឆ្លង​ជំងឺ​នេះ​។​

 
​រោគសញ្ញា​ផ្លូវចិត្ត​មិន​ប្រក្រតី​ដូចជា​ការ​ថប់​អារម្មណ៍ បាក់​ទឹកចិត្ត និង​គេង​មិន​លក់ ត្រូវបាន​អ្នកស្រាវជ្រាវ​រកឃើញថា ជា​បញ្ហា​ផ្លូវចិត្ត​យ៉ាង​ចម្បង​ក្នុងចំណោម​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​COVID-19​។ ក្រៅតែពី​ភាពមិនប្រក្រតី​ទាំង​៣​ខាងលើនេះ អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញថា អ្នក​ដែល​សះស្បើយ​ក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​បាត់បង់​ការចងចាំ​ផងដែរ​។ នេះ​បើតាម​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Oxford ។​
 
«​មនុស្ស​ទាំងឡាយ​នាំគ្នា​បារម្ភ​ពី​ការ​ប្រឈម​សុខភាព​ផ្លូវចិត្ត​របស់​អ្នកជា​សះស្បើយ​ជំងឺ COVID-19 ហើយ​លទ្ធផល​នៃ​ការសិក្សា​របស់​យើង​បង្ហាញថា វា​អាច​ទំនង​នឹងមាន​មែន​»​។​នេះ​ជាការ​បញ្ជាក់ លោក​Paul Harrison សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Oxford​។ លោក​បញ្ជាក់ថា វេជ្ជបណ្ឌិត និង​អ្នកវិទ្យាសាស្ត្រ ត្រូវតែ​ប្រញាប់ប្រញាល់​ស៊ើបអង្កេត​ពី​មូលហេតុ និង​ព្យាបាល​ភាពមិនប្រក្រតី​ផ្លូវចិត្ត​ដែល​កើតឡើង​ក្រោយ COVID-19 បែបនេះ​។​
 
​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី The Lancet បង្ហាញថា ការស្រាវជ្រាវ​នេះ វិភាគ​ទៅលើ​ទិន្ន័យ​សុខភាព​របស់​មនុស្ស​៦៩​លាន​នាក់ នៅ​អាមេរិក ដែល​ក្នុងនោះ​មាន​៦​ម៉ឺន​២​ពាន់​នាក់​ដែល​ផ្ទុក​ជំងឺ COVID-19 ។​
 
​ការស្រាវជ្រាវ​បង្ហាញថា ក្នុង​រយៈពេល​៣​ខែ​ក្រោយពេល​រកឃើញថា​ផ្ទុក COVID-19 មនុស្ស​ម្នាក់​ក្នុងចំណោម​៥​នា​ក់ត មាន​អាកា​រៈ​ថប់​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​គេង​មិន​លក់​។ ចំនួន​នេះ ជា​ចំនួន​ទ្វេដង​ធៀប​ទៅនឹង​ក្រុមមនុស្ស​ដែល​មិន​ឆ្លង​ជំងឺ COVID-19 ។ ស្របពេល​ជាមួយគ្នានេះ ការសិក្សា​បង្ហាញ​ទៀតថា អ្នក​ដែលមាន​ជំងឺផ្លូវចិត្ត​ស្រាប់ ប្រឈម​ទៅនឹង​ការឆ្លង​ជំងឺ COVID-19 ៦៥ ភាគរយ​លើស​អ្នក​ដែលមាន​អា​ការៈធម្មតា​។​
 
​បន្ថែម​ពីនេះ មាន​ភស្តុតាង​កាន់តែច្រើន​ដែល​បង្ហាញថា COVID-19 ប៉ះពាល់​ដល់​ខួរក្បាល​និង​ស្មារតី ដែល​បង្កើន​ការ​ប្រឈម​នូវ​ជំងឺផ្លូវចិត្ត​ជាច្រើន​។ នេះ​អាច​បណ្តាលមកពី​ការរួម​ផ្សំ​សម្ពាធ​ផ្លូវចិត្ត​ដែល​ទាក់ទង​នឹង​ជំងឺឆ្លង ក៏ដូចជា​ការប៉ះពាល់​ដ​ល់​រាងកាយ​ដោយសារ​ជំងឺ​។ នេះ​ជាការ​អះអាង​របស់លោក Michael Bloomfield អ្នក​ប្រឹក្សា​ផ្នែក​សុខភាព​ផ្លូវចិត្ត​នៅ​សាកលវិទ្យាល័យ College London​។​
 
​ស្របគ្នា​នេះដែរ លោក​សាស្ត្រាចារ្យ Simon Wessely នៃ​សាកលវិទ្យាល័យ College London បន្តថា COVID-19 ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្តាល ដែល​នឹង​អាច​បង្កើន​ហានិភ័យ​នៃ​ភាពមិនប្រក្រតី​ផ្លូវចិត្ត​។ លោក​បន្តថា ការស្រាវជ្រាវ​នេះ​បញ្ជាក់ថា ការបង្កើន​ហានិភ័យ​នៃ​ភាពមិនប្រក្រតី​ផ្លូវចិត្ត​កើនឡើង​ដោយ​សុខភាព​មិនល្អ​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com