ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ជនរងគ្រោះ​ខាន​ឮ​ចម្លើយសារភាព ក្រោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម លោក អោ អាន ស្លាប់​
12, Nov 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ លោក​អោ អាន អតីត​អនុ​លេខា​ភូមិភាគ​កណ្ដាល ក្នុង​របប​ខ្មែរក្រហម អង្គុយ​លើដី​ក្នុង​ចម្ការ​របស់លោក​ក្នុងស្រុក​កម្រៀង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។ (​ហ៊ុល រស្មី​/VOA)
​រូប​ឯកសារ​៖ លោក​អោ អាន អតីត​អនុ​លេខា​ភូមិភាគ​កណ្ដាល ក្នុង​របប​ខ្មែរក្រហម អង្គុយ​លើដី​ក្នុង​ចម្ការ​របស់លោក​ក្នុងស្រុក​កម្រៀង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។ (​ហ៊ុល រស្មី​/VOA)
ដោយ: VOA
​ភ្នំពេញ — ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម បង្ហាញ​ការសោកស្តាយ ដែល​ពួកគេ​មិន​បានឮ​ចម្លើយសារភាព​របស់លោក អោ អាន បើទោះបីជា​ពួកគេ​មិន​ស្គាល់​លោក ដូច​មេដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត​នៃ​របប​ខ្មែរក្រហម​ក៏ដោយ​។​

 
​ការសម្តែង​អារម្មណ៍​សោកស្តាយ​នេះ កើតឡើង ក្រោយពី​អតីត​កម្មាភិបាល​ខ្មែរក្រហម លោក អោ អាន បាន​ស្លាប់ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ក្នុង​អាយុ​៨៧​ឆ្នាំ នៅ​ខេត្តបាត់ដំបង​។ នេះ​បើ​យោងតាម​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​របស់​សាលាក្តី​ខ្មែរក្រហម​។​
 
​រឿងក្តី​របស់លោក អោ អាន ក្នុង​សំណុំរឿង​០០៤​វគ្គ​២ ត្រូវបាន​ទម្លាក់ចោល​ទាំងស្រុង កាលពី​ខែសីហា ឆ្នាំ​២០២០ គឺ​ប្រមាណ​៣​ខែ មុនពេល​លោក​ស្លាប់​។​
 
​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងប្រាប់​VOA​ថា​តុលាការ​បានសម្រេច​ចុងក្រោយ គឺថា​លោក​មិនត្រូវ​នាំមក​កាត់ទោស​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​សំណុំរឿង​របស់លោក អោ អាន បាន​បិទ​បញ្ចប់​នៅ​ចំពោះមុខ​តុលាការ​ហើយ​។ ហើយ​តុលាការ​ក៏​មិនមាន​យុត្តាធិការ​អ្វី​ទៅលើ​អតីតជន​សង្ស័យ លោក អោ អាន នេះ​ទៀត​ដែរ​»​។​
 
​នៅក្នុង​បទសម្ភាសន៍​ជាមួយ​VOA​កាលពី​ចុងឆ្នាំ​២០១៩ លោក អោ អាន ដែលជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ និយាយថា​លោក​មិនបាន​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ខ្មែរក្រហម​នោះទេ​។ ខណៈ​កំពុង​សម្អាត​ដីចម្ការ​របស់លោក​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​ក្នុងពេល​លោក​នៅរស់ លោក អោ អាន បាន​ថ្លែងថា​ការចោទប្រកាន់​លើ​រូបលោក​មិន​ត្រឹមត្រូវ ហើយ​លោក​ក៏​មិនមាន​តំណែង​ជា​«​ប្រធាន​»​អ្វី​ទេ​ក្នុងសម័យ​ក្រហម​។​
 
​លោក​បាន​ថ្លែង​កាល​គ្រានោះ​ថា​៖ «​គេ​ចោទ​ខ្ញុំ សុទ្ធតែ​ខ្ញុំ​ហ្នឹង ប្រធាន​តំបន់​អី​ណា​។ ខ្ញុំ​មិនមែន​ទេ​។ ខ្ញុំ​ខាង​សេដ្ឋកិច្ច គឺ​ដោះស្រាយ​ជីវភាព​ប្រជាជន​ហ្នឹង មានតែ​ស្រែ ភ្ជួរ​រាស់​ហ្នឹង​»​។​
 
​លោក​បាន​ប្រៀបធៀប​ការចូល​រួមជាមួយ​ខ្មែរក្រហម ដូចជា​ការ​«​លូក​ភ្លើង រលាក​រហូត​» អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដោយ​មិនដឹង​ខ្លួន​។ លោក​បន្ថែម​នៅពេលនោះ​ថា​៖ «​ខ្ញុំ​បានបញ្ជាក់​ហើយ​តើ​ថា​ក្នុង​សង្គ្រាម ខ្ញុំ​ប្រព្រឹត្ត បាញ់​ទៅ បាញ់​មក​។ ដល់​ក្រោយ​សង្គ្រាម ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អ្វី​ទេ មានតែ​ការធ្វើ​ស្រែ ដោះស្រាយ​ជីវភាព​ប្រជាជន​ហ្នឹង​។ ខ្ញុំ​មានបាន​ទៅ​ប្រព្រឹត្ត​អំពើ​វិនាសកម្ម​អ្វីៗ ឧក្រិដ្ឋកម្ម​អ្វីៗ​នោះ អត់​ទេ​»​។​
 
​ដោយមាន​ការខ្វែងគំនិត​គ្នា​រវាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​អន្តរជាតិ ក្នុងការ​បញ្ជាក់ថា​លោក អោ អាន ជា​«​មេដឹកនាំ​ខ្ពស់បំផុត​» ឬ​«​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​»​សម្រាប់​នាំមក​កាត់ទោស តុលាការ​ក៏បាន​សម្រេច​ចុងក្រោយ​ថា​ទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំង​រូបលោក​។​
 
​បើតាម​ឯកសារ​របស់​សាលាក្តី​ខ្មែរក្រហម លោក អោ អាន មានឈ្មោះ​ហៅ​ក្រៅ​ផ្សេងទៀត ដូចជា​ឱម យឿ​ង អោ យឿ​ង ឬ​តា អាន​។ លោក​កើត​ក្នុងភូមិ​តាំង​ស្វាយ ឃុំ​ពាម ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុង​ឆ្នាំ​១៩៣៣​។ នៅ​ក្នុងសម័យ​ខ្មែរក្រហម លោក​មាន​តួនាទី​មួយចំនួន ដូចជា​លេខា​តំបន់​៤១ ផ្នែក​ភូមិភាគ​កណ្តាល សមាជិក​គណៈកម្មាធិកា​រ​ភូមិភាគ​កណ្តាល និង​អនុ​លេខា​ភូមិភាគ​កណ្តាល ចាប់ពី​ចុងឆ្នាំ​១៩៧៧ ដល់​ខែមករា ឆ្នាំ​១៩៧៩ មុនពេល​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម​។​
 
​បើតាម​សាលាក្តី​ខ្មែរក្រហម លោក អោ អាន ត្រូវបាន​ចោទប្រកាន់​ពីបទ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្រោម​ទម្រង់​ជាការ​ធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការដាក់​ជា​ទាសករ ការដាក់​ពន្ធនាគារ អំពើ​ទារុណកម្ម អំពើ​អមនុស្សធម៌​ដទៃទៀត រួមមាន​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​ធ្វើទុក្ខបុកម្នេញ ដោយ​មូលហេតុ​នយោបាយ និង​សាសនា​។​
 
​ឯកសារ​របស់​សាលាក្តី​ខ្មែរក្រហម​ឱ្យដឹងទៀតថា លោក កែ ពក ដែល​កាលនោះ​ជា​លេខា​ភូមិភាគ​កណ្តាល​និង​ជា​គណៈកម្មាធិការ​មជ្ឈិម​បក្ស បានតែងតាំង​លោក អោ អាន ធ្វើជា​លេខា​តំបន់​៤១ ហើយ​ក្នុងតួនាទី​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លើកឡើងថា លោក អោ អាន «​បាន​អនុវត្ត​សិទ្ធិអំណាច​ផ្នែក​យោធា និង​ស៊ីវិល​ទាំងស្រុង​ទៅលើ​តំបន់​៤១»​។​
 
​ប៉ុន្តែ​សហ​ចៅក្រម​ក្រម​ស៊ើបអង្កេត​ជាតិ លើកឡើងថា លោក អោ អាន មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់​ឡើយ ហើយ​ពុំមាន​ភស្តុតាង​បញ្ជាក់ថា​លោក អោ អាន ទទួលខុសត្រូវ​កិច្ចការ​យោធា សន្តិសុខ ឬ​សេដ្ឋកិច្ច​ភូមិភាគ ឬថា​បាន​ចូលរួម​ក្នុងការ​បង្កើត​គោលនយោបាយ​បក្ស​ឡើយ​។​
 
​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ លើកឡើងថា​លោក អោ អាន បាន​ប្រព្រឹត្ត​តាម​បញ្ជា និង​ការណែនាំ​របស់លោក កែ ពក ដែលជា​លេខា​ភូមិភាគ​កណ្តាល ក្រោម​ហេតុផល​ថា​កម្មាភិបាល​ម្នាក់ ត្រូវតែ​អនុវត្ត​ដាច់ខាត បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​បោ​សម្អាត​។ ឯកសារ​បញ្ជាក់ថា​៖ «​អោ អាន ខ្លួនឯង​ក៏បាន​បញ្ជាក់ថា ខ្លួន​ត្រូវតែ​អនុវត្តតាម​បញ្ជា​ដាច់ខាត ហើយ​ភ័យខ្លាច​បាត់បង់​ជីវិត ប្រសិនបើ​ខ្លួន​មិន​អនុវត្តតាម​»​។​
 
​ឯកសារ​បន្ថែមថា​៖ «​យោងតាម​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ការចូលរួម​របស់​អោ អាន គឺ​មិន​ស្វយ័ត មិន​សកម្ម មិនបង្កើត​ថ្មី និង​មិនផ្ទាល់ បើ​ប្រៀបធៀប​ទៅនឹង​តួនាទី​ដោយផ្ទាល់ និង​យ៉ាងសកម្ម​របស់​ឌុ​ច (​មេ​គុក​ស​២១ ឬ​ទួលស្លែង​)​ក្នុងការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​»​។​
 
​ការស្លាប់​របស់លោក អោ អាន នាំឱ្យ​ជនរងគ្រោះ​នៅក្នុង​សម័យ​ខ្មែរក្រហម​បង្ហាញ​ការសោកស្តាយ​ដែល​មិនបាន​ឃើញ​អតីត​កម្មាភិបាល​ខ្មែរក្រហម​រូបនោះ សារភាព​ទោសកំហុស និង​រៀបរាប់​រឿងរ៉ាវ​ដែល​បានកើត​ឡើង ទុកជា​ឯកសារ​សម្រាប់​ក្មេងជំនាន់ក្រោយ​។​
 
​អ្នកស្រី អ៊ុក ផា​ឡី អាយុ​៧០​ឆ្នាំ បាន​បាត់បង់​ឪពុកម្តាយ និង​បងប្អូន​ពីរ​នាក់​នៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដោយសារតែ​ឪពុក​របស់​អ្នកស្រី មាន​តួនាទី​ជា​ទាហាន​របស់​របប​សាធារណរដ្ឋ លន់ នល់​។ អ្នកស្រី​មានប្រសាសន៍ថា​អ្នកស្រី​ចង់ឃើញ​ការសារភាព​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម និង​ការកាត់ទោស​ពួកគេ បើទោះបីជា​អ្នកស្រី​មិន​ស្គាល់ឈ្មោះ​អោ អាន ក៏ដោយ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ពួក​ហ្នឹង វា​អត់​ទទួលកំហុស​ផង​ហ្នឹង ដល់​ហើយ​ស្លាប់ទៅ​ក៏​ស្រួល​ដែរ​។ (​ពួកគេ​)​អត់​និយាយ​អី​ផង​។ ខៀវ សំផន ប្រកែក​តែ​រហូត​។ អត់​ដែល​ឮថា​សុំទោស​អី​ជនរងគ្រោះ​អី​ផង​។ គិតតែ​ថា​អត់​ដឹង អត់​ដឹង​អញ្ចឹង​»​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​ខ្ញុំ​អស់ចិត្ត​ហើយ​ក្មួយ បាន​គេ​យកឈ្មោះ​អ្នកធំ​ជំនាន់​ហ្នឹង យកមក​ឱ្យ​យើង​ស្គាល់ យើង​ដឹង​ពី​គំនិតអាក្រក់ ចង់​(​តាមចិត្ត​)​ចង់ឱ្យ​កាត់ទោស​។ ឥឡូវ​ចប់​ហើយ អស់​អី​ហើយ​ក្មួយ​។ ត្រូវ​សារភាព​ហៅ​មក​កាត់ទោស​។ ប៉ុន​ឥឡូវ​វា​ស្លាប់​ហើយ ទៅរក​អី​ទៀត​ក្មួយ​។ មនុស្ស​ស្លាប់បាត់​ហើយ គេ​លែង​និយាយ​»​។​
 
​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត គឺ លោក យន់ ប៊ី​ន អាយុ​៦៥​ឆ្នាំ រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ជា​ជនរងគ្រោះ​ម្នាក់​ដែល​គេ​យកទៅ​វាយ​សម្លាប់​ក្នុង​រណ្តៅ តែ​លោក​អាច​រួច​ផុតពី​ការស្លាប់ មានប្រសាសន៍ថា បើទោះបីជា​លោក​មិនដែល​ស្គាល់ឈ្មោះ អោ អាន ប៉ុន្តែ​លោក​ថា​លោក​ក៏​អាចជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយរូប ដែល​ត្រូវតែ​សារភាព​នូវ​ទោសកំហុស​ដែល​ធ្វើ​មក​ប្រជាជន​កម្ពុជា ក្នុងនោះ​មានការ​ស្លាប់​មនុស្ស​១​លាន​៧​សែន​នាក់ តាមរយៈ​ការសម្លាប់ ការធ្វើ​ទារុណកម្ម ការបង្ខំ​ឱ្យធ្វើ​ការ និង​ការ​បង្អត់អាហារ​ជាដើម​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ដូច​ថា​ចង់ឱ្យ​ឡើង​ផ្ទាល់​និយាយ​ពី​រឿងរ៉ាវ​ដែល​ពួកវា ដែល​បានសម្លាប់​ប្រជាជន សម្លាប់​កម្មាភិបាល​អីហ្នឹង​។ ខ្ញុំ​ចង់​និយាយ​ថាឱ្យ​រៀបរាប់ ឱ្យទទួល​សារភាព​ដូច​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អី​អ៊ីចឹង​។ ខ្ញុំ​ថា​អញ្ចឹង​អាការ​ពិត​ហ្នឹង វា​ត្រូវ​កប់​លុប​បាត់​ហើយ បើ​វា​ស្លាប់បាត់​ទៅហើយ​អញ្ចឹង​»​។​
 
​លោក​បន្តថា​ពួកគេ​ជា​«​មេឃាតក​» មិនមែនជា​មនុស្ស​ល្អ​អ្វី​នោះទេ បើទោះបីជា​ប្រជាជន​រស់នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ កោតសរសើរ​លោក អោ អាន ក៏ដោយ​។​
 
​លោក​បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​គិត​មើលទៅ វា​អត់​សម​អ្នក​ល្អ អ្នក​អី​ទេ ព្រោះ​អ្នក​ហ្នឹង​សុទ្ធតែ​មេឃាតក​ទាំងអស់​»​។​
 
​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ជំរុញ​កុំឱ្យ​បោះបង់​ការទាមទារ​រក​យុត្តិធម៌ ទោះ​ជនសង្ស័យ​ឬ​ឧក្រិដ្ឋជន​ដែល​ដឹកនាំ​សម័យ​ខ្មែរក្រហម ស្លាប់​ក៏ដោយ ដោយ​ត្រូវ​ទាមទារ​ឱ្យមាន​ការគោរព​សិទ្ធិមនុស្ស និង​កុំឱ្យ​អំពើ​នេះ​កើតឡើង​ម្តងទៀត​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ការស្លាប់​របស់គាត់​ហ្នឹង មិនគួរ​លះបង់​ឆន្ទៈ​ដែល​ទាមទារ​យុត្តិធម៌ ពីព្រោះ​វា​មាន​វិធី​ច្រើនយ៉ាង​ទៀត ដែល​យើង​អាច​បន្ត​ស្វែងរក​យុត្តិធម៌​ដែរ​»​។​
 
​លោក​បន្ថែមថា​៖ «​ទោះបី​គាត់​មិនបាន​និយាយ យើង​ដឹងថា​គាត់​ជាប់ជំពាក់​នៅក្នុង​របប​មួយ​ធ្វើឱ្យ​ក្រុមគ្រួសារ​យើង​បាត់បង់​ជីវិត​ដែរ​»​។​
 
​ទោះជា​យ៉ាងណា លោក ឆាំង យុ ដែលជា​ជនរងគ្រោះ​មួយរូប​ដែរ​ក្នុងសម័យ​ខ្មែរក្រហម លើកឡើងថា ប្រជាជន​ត្រូវតែ​គោរព​ការសម្រេច​របស់​តុលាការ​ខ្មែរក្រហម ព្រោះ​តុលាការ​ក៏បាន​កែប្រែ​ការចោទប្រកាន់​អ្នកដទៃ ដោយ​គ្មាន​ភស្តុតាង ដែលមាន​ការលើកឡើង​ជា​ហូរហែ មុនពេល​មាន​តុលាការ​ខ្មែរក្រហម ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៦​។​
 
​បើតាម​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេ​ត ភក្ត្រា ក្រៅពី​លោក អោ អាន ដែល​បាន​ស្លាប់ តុលាការ​ខ្មែរក្រហម​បានសម្រេច​ទម្លាក់​បទចោទប្រកាន់​លើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ទៀត គឺ​អ្នកស្រី អ៊ឹម ចែម ដែល​កំពុង​រស់នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
 
​លោក​បន្ថែមថា​នៅមាន​សំណុំរឿង​ពីរ​ទៀត​នៅ​តុលាការ គឺពាក់ព័ន្ធ​នឹង​លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​ខ្មែរក្រហម និង​លោក យឹម ទិ​ត្យ​។ លោក​ឱ្យដឹងថា​សាលដីកា​សម្រេច​ថា​តើ​លោក មាស មុត រស់នៅក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង នឹងត្រូវ​នាំមក​កាត់ទោស ឬ​យ៉ាងណា អាចធ្វើ​ឡើង​នៅ​ចុងឆ្នាំ​នេះ​។ ចំណែក​សាលដីកា​លើ​លោក យឹម ទិ​ត្យ អាចធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ​២០២១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com