ជាតិ
ក្រសួងបរិស្ថានរើសនិស្សិតកម្មសិក្សាទៅចូលរួមធ្វើកំណាយផូស៊ីលនៅដែនជម្រកសត្វព្រៃ «លំផាត់»
× ភ្នំពេញ៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន កំពុងជ្រើសរើស និស្សិត៥រូប ដែលសិក្សាផ្នែកបុរាណវិទ្យា ផ្នែកជីវៈវិទ្យា និងផ្នែកភូគព្ភសាស្ត្រ ដើម្បីចុះកម្មសិក្សាធ្វើកំណាយផូស៊ីលដើមឈើថ្ម។ កម្មសិក្សានេះ មានរយៈពេល២០ថ្ងៃ ហើយក្រុមអ្នកស្រាវជ្រាវ នឹងចុះទៅធ្វើកំណាយ នៅដែនជម្រកសត្វព្រៃ«លំផាត់» ក្នុងភូមិសាស្ត្រស្រុកលំផាត់ ខេត្តរតនគិរី។
នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន កំពុងជ្រើសរើសនិស្សិត៥រូប ដែលសិក្សាផ្នែកបុរាណវិទ្យា ជីវៈវិទ្យា ឬភូគព្ភសាស្ត្រ ដើម្បីចុះកម្មសិក្សាធ្វើកំណាយផូស៊ីលដើមឈើថ្ម នៅដែនជម្រកសត្វព្រៃ«លំផាត់»ភូមិសាស្ត្រ ស្រុកលំផាត់ ខេត្តរតនគិរី។ កម្មសិក្សានេះ នឹងចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។
លោក លឹម វណ្ណច័ន្ទ តំណាងក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន ប្រាប់ ThmeyThmey25 ថាការជ្រើសរើសនិស្សិត ធ្វើកំណាយផូស៊ីលដើមឈើថ្មនេះគឺ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់និស្សិតបុរាណវិទ្យា ជីវៈវិទ្យា និងភូគព្ភសាស្ត្រ បានរៀនសូត្រដកពិសោធការងារជាក់ស្ដែង ដែលកើតមានឡើងដោយធម្មជាតិ នៅក្នុងតំបន់ផ្ទាល់តែម្ដង។
លោក លឹម វណ្ណច័ន្ទ បន្តដូច្នេះថា៖«ការធ្វើកំណាយនេះ ជាកំណាយលើកទី២ហើយ។ កំណាយលើកទី២ហ្នឹង គឺយើងធ្វើនៅលើកន្លែងដដែល រណ្ដៅចាស់ ដែលយើងបានកាយពីឆ្នាំ២០១៩មក។ ហើយយើងបន្តហ្នឹង គឹយើងបើករណ្ដៅហ្នឹងបន្ត ដើម្បីយើងសិក្សាអំពី ដើមឈើមួយដើមហ្នឹង តើវាមានប្រវែងប៉ុន្មាន និងតើយើងអាចរកឃើញទិន្នន័យអីខ្លះដែលកប់ក្នុងដី»។
បុរាណវិទ្យារូបនេះបន្ថែមថា ការធ្វើកំណាយលើរុក្ខជាតិ ធម្មជាតិ គឺខុសគ្នាពីការធ្វើកំណាយលើវត្ថុបុរាណ ប៉ុន្តែក្នុងគោលដៅស្រាវជ្រាវពីប្រភពដើមដូចគ្នា។ ការធ្វើកំណាយលើរុក្ខជាតិនេះ គឺចង់ដឹងពីការលូតលាស់ឲ្យធម្មជាតិរបស់វា ក៏ដូចជាអាយុកាលផងដែរ ហើយការធ្វើកំណាយលើវត្ថុបុរាណ គឺសំដៅលើការស្រាវជ្រាវពីវត្ថុបុរាណ មានស្លាកស្នាមដែលចង់បង្ហាញពីអ្វីមួយ ហើយវាបានកើតឡើង ឬបង្កឡើងដោយមនុស្ស៕
Tag:
បរិស្ថាន
រតនគិរី
កំណាយ
ផូស៊ីលឈើ
លឹម វណ្ណច័ន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com