សង្គមអន្តរជាតិ​
អន្តរជាតិ
លោក បៃ​ឌិន បន្ត​កិច្ចសហប្រតិបត្តិការ​រឹងមាំ​ជាមួយ​សម្ព័ន្ធ​សំខាន់​អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង
12, Nov 2020 , 9:29 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកចូ បៃឌិន។ រូបភាព៖ AFP
ដោយ:
​ថ្នាក់ដឹកនាំ​អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​ជា​លើកដំបូង​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន ។ ក្រៅតែពី​ការ​ថ្លែង​សាទរ​ជ័យជំនះ​របស់លោក​បៃ​ឌិន ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៣ ក៏បាន​លើកឡើង​ពី​កិច្ចការ​យុទ្ធសាស្ត្រ​អាទិភាព និង​បញ្ហា​ប្រឈម​ដែល​នឹងត្រូវ​ដោះស្រាយ​នាពេលខាងមុខ​ផងដែរ​។​

 
​ក្នុងជំនួប​ទូរ​សព្ទ​ដាច់ដោយឡែក​អនាគត​ប្រធានាធិបតី​អាមេរិក នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុ​ត ម៉ូ​រី​សុន នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ម៉ូ​ន ចេ​អ៊ី​ន ថ្នាក់ដឹកនាំ​ប្រទេស​ទាំងអស់ បាន​ពិភាក្សា​ពី​បញ្ហា​រួមគ្នា​ដូចជា ការដោះស្រាយ​ជំងឺឆ្លង​សាកល COVID-19 បញ្ហា​បម្រែបម្រួល​អាកាសធាតុ ក៏ដូចជា​សម្ព័ន្ធភាព​យោធា​។​
 
​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​២ គឺជា​ចំណុច​ស្នូល​នៃ​ការសន្ទនា​រវាង​លោក មូ​ន  និង​លោក បៃ​ឌិន ។ ក្នុង​កិច្ចសន្ទនា​រយៈពេល​១៤​នាទី​នេះ លោក​បៃ​ឌិន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​របស់​អាមេរិក​ក្នុងការ​ធ្វើ​ឲ្យ​រឹងមាំ​ឡើង​សម្ព័ន្ធភាព​អាមេរិក​-​កូរ៉េខាងត្បូង ក៏ដូចជា​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​បន្ត​មាន​សន្តិភាព និង​វិបុលភាព​។​
 
​លោក បៃ​ឌិន ក៏បាន​ប្រា​ប់លោក មូ​ន ផងដែរ​ថា លោក​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងត្បូង ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ភាគី​ទាំងសងខាង ក៏បាន​សន្យាថា នឹង​ជួបគ្នា​ដោយផ្ទាល់​ក្រោយពេល​លោក បៃ​ឌិន ចូលកាន់​ដំណែង​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​
 
​ក្នុងជំនួប​ជាមួយ​លោក ស៊ូ​ហ្កា ដែលមាន​រយៈពេល​១០​នាទី​វិញ ថ្នាក់ដឹកនាំ​ទាំង​២​លើកឡើង​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​គោ​លន​យោ​យ​បាយ​ការបរទេស​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ លោក បៃ​ឌិន ក៏​អះអាង​ផងដែរ​ថា​លោក នឹងធ្វើ​ការ​ជាមួយ​ជប៉ុន​ក្នុង​ការសម្រេច​ឲ្យ​បាន​នូវ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហរ​។ លោក ស៊ូ​ហ្កា អះអាងថា សម្ព័ន្ធភាព​ជាមួយ​អាមេរិក មាន​សារសំខាន់​ណាស់ ជាពិសេស​ក្នុង​បរិបទ​ដែល​បរិយាកាស​សន្តិសុខ​មាន​សភាព​កាន់តែ​លំបាក​ឡើង​។ ក្នុងន័យនេះ ជប៉ុន ចង់​សំដៅ​ទៅលើ​ការធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​ចិន ក៏ដូចជា​ការ​គំរាម​របស់​កូរ៉េខាងជើង​។​
 
​តប​ទៅនឹង​បញ្ហា​ប្រឈម​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​លើកឡើង លោក បៃ​ឌិន បញ្ជាក់​ជំហរ​ថា អាមេរិក​តាំងចិត្ត​ការពារ​សន្តិសុខ​ជប៉ុន និង​កោះ​សិន​កា​គុ (Senkaku) របស់​ជប៉ុន ដូចដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​កាលពី​ឆ្នាំ​១៩៦០​។ កោះ​សិន​កា​គុ ឬ​ទាវ​យូ​(Diaoyu)​ជា​ភាសា​ចិន ជាដើម​ចម​នៃ​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងកើត​រវាង​ចិន និង​ជប៉ុន​។​
 
​មិន​ខុស​អ្វី​ពី​ជប៉ុន និង​កូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ូ​រី​សុន ក៏​លើកឡើង​ផងដែរ​ពី​ចំណង​ការទូត និង​យោធា​រវាង​ប្រទេស​ទាំង​២​។ លោក ម៉ូ​រី​សុន ថែមទាំង​បានលើកឡើង​ថា​៖«​គ្មាន​សម្ព័ន្ធភាព ឬ​មិត្តភាព​ណា​ដែល​ធំធេង​ជាង​អាមេរិក និង​អូស្ត្រាលី​ឡើយ​»​។ 
 
​លោក ម៉ូ​រី​សុន លើកឡើង​ពី​ចំណង​យោធា​រវាង​អាមេរិក និង​អូស្ត្រាលី​ដែលមាន​អាយុ​៧០​ឆ្នាំ ដោយ​លើក​ពី​កិច្ចព្រមព្រៀង​អូស្ត្រាលី អាមេរិក និង​នូ​វែ​ល​សេ​ឡង់​ដែល​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩៥១​។ លោក​ម៉ូ​រី​សុន ក៏​រំពឹងថា លោក បៃ​ឌិន នឹងមាន​ជំហរ​រឹងមាំ​ដាក់​ចិន​ជាង​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ទៅទៀត​៕
 

Tag:
 អូស្ត្រាលី​
  ជប៉ុន​
  កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com