ជាតិ
រដ្ឋាភិបាល បន្ត​ចែក​ពូជស្រូវ កសិករ​នៅ​ខេត្តកំពង់ធំ​
13, Nov 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន​៦ ៦៥០​គ្រួសារ ក្នុង​ខេត្តកំពង់ធំ ទទួលបាន​ពូជស្រូវ​ពី​រដ្ឋាភិបាល ជាង​៦០​ម៉ឺន​តោន​។ តាម​រដ្ឋបាល​ខេត្តកំពង់ធំ ការចែក​ពូជស្រូវ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កីឡដ្ឋាន ខេត្តកំពង់ធំ ក្រោម​វត្តមាន លោក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេចនាយក​រដ្ឋមន្ត្រី​។ 


​រដ្ឋបាលខេត្ត​កំពង់ធំ បញ្ជាក់ទៀតថា ប្រជាកសិករ​ទូទាំង​ខេត្តកំពង់ធំ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងទៅ នឹង​ទទួលបាន​ពូជស្រូវ​ចំនួន​១០០​គីឡូក្រាម ក្នុង​មួយ​គ្រួសារ ដើម្បី​ស្តារ​ដំណាំ​កសិកម្ម​ឡើងវិញ ពិសេស​ដំណាំ​ស្រូវ​នេះ​។ 
 
​លោក ឃិន សុខា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​Thmeythmey25​ថា កន្លងមក​មាន​កសិក​រ​ជាង​៤​ម៉ឺន​គ្រួសារ​ហើយ​នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ បានទទួល​ពូជស្រូវ​ពី​រាជរដ្ឋាភិបាល​។ ហើយ​ចាប់​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ រាជរដ្ឋាភិបាល នឹង​បន្ត​ចែក​ពូជស្រូវ​ជូន​កសិករ​នៅ​ខេត្តក្រចេះ កំពង់ចាម និង​កំពង់ធំ​។ បណ្ដា​ខេត្ត​នានា ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក៏​នឹង​ទទួលបាន​ពូជស្រូវ​ជា​បន្តបន្ទាប់​ដែរ​។ នេះ​បើតាម  លោក ឃិន សុខា​។​
 
​កន្លងមក​ក្រសួងកសិកម្ម​ធ្លាប់​អះអាង​ប្រាប់ Thmeythmey25​ថា រដ្ឋាភិបាល​បាន​ត្រៀម ពូជស្រូវ ប្រមាណ ៤.៦​ពាន់​តោន និង​ពូជ​ដំណាំ​រួមផ្សំ ប្រមាណ​១៦​តោន ដើម្បី​ស្តារ​ដំណាំ​កសិកម្ម​ដែល​ខូចខាត​ដោយ​ទឹកជំនន់​ឡើងវិញ​។ 
 
​គួររំឭកថា រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផលប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់ មានដូចជា ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧ​ត្ត​រ​មានជ័យ ស្វាយរៀង មណ្ឌលគិរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​៕
 

Tag:
 កំពង់ធំ​
  ពូជស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com