កីឡាអន្តរជាតិ
អន្តរជាតិ
មេ IOC ទៅពិនិត្យ​ការរៀបចំ​អូឡាំពិក និង​ជឿ​ជប៉ុន​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ចូលរួ​ម​
13, Nov 2020 , 8:29 am        
រូបភាព
​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុង​តូ​ក្យូ​រយៈពេល​៣​ថ្ងៃ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យមើល​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ ដែល​ត្រូវបាន​ពន្យារ​ទៅ​ឆ្នាំ​២០២១​។ លោក Bach នៅតែ​គាំទ្រ​ឲ្យ​បន្ត​ដឹកនាំ​កីឡា​នេះ​បើ​ទោះ​នៅមាន COVID-19 ក្តី និង​ថែមទាំង​ជឿជាក់​លើ​ជប៉ុន​ក្នុងការ​ផ្តល់​សុវត្ថិភាព​ដល់​អ្នកចូលរួម​ទាំងអស់​។​




​ប្រធាន IOC បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​ថា លោក​នឹង​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​ចន្លោះ​ថ្ងៃ​ទី ១៥-១៨ ខែវិច្ឆិកា​។ ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ ស្តីពី​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ លោក Yoshihide Suga ជុំវិញ​កីឡា​អូឡាំពិក​នេះ​ ឬក៏​អត់​នោះទេ​។​
 
«​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​នេះ ​មាន​សារសំខាន់​ណាស់ ពីព្រោះ​យើង​កំពុង​ឈានដល់​ដំណាក់កាល​ដ៏​សំខាន់​មួយ ​ជាមួយ​វិធានការ​​ប្រឆាំង COVID-19 ដើម្បី​ធានា​លើ​ដំណើរការ​អូឡាំពិក​ ដែល​ត្រូវធ្វើ​នៅ​ឆ្នាំក្រោយ​។ ខ្ញុំ​សង្ឃឹមថា​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ យើង​អាច​ផ្តល់​ទំនុកចិត្ត​ថែមទៀត​ ដល់​អ្នកចូលរួម​ទាំងអស់ អំពី​បរិស្ថាន​ដែលមាន​សុវត្ថិភាព​ ដែល​ពួកគេ​នឹង​បានឃើញ​ក្នុង​រយៈពេល​ប្រហែល ៩ ខែ ​ចាប់ពីពេលនេះ​តទៅ​»​។ លោក Bach អះអាង​ដូច្នេះ តាមរយៈ​ការចុះផ្សាយ​ របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
IOC និង​ម្ចាស់ផ្ទះ​ជប៉ុន​ បានសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​ ក្នុងការ​ពន្យារ​ពេលធ្វើ​អូឡាំពិក ​រយៈពេល​មួយឆ្នាំ​កាលពី​ខែមីនា ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ដែល​បានសម្លាប់​មនុស្ស​ជាង​មួយ​លាន​នាក់ ​ជុំវិញ​ពិភពលោក​។ ព្រឹត្តិការណ៍​កីឡា​ធំជាងគេ​លើ​លោក​នេះ នឹងត្រូវ​ប្តូរ​ទៅធ្វើ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១​។​
 
​ប្រធាន IOC សញ្ជាតិ​អាល្លឺម៉ង់ បន្ថែមថា​អ្នកចូលរួម​ទស្សនា ឬ​ភ្ញៀវ​អន្តរជាតិ ​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ខែកក្កដា​ និង​សីហា​ ដោយ​ទំនុកចិត្ត ខណៈ​ជប៉ុន​នឹង​រៀបចំ​ឲ្យ​មាន​សុវត្ថិភាព នៅ​គ្រប់​ទីតាំង​ប្រកួត​ទាំងអស់​៕​

Tag:
 IOC
  Olympic
  Thomas Bach
© រក្សាសិទ្ធិដោយ thmeythmey.com